rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍៖ ទីតាំង​លំនៅ​ឋាន​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​បាន​ថយ​ចុះ

media
ការ​ស្ទង់មតិក្នុង​រាជធានី​ភ្នំពេញ​ស្តីពី ការ​សិក្សា​ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ អង្គការសមាគមធាងត្នោត

យោង​តាម​របាយការណ៍​របស់​សមាគមធាង​ត្នោត ការ​ស្ទង់​មតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ២០១៧ បាន​រក​ឃើញ​ថា​មាន​ទីតាំង​លំនៅឋាន​ក្រីក្រ បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ប្រៀបធៀប​នឹង​ការ​ស្រាវ​ជ្រាវ កាល​ពី​ឆ្នាំ២០១៣​។ ទន្ទឹមគ្នា​នេះ ចំនួន​គ្រួសារ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​ថយ​ចុះ​ដែរ បើ​គិត​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧។


ក្នុង​របាយការណ៍​ស្តីពី“ការ​សិក្សា​ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៧” ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​សមាគម​ធាងត្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ឲ្យ​ដឹង​ថា​នៅ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ចំនួន​២៧៧​ទីតាំង​។ ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ទាំង​នោះ បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ប្រៀបធៀប​នឹង​ការ​ស្រាវជ្រាវ​កាល​ពី​មុនៗ​មក ដែល​ក្នុង​នោះ​មាន​ទីតាំង​ចំនួន​៦៣​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្រាវជ្រាវ​ឆ្នាំ​២០១៣ ដែល​ពេល​នោះ​លំនៅ​ឋាន​ក្រីក្រ​មាន​ចំនួន​៣៤០​ទីតាំង គឺ​ថយ​ចុះ​ប្រមាណ​១៨​ភាគ​រយក្នុង​រយៈពេល​៤ឆ្នាំ។

របាយ​ការណ៍​ខាង​លើ ដែល​អង្គការ​សមាគម​ធាង​ត្នោត គ្រោង​នឹង​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​នេះ​ ក៏បាន​រក​ឃើញ​ថា ទោះ​ជា​ចំនួន​ទីតាំង​ក្រីក្រ​មាន​ការ​ធ្លាក់​ចុះ​ដោយ​ហេតុ​ផល​ផ្សេងៗ​ដូច​ជា​ការ​អភិវឌ្ឍ និង​ការ​បណ្តេញ​ចេញ​ក៏​ដោយ ទីតាំង​ក្រីក្រ​ទាំង​២៧៧ ដែល​នៅ​សល់​នេះ នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​នៅ​ឡើយ​ជា​ពិសេស​លើ​បញ្ហា​ដីធ្លី ដោយ​ភាគ​ច្រើន​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ទីនោះ មិន​មាន​ឯក​សារ​បញ្ជាក់​ពី​ស្ថាន​ភាព​ដីធ្លី និង​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​ទាក់ទង​នឹង​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គេ។

ជាង​នេះ​ទៅ​ទៀត ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ទីតាំង​លំនៅ​ឋាន​ក្រីក្រ គឺ​ស្ថិត​នៅ​តំបន់​មិន​សុវត្ថិភាព ដែល​ជា​ដីសាធារណៈ​របស់​រដ្ឋ ដូច​ជា​នៅ​លើ ឬ​ក្បែរ ប្រលាយ បឹង ទន្លេជា​ដើម ដែល​ធ្វើ​ឱ្យ​ពួក​គេ កាន់​តែ​ងាយ​រង​គ្រោះ និង​ងាយ​ទទួល​រង​ការ​បណ្តេញ​ចេញ ឬ​ការ​ផ្លាស់ប្តូរ​លំនៅ​ឋាន​នៅ​ថ្ងៃ​អនាគត​។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​សមាគម​ធាង​ត្នោត​។

ទន្ទឹម​នឹង​ការ​ថយចុះ លំនៅ​ឋាន​ក្រីក្រី, ចំនួន​គ្រួសារ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​ថយ​ចុះ​ផង​ដែរ​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ​២០១៧។ ជា​រួម​មាន​ការ​ថយចុះ​ចំនួន​៧.៣៩៨​គ្រួសារ ឬ​ស្មើ​នឹង​២២​ភាគរយ ធៀប​នឹង​ការ​ស្ទង់​មតិ កាល​ពី​ឆ្នាំ​២០១៣។

អង្គការ​សមាគម​ធាងត្នោត​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​សាលាក្រុង​ភ្នំពេញ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ផ្តល់សេវាកម្ម​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ដោយ​ផ្តោត​លើទី​តាំង​ខណ្ឌ ដែល​នៅ​ឆ្ងាយ​ពី​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​៕