rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ជម្លោះដីធ្លី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន ថា​នឹង​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ នៅ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ

media
កោះ​រ៉ុង ខេត្ត​ព្រះសីហនុ @សហការី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន នា​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ « The Royal Sands Koh Rong » នៅ​សង្កាត់​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​បញ្ចប់​នូវ​បញ្ហា​ដី​ធ្លី​រ៉ាំរ៉ៃ និង​អំពើ​កាប់​ឈើ​ល្មើស​ច្បាប់​ទាំង​ស្រុង​នៅ​តំបន់​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ ក៏​បាន​ព្រមាន​ធ្ងន់ៗ​ទៅ​កាន់​អ្នក​មាន​អំណោច និង​អ្នក​មាន​ទ្រព្យ​មួយ​ចំនួន​ដែល​កន្លង​មក​តែ​ង​តែ​មក​កាង​កាន់​កាប់ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​កោះរ៉ុង​នេះ ថា​ត្រូវ​តែ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់។


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់ៗ​ថា កោះរ៉ុង និង​កោះ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​កោះ​របស់​រដ្ឋ មិន​មែន​ជា​របស់​ឯកជន​នោះ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ឋិ​អភិវឌ្ឍន៍ ទៅ​ឱ្យ​ឮ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​វិនិយោគ​ជា​តំបន់​ទេសចរ តាម​រយៈ​ពេល​នៃ​ការ​វិនិយោគ​ដែល​បាន​កំណត់។

លោក ហ៊ុន សែន បាន​ព្រមាន​មន្រ្តី​មាន​អំណាច​មួយ​ចំនួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ លើ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​លើ​កោះរ៉ុង។ ទន្ទឹម​នឹង​នេះ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី ដោះ​ស្រាយ​សម្រួច​បញ្ហា​ដី​ធ្លី​ប្រជាពលរដ្ឋ ចំនួន​៥៨៤​ក្បាល​ដី នៅ​កោះរ៉ុង ដែល​អ្នក​ខ្លះ​ទើប​ទៅ​រស់​នៅ។

បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​ស្នើ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​កោះ​រ៉ុង ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ ក៏​ដូច​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា ដើម្បី​ថែរក្សា និង​អភិវឌ្ឍន៍​កោះ​រ៉ុង ឱ្យ​កាន់​តែ​មាន​ភាព​ស្រស់​បំព្រង​បន្ថែម​ទៀត។ លោក បាន​ថ្លែង​ទៀត​ថា មន្រ្តី​ទាំង​អស់​ត្រូវ​អនុវត្ត​តាម​ច្បាប់ មិន​ត្រូវ​អនុវត្ត​តាម​បទ​បញ្ជា​នោះ​ទេ​ និយាយ​ឱ្យ​ខ្លី មិន​ចាំ​បាច់​តែ​នាយក​រដ្ឋមន្រ្តី​ចេញ​មុខ​ដោះ​ស្រាយ​នោះ​ទេ។

សូម​ជម្រាប​ជូន​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ​ បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ឈ្មោះ​ថា​«ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង»​ ដែល​មាន​ផ្ទៃដី​៥៣១១​ហិកតា និង​ផ្ទៃ​សមុទ្រ​ទំហំ​៤៧១៣៧​ហិកតា​ ដើម្បី​ការ​ពារ​ប្រព័ន្ធ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។ ​

ក្រៅ​ពី​ការ​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​កោះរ៉ុង លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ និង លោក​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ ​ឱ្យ​ត្រួត​ពិនិត្យ​ការ​កាប់​ព្រៃ​ឈើ​នៅ​លើ​កោះ ដែល​ធ្វើ​ឱ្យ​បាត់​បង់​សោភ័ណភាព​កោះ។ បទ​ល្មើស​កាប់​ព្រៃ​ឈើ ដែល​លោក ហ៊ុន សែន កត់​សម្គាល់​ថា នៅ​តែ​បន្ត​កើត​មាន​ឡើង៕