អានតួអត្ថបទ
កម្ពុជា-នយោបាយ

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ប្តេជ្ញា​​ផ្តល់ និង​​ពិគ្រោះ​យោបល់​ ដើម្បី​​កែ​ប្រែ​សង្គម ខណៈ​​អ្នក​​នយោ​បាយ​​នៃ​​អតីត​បក្ស​ប្រឆាំង​​គ្មាន​​ជំនឿ​

នៅ​ទី​បំផុត​ប្រធាន និង​អនុប្រធាន នៃ​គណបក្ស​ចំនួន​១៦ ទទួល​បាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​ផ្លូវ​ការ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៦​កញ្ញា​ម្សិលមិញ ក្នុង​ឋានៈ​ជា​សមាជិកឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។ ការ​តែង​តាំង និង​ផ្តល់​ឋានៈ​ស្មើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​នា​ពេល​នេះ ធ្វើ​ឲ្យ​សមាជិកឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មាន​សុទិដ្ឋនិយម​ថា ពួក​គេ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​រួម​កែ​ប្រែសង្គម ខណៈ​អ្នក​នយោបាយ នៃ​អតីត​ប្រឆាំង គ្មាន​ជំនឿ​ទាល់​តែ​សោះ លើ​ប្រសិទ្ធ​ភាពការងារ​របស់​ពួក​គេ។ 

លោក ហ៊ុន សែន ក្នុងពេលប្រជុំ
លោក ហ៊ុន សែន ក្នុងពេលប្រជុំ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា ម្សិល​មិញ​គឺ​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មាន​ចំនួន​៣០​នាក់។ ក្នុងនោះ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន​១៥​នាក់ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី ខណៈ​អនុប្រ​ធាន​គណបក្ស ឬ​អគ្គ​លេខាធិការ​បក្ស ១៥​នាក់​ផ្សេង​ទៀត មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ទោះ​ជា​ទទួល​បាន​ងារ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី និង ស្មើ​រដ្ឋមន្ត្រី យ៉ាង​ណា​ក៏​ដោយ គេ​នៅមិន​ទាន់​មាន​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ ប្រាក់​បៀ​វត្សរ៍ ដែល​គេ​ទទួលបាន និង​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​នៅ​ឡើយ ក្នុង​ការ​ចូល​រួម​បំរើ​ជាតិ​ជាមួយ​រដ្ឋាភិបាលអាណត្តិ​ថ្មី។

យ៉ាង​ណា​មិញ​គេ​ដឹង​រួច​ហើយ​ថា សមាជិកឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់ មាន​នាទី​ផ្តួច​ផ្តើម​គំនិត ឬ​ផ្តល់​មតិ ទាក់ទងទៅនឹង ​ការ​រៀប​ចំ​គោល​នយោបាយ ដល់​​រដ្ឋាភិបាល, ចូល​រួម​ផ្តល់​យោបល់​ដល់​សេចក្តី​ព្រាង​ច្បាប់, និងធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា ​ត​តាំងនឹង​ច្បាប់​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា និង​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថែម​ទៀត។ ​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ បាន​លើក​ឡើង​តាម​បណ្ដាញសង្គម​ហ្វេសបុក​ថា ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់នេះ គឺ យកតាម​គំរូ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន។

ដោយឡែក លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន និង​ជា​សមាជិក ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់ បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​នៅ​ក្នុង​ការ​បំពេញ​ការងារ​ថ្មីនេះ​តាម​រយៈ​ការ​ចូល​រួម​រិះ​គន់ ក្នុង​ន័យ​ស្ថាបនា និង​តាម​ដាន​សកម្មភាព​មន្ត្រី​រដ្ឋាភិបាល​ ដែល​ប្រព្រឹត្ត​អំណាច​ផ្ដាច់​ការ។ បើ​តាម​លោក ពេជ្រ ស្រស់ គេ​មិន​គួរ​ប្រញាប់​វាយតម្លៃ​មុន​ការងារ មិន​ទាន់​មក​ដល់​ឡើយ។ ការ​លើក​ឡើង​របស់​លោក ពេជ្រ ស្រស់ បែបនេះ​ឆ្លើយ​តប​នឹង​ការ​រិះគន់ ដែល​ថា សមាជិកឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់​បង្កើត​ឡើង​គ្រាន់​តែ​ជា​ការ​ល្អ​មើល​ថា កម្ពុជា​មាន​ការ​ឯកភាព​ជាតិ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អ្នក​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បាន​លើកឡើង​ថា ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់ ប្រៀប​ដូច​ជា​បន្ថែម​បន្ទុកដល់​ពលរដ្ឋ​ក្នុងកា​រ​បង់​ពន្ធ​ជូន​រដ្ឋ។ ហ៊ាន​ថា ដូច្នេះ​ដោយ​សារ​តែ​រដ្ឋ ត្រូវ​ការ​ប្រាក់​ខែ ដើម្បី​បើក​ជូន​សមា​ជិក ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់។ បើតាម​លោក អ៊ូ ច័ន្ទរ័ត្ន សមាភាព​នេះ​មិន​មាន​ប្រសិទ្ធ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស្ដាប់​ឡើយ​ ព្រោះ​ថា អតីតកាល សមា​ជិកស​ភា​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​៥៥​នាក់ មាន​យោបល់​ទៅ រដ្ឋាភិបាល មិន​ដែល​ខ្វល់​ផង។ នេះ​បើតាម លោក អ៊ូ ច័ន្ទរ័ត្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ