អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កម្ពុជា​និង​កូរ៉េ ​ប្តេជ្ញា​ពង្រីក​ទីផ្សារ​កសិកម្ម ​និង​បញ្ហា​ជា​ច្រើន​ទៀត ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក មួន ចេអ៊ីន ​មក​កម្ពុជា​

នៅក្នុងដំណើរទស្សនៈកិច្ច​របស់ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ចេអ៊ីន មក​កម្ពុជា ក្នុងថ្ងៃទី២នេះ មានកិច្ចព្រមព្រៀងចំនួន៥ត្រូវបានចុះ​ហត្ថលេខា​ដោយ​សមភាគីទាំងពីរ។ ក្រៅពីកិច្ចព្រមព្រៀងដែល​ភាគច្រើន​ផ្តោត​លើការវិនិយោគ នោះ កម្ពុជា និង​កូរ៉េក៏បានពិភាក្សាគ្នាពីការបញ្ជួនពលករខ្មែរ​ទៅកាន់ប្រទេសនេះបន្តទៀត និង​បញ្ហា​ភ្ញៀវទេសចរណ៍របស់កូរ៉េមកកម្ពុជាផងដែរ។ 

លោក ហ៊ុន សែន និង លោក មូន ចេអ៊ីន
លោក ហ៊ុន សែន និង លោក មូន ចេអ៊ីន @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក មូន ចេអ៊ីន នៅ​ប៉ុន្មាន​នាទី​មុន​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ គឺ​កិច្ច​សម្រប​សម្រួល​ក្រប​ខណ្ឌ ស្ដី​ពី​ការ​ផ្ដល់​ឥណទាន​សម្ប​ទាន នៃ​មូល​និធិ​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សម្រាប់​ឆ្នាំ ២០១៩ -២០២៣ ។ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដី​ពី​គម្រោង​ផ្គត់​ផ្គង់​ថាម​ពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។ កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​សម្ប​ទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​។ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​រវាង​ទីភ្នាក់​ងារ​ជំរុញ​វិនិ​យោគ​ពាណិ​ជ្ជក​ម្មកូរ៉េ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​សម្រួល​ការ​វិនិយោគ​ពី​កូរ៉េ ។ និង​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រាជ​បណ្ឌិត​សភា​កម្ពុជា និង​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​ជាតិ សម្រាប់​សេដ្ឋ​កិច្ច មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ នៃ​សាធារណ​រដ្ឋ​កូរ៉េ​។

​នៅចំពោះមុខប្រមុខ​រដ្ឋកូរ៉េ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ភាគីទាំងពីរក៏បាន​ជំរុញឲ្យ​បើក​ទី​ផ្សារកសិកម្មទ្វេរភាគីឲ្យកាន់តែទូលាយថែមទៀត ព្រមទាំងពិភាក្សាពីការបញ្ជួនពលករខ្មែរទៅ​កូរ៉េ និង​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍កូរ៉េមកម្ពុជាជាដើម។

គិត​ចាប់​ពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ​២០១៨​កន្លង​មក​នេះ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-កូរ៉េ​ខាង​ត្បូង បាន​កើន​ឡើង​ពី ៦០២,៦៨២ លាន​ដុល្លារ ដល់​៧៤៦,៣៨៥​លាន​ដុល្លារ​។ ក្រៅ​ពី​នេះ ទំហំ​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​កម្ពុជា​មាន​ចំនួន​២១៤​គម្រោង​ជាមួយ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤.៤៧​ពាន់​លាន​ដុល្លារ គិត​ចាប់​ពី​ឆ្នាំ​១៩៩៦ ដល់​ខែ​មករា​ឆ្នាំ​២០១៩​។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​​នៅ​កម្ពុជា លោក មួន ចេអ៊ីន បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ដោយគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងចូលរួមលៀងសាយភោជយ៍នៅ​ព្រះ​បរមរាជវាំង នៅល្ងាចថ្ងៃសុក្រនេះ។ ​បន្ទាប់​មក លោក និងភរិយា ​នឹងទៅទស្សនាប្រាសាទអង្គរវត្ត មុនពេល​ត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ