អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន រុញ​ឲ្យ​ប្រធានាធិបតី​បារាំង​ពិនិត្យ​ករណី​ដែល​លោក សម រង្ស៊ី ថា​មាន​គេ​តាម​ធ្វើ​ឃាត

ប្រមុខ​បក្ស​កាន់​អំណាច​របស់​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​លោក​ សម រង្ស៊ី ដែល​បាន​ចោទ​ថា លោក ហ៊ុន សែន បាន​ជួល​ឃាតករ​ឲ្យ​តាម​សម្លាប់​រូប​លោក​នៅ​ឯ​ប្រទេស​បារាំង។ បើ​តាម លោក ហ៊ុន សែន លោក​មិន​ហ៊ាន​នឹង​សម្លាប់​សត្វ​មាន់​ផង តើ​ធ្វើ​ម្តេច​លោក​អាច​ទៅ​ជួល​ឃាតករ​ឲ្យ​សម្លាប់​មនុស្ស​បាន។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​ប្រកាស​ទុក​លទ្ធភាព​ឲ្យ លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង ជា​អ្នក​ពិនិត្យ​លើ​សំណុំ​រឿង​មួយ​នេះ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ដោយ​ទុក​លទ្ធភាព​ឲ្យ លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង​ជា​អ្នក​ពិនិត្យ​លើ​សំណុំ​រឿង​នេះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ពី​ករណី​សម្លាប់ បណ្ឌិត កែម ឡី នៅ​កម្ពុជា។ លោក​ប្រមុខ​បក្ស​កាន់​អំណាច បាន​ចោទ​សួរ​ម្តង​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​បាន​ផល​ចំណេញ​ពី​ឃាតកម្ម​មួយ​នេះ? ហើយ​លោក​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​គ្មាន​ផល​ចំណេញ​អ្វី​ពី​ឃាតកម្ម​នេះ​ឡើយ។

សម្រាប់​ករណី​ដែល លោក​សម រង្ស៊ី បាន​ចោទ​ថា លោក ហ៊ុន សែន បាន​ជួល​ឃាតករ​ឲ្យ​តាម​សម្លាប់​លោក​នៅ​ប្រទេស​បារាំង​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ទុក​លទ្ធភាព​ឲ្យ លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង ជា​អ្នក​ពិនិត្យ​លើ​សំណុំ​រឿង​មួយ​នេះ។ យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ឆ្លើយ​តប​មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ខ្លួន​មិន​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​លើ​រឿង​នេះ។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃទី១០​ខែ​សីហា លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​លោក ​ហ៊ុន សែន​ បាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​បារាំង។ ​បើតាម លោក​សម រង្ស៊ី ​រូប​លោក​គឺជា​បន្លា​ធំ​ជាង​គេ​នៅ​ក្នុង​កែវ​ភ្នែក​របស់​លោក ​ហ៊ុន សែន ទើប​ធ្វើ​ឲ្យ​លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ​ជួល​ឃាតករ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​បែប​នេះ។

លោក​ សម រង្ស៊ី ក៏​បាន​រំលឹក​ផង​ដែរ​ថា គឺ​កាល​ពី​៤-៥​ខែ​មុន លោក ​ហ៊ុន សែន​បាន​និយាយ​ជា​សាធារណៈ​ថា គាត់​នឹង​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​ឲ្យ​ទៅ​ចាប់​រូប​លោក​នៅ​ឯ​បរទេស​ហើយ​បញ្ជូន​លោក​ទាំង​បង្ខំ និង​ទាំង​លួច​លាក់​មក​កាន់​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី បាន​អះ​អាង​ថា នៅ​ពេល​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​កំពុង​ជួប​ភាព​ទាល់​ច្រក​នយោបាយ រក​ដំណោះ​ស្រាយ​មិន​ចេញ ទើប​លោក​នាយក​រដ្ឋមន្រ្តី​សម្រេច​ជួល​ឃាតករ​ឲ្យ​សម្លាប់​រូប​លោក​តែ​ម្តង។ ក៏​ប៉ុន្តែ​លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បាន​បំភ្លឺ​​ថា ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី​នេះ​គឺ​គ្រាន់​តែ​ចង់​លើក​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ