rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បោះឆ្នោត នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន ហៅ​អ្នក​ដែល​ណែនាំ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថា​ជា​ជន​អគតិ​ចង់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ

media
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​សរសេរ​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​គ្នា​អំពី​ចំនួន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​រវាង​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ តាម​លោក​នាយក​រដ្ឋមន្រ្តី គឺ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​គេ​ដែល​បាន​ទៅ​បោះ​ឆ្នោត។ ឆ្លៀត​ពេល​នេះ លោក​ហ៊ុន សែន ក៏​បាន​ចាត់​ទុក​អ្នក​ដែល​ណែនាំ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថា ជា​ជន​អគតិ​ដែល​មាន​បំណង​ចង់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។


“ច្បាស់​ណាស់ គឺ​គ្មាន​មេ​ដឹក​នាំ​ណា​មួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ទេ មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ទើប​ពួក​គេ​អាច​ធ្វើ​ដូច្នេះ”។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១៦ ឧសភា​នេះ។ ក្រៅ​ពី​លើក​ឡើង​ដូច្នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ។

ការ​លើក​ឡើង និង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត ព្រោះ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម។ សម្រាប់​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង ការ​មិន​ទៅ​បោះ​ឆ្នោត គឺ​បាន​សេចក្តី​ថា នៅ​តែ​បន្ត​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ចិត្ត។ យ៉ាង​ណា​ក៏​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​តែ​ជឿ​ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បន្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដើម្បី​ឲ្យ​លោក​មាន​ឱកាស​ដឹក​នាំ​ប្រទេស​ជាតិ​ដែល​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​គង់​វង្ស​យូរ​អង្វែង។

សូម​បញ្ជាក់​ថា នៅ​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​បញ្ជី​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ ក្នុង​នោះ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ឧសភា​នេះ មាន​គណបក្ស​នយោបាយ​៥​ហើយ​ដែល​ត្រូវ​បាន​គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវ​ការ។

នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​អំពី​ភាគ​រយ​នៃ​ការ​ចូល​រួម​បោះ​ឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ តាម​លោក​នាយក​រដ្ឋមន្រ្តី គឺ​សហភាព​អឺរ៉ុប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្នុង​រង្វង់​៣០% ក៏​អាច​ទទួល​យក​បាន រី​ឯ​សហរដ្ឋ​អាមេរិក គឺ​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តែ​ក្នុង​រង្វង់​៤០%​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ចំពោះ​កម្ពុជា​វិញ លោក​ហ៊ុន សែន បាន​អះអាង​ថា ​គឺ​មាន​ពលរដ្ឋ​ជាង​៦៩%​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី នេះ​គឺ​បង្ហាញ​ច្បាស់​អំពី​ការ​រីក​ចម្រើន​នៃ​លទ្ឋិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕