អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង ក្រោយ​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​កាន់​សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ឲ្យ​បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ពី​ប្រទេស​កម្ពុជា។ តាម​រយៈ​ប្រសាសន៍​របស់​ប្រមុខ​បក្ស​កាន់​អំណាច ដែល​គេ​អះអាង​ថា ជា​ការ​បែក​ធ្លាយ​ស្តី​ពី “យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ” នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចាត់​ទុក​ថា បញ្ហា​របស់​កម្ពុជា​ពេល​នេះ មិន​មែន​បញ្ចប់​ត្រឹម​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

សារ​បែក​ធ្លាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សមាជិក​-​សមាជិការ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​មួយ​ទ្វេ​ជា​ពីរ ដោយ​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ សារ​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​គេ​អះអាង​ថា បាន​បែក​ធ្លាយ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កា​រទប់​ស្កាត់ ការ​ប្រមូល​កម្លាំង​ឡើង​វិញ នៃ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គ្រោះ​ថ្នាក់​របស់​គណបក្ស​កាន់​អំណាច​នា​ពេល​អនាគត។

គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​សារ​បែក​ធ្លាយ​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តី​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា។ សារ​នេះ​ ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​នៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា។

បើ​តាម​សារ​អំពាវនាវ ប្រមាណ​ជា​១៥​នាទី​នេះ ប្រមុខ​បក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា បញ្ហា​សំខាន់​របស់​កម្ពុជា​នៅ​ពេល​នេះ មិន​មែន​កត្តា​កំណត់​ពី​ខាង​ក្រៅ (ប្រទេស) នោះ​ទេ តែ​ជា​កត្តា​កំណត់​នៅ​ក្នុង​ប្រទេស​ឯណេះ​ទៅ​វិញ​ទេ។ មាន​ន័យ​ថា សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់ ត្រូវ​បង្កើន​សកម្មភាព​ចុះ​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​យក​ចិត្ត​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ក្នុង​នោះ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បំបាត់​ចោល​នូវ​ចរិក​នាម្មឺន​និយម បក្ខ​ពួក​និយម បំបាត់​អំពើ​ពុក​រលួយ កុង​ត្រូល​ជជុះ ឬ​បាតុភាព​ផ្សេងៗ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត។ ​ជា​ពិសេស គឺ​ការ​អន្ទង​ចិត្ត​ឲ្យ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ងាក​មក​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​វិញ។ បើ​ផ្អែក​តាម​សារ​ដែល​បែក​ធ្លាយ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ត្រូវ​កសាង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ។ ហើយ​ថា​សកម្មភាព​នៃ​ការ​ចុះ​ជួប​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​យុទ្ធសាស្រ្ត​មួយ​របស់​លោក ដើម្បី​ច្បាម​យក​ការ​គាំទ្រ​ពី​កម្មករ​នៅ​កម្ពុជា ដែល​ពី​មុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កម្លាំង​គាំទ្រ​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង ឲ្យ​មាន​ការ​ប្រែ​ពណ៌​ឡើង​វិញ។

សូម​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​បើក​ទូលាយ​មួយ នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ