អានតួអត្ថបទ
កម្ពុជា-សង្គម

លោក វង្ស ពិសេន ក្លាយជាមេបញ្ជាការកងទ័ពកំពូល ខណៈលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក

នាយ​ទាហាន​៣​រូប ​ក្នុង​នោះ​​មាន​កូន​ប្រុស​​ច្បង​​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ​គឺ​លោក​ ហ៊ុន ម៉ា​ណែ​ត ​ត្រូវ​បាន​ព្រះ​មហាក្សត្រ ​នៅ​ថ្ងៃ​ទី​​៦​​កញ្ញា​​​​នេះ ​តែងតាំង ​និង​​តម្លើង​ឋានន្តរ​ស័ក្តិ ​ជា​មេទ័ព​ជាន់​ខ្ពស់​​នៃ​កង​យោធពល​ខេមរភូមិន្ទ​។ ការ​តែងតាំង ​និង​តម្លើង​ ​ឋា​នន្តរ​​ស័ក្តិ​​នេះ ​ធ្វើ​ឡើង​​បន្ទាប់​ពី​លោក ​ហ៊ុន សែន ​បាន​ធ្វើ​ការ​ស្នើ​សុំ​ដល់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​នេះ​​ដែរ ​​ដោយ​យោង​ទៅ​លើ​ភាព​ចាំបាច់ ​ផ្អែក​លើ​ស្នាដៃ ​និង​បទ​ពិសោធន៍ ​ក្នុង​ការ​បំរើ​ជាតិ​កន្លង​មក​។ 

លោក ហ៊ុន ម៉ាណែត និងនាយទាហាន២រូបទៀត
លោក ហ៊ុន ម៉ាណែត និងនាយទាហាន២រូបទៀត @សហការី
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្រាប​បង្គុំ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ​ដើម្បី ​ត្រាស់​បង្គាប់​តែង​តាំង ​និង​តម្លើង​ឋានន្ដរស័ក្ដិ ​ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​៣​រូប ​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ ​ព្រះ​ករុណា ​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​បាន ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​ភ្លាម​ៗ​ដែរ ​តែង​តាំង ​និង​ដំឡើង​ឋានន្ដរស័ក្ដិ ​នាយ​ទាហាន​ជាន់ខ្ពស់​​ទាំង​៣ ​ជា​ថ្នាក់​ដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ ​តាម​ការ​ស្នើ​សុំ​របស់​ប្រមុខ​រដ្ឋាភិបាល​។

នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​នេះ ​ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់ ​តែងតាំង ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​វង្ស ពិ​សេន ​ជា​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​តម្លើង​​ឋា​នន្ត​រ​ស័ក្តិ​​ថ្នាក់​នាយក​ឧ​ត្ត​ម​សេនីយ៍​។ ​លោក ​វង្ស ពិ​សេន ​កន្លង​មក​គឺ​ជា​មេបញ្ជាការរង និង​ជា​នាយ​សេនាធិការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដែល​អង្គភាព​នេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​សៅ សុខា ​ជា​អ្នក​គ្រប់គ្រង​។

នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​ដែរ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ឥត សារ៉ាត់ ​ដែល​ជា​អគ្គ​មេបញ្ជាការ​រង ​នៃ​កងយោធពល​ខេមរភូមិន្ទ ​ក៏​ត្រូវ​បាន​តែង​តាំង​ជា​នាយ​សេនាធិការ​ចំរុះ​កងទ័ព ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ ​ជាមួយគ្នា​នេះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​បាន​កាន់​តំណែង​មួយ​ចំនួន​ក្នុង​ជួរ​កងទ័ព​ រួមមាន​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ជាតិ ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ​ជាដើម ​ពេល​នេះ​ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ​បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន​។

សូម​រំលឹក​ថា ​តំណែង​ថ្នាក់​ដឹក​នាំ​កងទ័ព​កំពូល​ៗ​ទាំង​បី ​ខាង​លើ​ត្រូវ​បាន​ទំនេរ ​បន្ទាប់ពី​មេទ័ពកំពូល​៣​រូប ​បាន​ចាក​ចេញ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ​កាល​ពី​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​។ ​មេទ័ព​ទាំង​នោះ​រួម​មាន ​លោក ​ប៉ុល សារឿន ​អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ លោក ​គន់ គីម ​អតីត​នាយ​សេនាធិការ​ចំរុះ​កងទ័ព ​និង​លោក​ មាស សុភា ​អតីត​មេបញ្ជាការ​កងទ័ព​ជើងគោក​។ ​អតីត​មេបញ្ជាការ​កងទ័ព​កំពូល​ទាំង​៣​រូប ​ពេលនេះ​ត្រូវ​បាន​​រដ្ឋាភិបាល​​អាណត្តិ ​ដែល​​ទើប​​តែ​​បង្កើត​ឡើង​នៅ​ថ្ងៃ​នេះ​ដែរ ​តែង​តាំង​ជា​ទេសរដ្ឋមន្ត្រី ​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ