លោក ហេង សួរ៖ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ ខ្ពស់ជាងប្រទេសគូប្រជែងរបស់ខ្លួន
បើគិតត្រឹមថ្ងៃ២៦ ខែវិច្ឆិកា នេះប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និងផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់របស់កម្ពុជា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ នៅឆ្នាំ២០១៩ ខាងមុខនេះប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរកម្ពុជានឹងឡើងដល់១៨២ដុល្លារអាមេរិកក្នុងមួយខែ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
បច្ចុប្បន្ននេះ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និងផលិត ស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យនេះមួយចំនួនដូចជា ប្រទេសបង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាម។ នេះបើតាមលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងនៅក្នុងសិក្ខាសាលាកម្រិតខ្ពស់ស្តីពីការពិនិត្យតាមដានប្រាក់ឈ្នួលអប្បបរមានាថ្ងៃទី២៦ ខែវិច្ឆិកា។
ក្នុងសុន្ទរកថារបស់ខ្លួន លោក ហេង សួរ បញ្ជាក់ថា ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ជាបន្តបន្ទាប់ពីចំនួន ៤០ដុល្លារអាមេរិក ក្នុងមួយខែនៅក្នុងឆ្នាំ ១៩៩៧ ដល់ ១៨២ដុល្លារអាមេរិក ក្នុងមួយខែនៅឆ្នាំ ២០១៩ ខាងមុខនេះ បូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី១៩៩ ដល់ ២១០ដុល្លាអាមេរិកក្នុងមួយខែ ដែលកម្រិតប្រាក់ឈ្នួលនេះ បានជួយធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។
សូមជម្រាបថាប្រាក់ឈ្នួលថ្មីរបស់កម្មករកាត់ដេរកម្ពុជាសម្រាប់ឆ្នាំ២០១៩ ត្រូវបានដំឡើងពី១៧០ដុល្លារនៅឆ្នាំ២០១៨ ដល់១៨២ដុល្លារនៅឆ្នាំ២០១៩ខាងមុខ សម្រាប់កម្មករពេញសិទ្ធិ និង១៧៧ដុល្លារ សម្រាប់កម្មករនិយោជិតសាកល្បង។ នេះបើយោងតាមប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៩ ចេញផ្សាយនៅថ្ងៃទី ៥ តុលា។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករបានបញ្ជាក់ថាកម្ពុជាពិតជាមានប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីនេះ។ លោកបន្ថែមថា ទោះបីជាកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់មែន ប៉ុន្តែកម្ពុជាមានបរិយាកាសវិនិយោគល្អប្រសើរជាងប្រទេសទាំងអស់នោះ។ លោកអះអាងថា យ៉ាងណាក៏ដោយ បើកម្ពុជាមិនធ្វើតាមលក្ខខណ្ឌរបស់ដៃគូបញ្ជាទិញទេ នោះអ្នកវិនិយោគលើវិស័យនេះ នឹងបង្វែរការវិនិយោគរបស់គេទៅរកប្រទេសផ្សេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ