អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន៖ កម្ពុជា​បាន​សហការ​យ៉ាង​ល្អ​ជា​ទី​បំផុត​ជាមួយ​នឹង​ភ្នាក់ងារ​UN​

នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាង​ល្អ​ជា​ទីបំផុត​ជា​មួយ​នឹង​ភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​។ ជា​ការ​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ។ 

ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី អាមីដា សាល់សៃ អាលីហ្សាបាណា
ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី អាមីដា សាល់សៃ អាលីហ្សាបាណា @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជា​មួយ​លោក​ស្រី អាមីដា សាល់សៃ អាលីហ្សា​បាណា (Armida Salsiah Alisjahbana) អគ្គ​លេខាធិការរង នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការ​សហ​ប្រជា​ជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) ​បញ្ជាក់​ថា មិន​មាន​ប្រទេស​ច្រើន​ទេ ដែល​បង្កើត​គណៈកម្មការ​ជាតិ សម្រាប់​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​នឹង UN-ESCAP ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ កម្ពុជា​បាន​សហការ​យ៉ាង​ល្អ​ជាទី​បំផុត​ជា​មួយ​នឹង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​។ លោក​ហ៊ុន​សែន​អះអាង​ថា​ជា​រៀងរាល់​ឆ្នាំ តែង​តែ​មាន​កិច្ច​ប្រជុំ​រវាង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំង​អស់ ជា​មួយ​នឹង​នាយក​រដ្ឋ​មន្ត្រី ហើយ​ព្រឹត្តិការណ៍​រវាង​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ និង​លោក​នាយករដ្ឋ​មន្ត្រី​នេះ គឺ​ធ្វើ​យ៉ាង​ណា​សហការ និង​ជំរុញ​នូវ​ប្រសិទ្ធ​ភាព​ការងារ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

 

លោកស្រី អាមីដា បាន​ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការ​សហ​ប្រជា​ជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) ទទួល​ស្គាល់​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។

 

វិទ្យុបារាំង​អន្តរជាតិ​មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ។​ ប៉ុន្តែ​លោក​ស្រី ផូលីន ថា​ម៉េស៊ីស ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​ធ្វីតធឺ​ថា​ទស្សនៈ​កិច្ច​របស់​លោក​ស្រី អាមីដា នា​ពេល​នេះ​គឺ​ធ្វើ​ឡើង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​ជា​មួយ​ប្រទេស​កម្ពុជា ដើម្បី​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​។

 

សូម​ជម្រាប​ជូន​ថា​នេះ​គឺ​ជា​ដំណើរ​ទស្សនៈ​កិច្ច​លើកទី​១​របស់​លោក​ស្រី អាមីដា សាល់សៃ អាលីហ្សា​បាណាមក​កាន់​កម្ពុជា​ក្នុង​នាម​ជា​អគ្គលេខាធិការរង នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​។ តាម​រយៈដំណើរ​ទស្សនៈ​កិច្ច​នេះ លោក​ស្រី​បាន​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ផង​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ