អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន វាយ​បក​ទៅ​បក្ស​ប្រឆាំង​និង​អាមេរិក​ដែល​ថា​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​ជា​ការ​រំលោភ​ឆន្ទៈ​រាស្រ្ត

នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​វាយ​ប្រហារ​បក​ទៅ​កាន់​គណបក្ស​ប្រឆាំង និង​អាមេរិក​វិញ ចំពោះ​ការ​លើក​ឡើង​ថា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​ទង្វើ​រំលោភ​លើ​ឆន្ទៈ​របស់​រាស្រ្ត​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​នា​ពេល​កន្លង​មក។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចង្អុល​បង្ហាញ​នូវ​រឿង​រ៉ាវ​កាល​ពី​អតីត​កាល​ដែល​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​នរោត្តម សីហនុ និង​អតីត​ប្រធាធិបតី​អាមេរិក​លោក​និច សុន ដោយ​លោក​ថា មិន​បាន​គិត​ពី​ឆន្ទៈ​រាស្រ្ត​ទេ។

លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ជា​ប្រតិកម្ម​មួយ​ក្នុង​ន័យ​សំដៅ​ការ​ពារ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​វាយ​បក​ខ្លាំងៗ​ទៅ​កាន់​អាមេរិក និង​គណបក្ស​ប្រឆាំង។ សម្រាប់​អាមេរិក លោក​ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា​តើ​នៅ​ពេល​គាំទ្រ​ឲ្យ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច នរោត្តម​សីហនុ អាមេរិក​បាន​គិត​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​សម្តេច​នរោត្តម សីហនុ​ដែរ​ឬ​ទេ? លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ចោទ​សួរ​ដូច​គ្នា​នេះ​ចំពោះ​ការ​ទម្លាក់​អតីត​ប្រធានាធិបតី​និច សុន ថា​តើ​បាន​សុំ​ការ​សម្រេច​ពី​រាស្រ្ត​ឫ​ទេ? ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ចោទ​សួរ​ថា តើ​ការ​ស្រែក​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​ដំណែង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​គិត​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ឫ​ទេ? សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ពួក​គេ​ទាំង​នោះ​មិន​បាន​គិត​ពី​ឆន្ទៈ​របស់​រាស្រ្ត​នោះ​ឡើយ។

ប្រតិកម្ម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ កើត​ឡើង​បន្ទាប់​អាមេរិក​តាម​រយៈ​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អះ​អាង​ក្នុង​ន័យ​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ជា​ការ​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ។ ការ​អះ​អាង​នេះ គឺ​ក្រោយ​ពី​រដ្ឋសភា​ខ្មែរ​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ចំនួន​៤ ដែល​គេ​ដឹង​ជា​ទូទៅ​ថា ជា​រូបមន្ត​សម្រាប់​បែង​ចែក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ក្នុង​ពេល​ណា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។

ចំពោះ​ការ​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ទាំង​នេះ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​បាន​ទុក​ថា ជា​ការ​រំលោភ​លើ​ឆន្ទៈ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ខុស​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គណបក្ស​កាន់​អំណាច​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ទាំង​នេះ គឺ​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​វិធានការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ដោយ​សេរី និង​យុត្តិធម៌​។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន បាន​អះ​អាង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆក់​ប្លន់​ឆន្ទៈ​ប្រជាជន​ទេ ផ្ទុយ​ទៅ​វិញ​គឺ​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ដែល​បាន​យក​ឆន្ទៈ​ប្រជាជន​ទៅ​ដោះ​ដូរ​ជាមួយ​បរទេស​ជា​ថ្នូរ​នឹង​ការ​ដាក់​ខ្លួន​ធ្វើ​ជា​អាយ៉ង​បរទេស ដើម្បី​មហិច្ឆតា​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ