អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​៖​ អ្នក​ផ្ទុក​មេរោគ​អេដស៍​១​ម៉ឺន​នាក់​ក្នុង​ចំណោម​៥​ម៉ឺន​៧​ពាន់​នាក់ មិន​ទៅ​ទទួល​យក​ថ្នាំ​ពន្យា​ជីវិត

បើ​ទោះ​បី​ជា​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​ថយ​ចុះ​មក​នៅ​ត្រឹម​២​នាក់​ក្នុង​មួយ​ថ្ងៃ​ក៏​ហើយ​ក្តី ក៏​ប៉ុន្តែ​ក្តី​បារម្ភ​ចំពោះ​ការ​ចម្លង​មេរោគ​នេះ នៅ​តែ​បន្ត​មាន។ កត្តា​នេះ ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដដែល ខណៈ​ដែល​អ្នក​ផ្ទុក​មេរោគ​ប្រមាណ​ជា​១​ម៉ឺន​នាក់ ក្នុង​ចំណោម​៥​ម៉ឺន​៧​ពាន់​នាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​បាន​ទៅ​ទទួល​យក​គ្រាប់​ថ្នាំ​ពន្យា​ជីវិត​ពី​មណ្ឌល​សុខភាព​របស់​រដ្ឋ។ បើ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​អេដស៍​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី ២៣ ឧសភា​នេះ​ថា ក្នុង​មួយ​ឆ្នាំ​ៗ រដ្ឋាភិបាល​កម្ពុជា រួម​នឹង​មូល​និធិ​សកល Global Fund បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ពី​ ១០ លាន ទៅ​១៧ លាន​ដុល្លារ សម្រាប់​ការ​ផ្តល់​សេវា និង​ថ្នាំ​ពន្យា​ជីវិត ដល់​អ្នក​ផ្ទុក​មេរោគអេដស៍​នៅ​កម្ពុជា។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅឯសាលសន្និសីទចតុមុខ នា​ពេល​កន្លង​ទៅ។​
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅឯសាលសន្និសីទចតុមុខ នា​ពេល​កន្លង​ទៅ។​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នៅ​កម្ពុជា​មាន​ចំនួន ៥​ម៉ឺន ៧​ពាន់​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​ជា​រៀងរាល់​ថ្ងៃ​ គឺ​មាន​ចំនួន​ ២​នាក់ ក្នុង​មួយ​ថ្ងៃ។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន​បេ្តជ្ញាថា​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​អត្រា​អ្នក​ឆ្លង​មេរោគ​អេដសន៍​នេះ​មាន​កម្រិត​ទាប​បំផុត​នៅ​ត្រឹម​ឆ្នាំ​២០២៥ ដែល​អាច​នឹង​មាន​ត្រឹម​តែ​មួយ​អ្នក​ក្នុង​មួយ​ថ្ងៃ ឬ​ក៏​តិច​ជាង​នេះ​ទៅ​ទៀត។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​អេដស៍​នៅ​បច្ចុប្បន្ន​នេះ គឺ​ចំនួន​ប្រជាពល​ដែល​ផ្ទុក​មេរោគ​ចំមួន ១​ម៉ឺន​នាក់​ក្នុង​ចំណោម ៥​ម៉ឺន​៧​នាក់ មិន​បាន​ទៅ​ទទួល​យក​សេវា​ព្យាបាល និង​ថ្នាំ​ពន្យា​ជីវិត​នោះ​ទេ។ អញ្ចឹង​ហើយ​អ្នក​ទាំង​១​ម៉ឺន​នាក់​នោះ អាច​ជា​ក្តី​កង្វល់​មួយ​សម្រាប់​អាជ្ញាធរ ដោយសារ​តែ​ពួក​គាត់​អាច​មាន​លទ្ធភាព​ទៅ​ចម្លង​មេរោគ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​បាន។

លោក​វេជ្ជបណ្ឌិត​ស៊ឹម គឹមសាន អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា មូលហេតុ​ដែល​អ្នក​ផ្ទុក​មេរោគអេដស៍​១​ម៉ឺន​នាក់ ដែល​មិន​ព្រម​មក​ទទួល​យក​សេវា​ព្យាបាល និង​ថ្នាំ​ពន្យា​ជីវិត​របស់​រដ្ឋ​នោះ គឺ​អាច​បណ្តាល​មក​ពី​ភាព​អៀន​ខ្មាស និង​ការ​ធ្វើ​ចំណាក​ស្រុក​ជា​ដើម។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​ទាំង​អស់​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ថែ​ទាំ​ និង​ថ្នាំ​ពន្យា​ជីវិត​ពី​មណ្ឌល​សុខភាព​នៅ​តាម​ភូមិ​ស្រុក​របស់​គាត់ សូម​មេត្តា​ទៅ​ទទួល ដើម្បី​ថែទាំ​សុខភាព និង​ការពារ​ ការ​ចម្លង​ទៅ​អ្នក​ដទៃ។ រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មូលនិធិ​សកល​បាន​ចំណាយ​ថវិកា​ប្រមាណ​ពី​១០​លាន ទៅ ១៧ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ​ ដើម្បី​ជួយ​ថែទាំ​សុខភាព​អ្នក​ផ្ទុក​មេរោគ​នៅ​កម្ពុជា​ផង​ដែរ។

សូម​រំលឹក​ថា មេរោគ​អេដស៍​បាន​ផ្ទុះ​រីករាល​ដាល​នៅ​កម្ពុជា​ខ្លាំង​នៅ​ឆ្នាំ​១៩៩៨ ដែល​មាន​អត្រា​ឆ្លង​ក្នុង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​នោះ​ គឺ​មាន​អ្នក​ផ្ទុក​មេរោគអេដស៍​រហូត​ដល់ ១៦​ម៉ឺន ៩​ពាន់​នាក់។ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ ចំនួន​អ្នក​ផ្ទុក​មេរោគ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥​ម៉ឺន ៧​នាក់ ដែល​អត្រា​អ្នក​ឆ្លង​មេរោគ​នេះ មាន​ត្រឹម​២​នាក់ ក្នុង​មួយ​ឆ្នាំ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ