អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ព្រមាន​ទៅ​អ្នក​វិភាគ​ឲ្យ​ត្រៀម​ក្តារ​មឈូស ជុំវិញ​អត្ថាធិប្បាយ​របស់​ខ្លួន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​តស៊ូ​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរ​ក្រហម កាល​ពី​៤០​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​ក្នុង​វេទិកា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ទៅ​ដល់​អ្នក​វិភាគ​ឲ្យ​ត្រៀម​ក្តារមឈូស​ជុំវិញ​ការ​អត្ថាធិប្បាយ​នានា ដែល​លោក​នាយក​រដ្ឋមន្រ្តី ចាត់​ទុក​ថា អាច​បង្ក​ទៅ​ជា​សង្រ្គាម។ ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ព្រមាន​ឲ្យ​អ្នក​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​បដិវត្តន៍​ពណ៌​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់។

លោកហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​​កម្ពុជា​កាល​ពី​៤០​ឆ្នាំ​មុន។
លោកហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​​កម្ពុជា​កាល​ពី​៤០​ឆ្នាំ​មុន។
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អត្ថាធិប្បាយ​របស់​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ជុំវិញ​វោហាសាស្រ្ត​នៃ​សង្រ្គាម​ស៊ីវិល ដែល​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថ្មីៗ​នោះ​ថា ទំនង​ជា​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​នៅ​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា សង្រ្គាម​អាច​កើត​មាន​មែន តែ​កើត​ចេញ​ពី​អណ្តាត​របស់​ក្រុម​អ្នក​វិភាគ​នោះ​តែ​ម្តង។

ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​យោធា​ក្នុង​នាម​ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​នេះ លោក ហ៊ុន សែន ​ក៏​បាន​ប្រកាស​នៅ​ចំពោះ​មុខ​មេទ័ព​សំខាន់ៗ​របស់​លោក​ថា ក្នុង​តម្លៃ​ណា​ក៏​ដោយ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ក្តាប់​ឲ្យ​ជាប់ នឹង​កម្ចាត់​ចោល​ជន​ណា​ក៏​ដោយ ក្នុង​ចំណោម​អ្នក​១០០​ឬ​២០០​នាក់ ដែល​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព។ លោក​នាយក​រដ្ឋមន្រ្តី បាន​បញ្ជាក់​ថា កងទ័ព​គឺ​ដើម្បី​ការពារ​រាជរដ្ឋាភិបាល​កម្ពុជា រាជ​បល្ល័ង្ក និង​សន្តិភាព ហើយ​ថា កង​ទ័ព​មិន​មែន​សម្រាប់​លម្អ​ទីក្រុង​នោះ​ទេ។ លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​អំពានាវ​ឲ្យ​អ្នក​ដែល​មាន​បំណង​ធ្វើ​បដិវត្ត​ពណ៌​ប្រញាប់​ដក​ខ្លួន​ចេញ​ភ្លាម បើ​មិន​ដូច្នេះ​ទេ ពួក​គេ​ទាំង​នោះ នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​អ្នក​ទាំង​១០០ ឬ​២០០​នាក់​ដែល​ត្រូវ​កំចាត់​ចោល។

ជុំវិញ​ការ​ព្រមាន​នេះ​ ត្រូវ​បាន​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​នានា។

គួរ​ជំរាប​ជូន​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ មិថុនា នេះ បាន​រំលឹក​ឡើង​វិញ នូវ​ទីតាំង​សំខាន់ៗ​ចំនួន​៧ ដែល​ជា​ទីតាំង​នៃ​អនុស្សាវរីយ៍​របស់​លោក និង​យុទ្ធមិត្ត​៤​នាក់​ទៀត រួម​មាន លោក នុច ថន, លោក ញឹក ហ៊ួន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន ដែល​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ជិត​ខាង​នេះ ឲ្យ​ជួយ​វាយ​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩។ ក្នុង​ចំណោម​ទីតាំង​ទាំង​៧​កន្លែង​នោះ មាន​២​កន្លែង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​៥​កន្លែង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ