rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ជប៉ុន នយោបាយ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅ​ជប៉ុន កូន​ប្រុស​ច្បង​លោក​ហ៊ុន សែន និយាយ​រឿង​បោះ​ឆ្នោត​ជាមួយ​លោកស៊ីនហ្សូ អាបេ

media
លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ នៅ​ប្រទេស​ជប៉ុន ថ្ងៃ​ទី​២៦ មេសា ២០១៨ Hun Manet

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ពេល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក​ថា លោក ស៊ីនហ្សូ អាបេ បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោតនៅ​កម្ពុជា​។ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​។


តាម​រយៈ​សំណេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា នាយករដ្ឋ​មន្ដ្រី​ជប៉ុន មាន​ជំហរ​បន្ត​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ បន្ថែម​ពី​លើ​នោះ លោក​នាយករដ្ឋ​មន្ដ្រី ស៊ី​នហ្សូ អាបេ ក៏​បាន​ផ្ដល់​យោបល់​មួយ​ចំនួនដល់​កម្ពុជាសម្រាប់​ជា​ការ​ពិចារណា ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​ការ​បោះ​ឆ្នោតក្នុង​ខែ​កក្កដា ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ឆ្លុះ​បញ្ចាំង​អំពីឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​លោក ហ៊ុន ម៉ាណែត​។

សូម​ជម្រាប​ថា ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ រដ្ឋាភិបាល​ជប៉ុន បាន​អញ្ជើញ​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៩​ខែ​មេសា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី ក្រោម​កម្មវិធី​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​កម្រិត​អ្នក​អនុវត្ត​។

ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​ជប៉ុន​នេះ​ដែរ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប រាប់​តាំង​ពី ​អនុ​រដ្ឋ​មន្ដ្រី​ការ​បរទេស​ជប៉ុន លោក Kazuyuki Nakane, អតីត​ប្រមុខ​ការទូត​អ៊ុនតាក់ លោក Yasushi Akashi, និង​ក្រុម​សមាជិក​អន្ដរសភា​មិត្តភាព​ជប៉ុនជា​ដើម​។

នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​សមាជិក​អន្ដរសភា​មិត្តភាព​ជប៉ុន កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី​បញ្ហា​នានា​ដែល​កើត​មាន​កន្លង​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បញ្ហា​ដែល​កើត​ឡើង​កន្លង​មកត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ពន្យល់​ប្រាប់​​ថា វា​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ស្ថិរភាព និង​សន្តិសុខសណ្ដាប់​ធ្នាប់ ដែល​ជា​គ្រឹះ​នៃ​សន្តិភាព​និង​ការ​អភិវឌ្ឍ ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​ប្រកាន់​យក បើ​តាម​លោក ហ៊ុន ម៉ាណែត គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ​។

ជា​ការកត់​សម្គាល់ ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ក៏​ជាសំណុំ​រឿង​សំខាន់​របស់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ នៅ​ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដែរ​។ លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ ហើយ​បាន​ជួប​សន្ទនា​ជាមួយ​សមាជិក​សភា​ជប៉ុន ក្នុង​បំណង​ស្នើ​សុំ​ឲ្យ​ពួក​គេធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា​។ សម្រាប់​លោក សម រង្ស៊ី គឺ​មាន​តែ​ប្រទេស​ជប៉ុន​ទេ ​ដែល​អាច​បញ្ចុះបញ្ចូល​ឲ្យ​លោក​ហ៊ុន សែន ​រៀបចំ​ការបោះឆ្នោត​នា​ខាងមុខ តាម​បែប​ប្រជាធិបតេយ្យពិត​ប្រាកដ​បាន​៕