rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ​ហ៊ុន​ សែន​ ចេញ​មុខគាំ​ទ្រ​​កូន​ប្រុស​ច្បង​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់ ​លោក ​សម​ រង្ស៊ី​

media
លោក ហ៊ុន ម៉ាណែត @ Hun Manet

នៅ​ទី​បំផុត​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន​ បាន​ចេញ​មក​ការ​ពារ​កូន​ប្រុស​ច្បង​របស់​លោក​ ក្រោយ​ពី​លោក សម រង្ស៊ី បាន​បរិហារិ៍​ដោយ​ប្រៀប​ប្រ​ដូច​សញ្ញា​បណ្ឌិត​យោធា​របស់​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក​នោះថា​ជា​សញ្ញា​បត្រ​ការ​ទូត​ ឬ​សញ្ញាបត្រ​ក្លែង​ក្លាយ​។​ ចំណែក​ លោក ហ៊ុន ម៉ាណែត ក៏​បាន​បបួល​លោក សម រង្ស៊ី ភ្នាល់​គ្នា ដោយ​ដាក់​លក្ខខណ្ឌ​ថា​ ប្រសិន​បើ​លោក សម រង្ស៊ី លើក​ឡើង​ជា​ការ​ពិត​ លោក​សុខ​ចិត្ត​លា​ឈប់​ពី​កង​ទ័ព​ តែ​ប្រសិន​បើ​មិន​មែន​ជា​ការ​ពិត​ទេ គឺ​លោក សម រង្ស៊ី ត្រូវ​ឈប់​ធ្វើ​នយោបាយ​។


ដោយ​ភ្ជាប់​នឹង​សំណេរ​ទាំង​ស្រុង​របស់​លោក ហ៊ុន ម៉ាណែត លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​តប​នឹង​លោក សម រង្ស៊ី ឡើយ​។​ ប៉ុន្តែ​លោក ហ៊ុន សែន គ្រាន់​តែ​សរសេរ​ថា​«
ដល់​​វេន​កូន​ចេញ​វាយ​បង្រ្កាប​ចោរ​ក្បត់​ជាតិ​នេះ​ហើយ​ព្រោះ​គេ​ជា​អ្នក​ចេញ​វាយ​កូន​មុន​»។

សូម​បញ្ជាក់​ថា ការ​ចេញ​មុខ​មក​ការ​ពារ​កូន​ប្រុស​ច្បង​របស់​លោក​បែប​នេះ គឺ​ក្រោយ​ពី លោក សម រង្ស៊ី បាន​បរិហារិ៍​ដោយ​ប្រៀប​ប្រ​ដូច​សញ្ញា​បណ្ឌិត​យោធា​របស់​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិកនោះ​ថា ជា​សញ្ញាបត្រ​ការ​ទូត ឬ​សញ្ញាបត្រ​ក្លែង​ក្លាយ​។

លោក សម រង្ស៊ី អះអាងថា នៅ​សហរដ្ឋ​អាមេរិក​មាន​សញ្ញាបត្រ​ពីរ​ប្រភេទ​ដែល​ផ្តល់​ឲ្យ​និស្សិត​រៀន​ចប់​ពី​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point​។ សញ្ញាបត្រ​ប្រភេទ​ទី១ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​អាមេកាំង​ប្រឡង​ចូល​ដោយ​តឹង​តែង​។ ចំណែក​សញ្ញាបត្រ​ប្រភេទ​ទី​២ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​បរទេស​ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ក្នុង​ន័យ​ការ​ទូត​តែ​ប៉ុណ្ណោះ ហើយ​លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន ម៉ាណែត ទទួល​បាន​សញ្ញាបត្រ​ប្រភេទ​ទី​២​នេះ។

ក៏ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ថា​ជា​ការ​វាយ​ប្រហារ​ជាសាធារណៈ​មក​លើ​រូប​លោក​។ ដើម្បី​ការ​ពារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន លោក ហ៊ុន ម៉ាណែត​ បាន​បបួល​លោក សម រង្សី ភ្នាល់​គ្នា​ដោយ​ដាក់​លក្ខខណ្ឌថា៖

បើសិនជា​សាលា​បណ្ឌិត​សភាយោធា​សហរដ្ឋអាមេរិក West Point ផ្ដល់​សញ្ញាបត្រ​ប្រភេទ​ទី២ ឬ​សញ្ញា​បត្រ​ក្លែង​ក្លាយ​មែន នោះលោក ហ៊ុន ម៉ាណែត នឹង​លាលែង​តួនាទី​ទាំង​អស់​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀង​រហូត​។ ចំណែក​ លក្ខខណ្ឌ​ទី​២ លោក ហ៊ុន ម៉ាណែត បានកំណត់​ថាបើ​លោក សម រង្ស៊ី មិន​អាច​បង្ហាញ​ថា សាលា West Point មាន​សញ្ញាបត្រ​ពីរ​ប្រភេទ​ដែល​មាន​តម្លៃ​ខុសគ្នា ដោយ​មួយ​ប្រភេទ​មាន​តម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត​យោធា​អាមេរិក និង​មួយ​ប្រភេទ​ទៀត​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬសញ្ញាបត្រ​ការ​ទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស​គឺ​ លោក សម រង្ស៊ី ត្រូវ​លាឈប់​ពី​នយោបាយ​ជា​រៀង​រហូត​។

យ៉ាង​ណា​ក៏​ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី នៅ​ឡើយ​៕