អានតួអត្ថបទ
កម្ពុជា-សុខាភិបាល

ក្រសួង​សុខាភិបាល៖ ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ គឺ​បណ្តាល​មក​ពី​ស្រា

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី៧​ឧសភា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​វាយ​តម្លៃ​ជា​បឋម​ថា ករណី​ពុល​ស្លាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ គឺ​បណ្តាល​មក​ពី​ពុល​ស្រា។ ស្រា ដែល​មាន​ផ្ទុក​ជាតិ​មេតាណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល។ យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ដែល​បណ្តាល​មក​ពី​ការ​ពុល​ទឹក ក្រសួង​នៅ​មិន​ទាន់​បោះ​បង់​ចោល​នៅ​ឡើយ​ទេ។ សូម​បញ្ជាក់​ថា តាម​តុល្យការ​ចុង​ក្រោយ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​១៣​នាក់​ហើយ។

រូបភាព​តំណាង៖ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក
រូបភាព​តំណាង៖ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក @ ទាញចេញពីហ្វេសបុក វ៉ាន់ សារ៉ាយ
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​ជាតិ​សុខាភិបាល បន្ទាប់​ពី​ការ​ពិនិត្យ​ទៅ​លើ​សំណាក​ស្រា​មួយ​ចំនួន ដែល​ផ្ញើ​មក​ពី​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ស្រែនន និង​ភូមិ​អាលច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​លើ​ស្រា​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្រា​ទាំង​នោះ មាន​ផ្ទុក​ជាតិ​មេតាណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បឋម​របស់​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី ៧ ឧសភា នេះ។

តាម​រយៈ​ការ​អង្កេត​ស្រាវជ្រាវ​ដោយ​ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ខ្លួន ក្រសួង​សុខាភិបាល បាន​អះអាង​ថា មាន​ករណី​សង្ស័យ​លើ​ការ​ពិសារ​ស្រា ដែល​ផលិត​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស ដោយ​អ្នក​ស្លាប់​និង​ឈឺ​ភាគ​ច្រើន មាន​ប្រវត្តិ​ពិសារ​ស្រា។ ហើយ​បើ​តាម​ការ​សាក​សួរ​របស់​ក្រុម​ការងារ​នៃ​ក្រសួង​សុខាភិបាល ក៏​បាន​រក​ឃើញ​ដែរ​ថា មាន​ករណី​ខ្លះ​ទៀត​មិន​បាន​ពិសារ​ស្រា​ទេ តែ​ពួក​គាត់​បាន​ប្រើ​ប្រាស់​ទឹក​ព្រែក​ទេ។ ហេតុ​ដូច្នេះ​ហើយ តាម​រយៈ​សេច​ក្តី​ប្រកាស​របស់​ខ្លួន​​នៅ​ថ្ងៃ​នេះ ក្រសួង​សុខភិបាល មិន​ទាន់​បោះ​បង់​ចោល​ទាំង​ស្រុង នូវ​មូលហេតុ​ដែល​បណ្តាល​មក​ពី​ការ​ពុល​ទឹក​នៅ​ឡើយ​ទេ។ បើ​តាម​សេចក្តី​ប្រកាស​នេះ ការ​វិភាគ​សំណាក​ទឹក កំពុង​ធ្វើ​ឡើង ហើយ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង លទ្ធផល​នេះ នឹង​ត្រូវ​បង្ហាញ នៅ​ថ្ងៃ​ទី ៨ ឧសភា។

គួរ​ជំរាប​ជូន​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ៧ ឧសភា​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ករណី​ពុល​នៅ​ក្នុង​ខេត្ត​ក្រចេះ បាន​កើន​ឡើង​ដល់​១៣​នាក់​ហើយ ខណៈ​អ្នក​ជំងឺ​១៣៤​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ និង​១២​នាក់ ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​បន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​ក្រុង​ភ្នំពេញ។ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ឈ្នាង សុវត្ថា។

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍​បន្ទាន់​នេះ ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ទី​១.បញ្ឈប់​ការ​បិត និង​លក់​ស្រា​ស​ក្នុង​មូលដ្ឋាន​ខាង​លើ ទី​២.បំរាម​ប្រជាជន​ក្នុង​ភូមិ កុំ​ឲ្យ​ប្រើ​ប្រាស់​ទឹក​អូរ​ក្នុង​តំបន់​សង្ស័យ​និង​ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ទី​៣. អប់រំ​អនាម័យ​រស់​នៅ​និង​ហូប​ស្អាត​ដល់​ប្រជាជន​ក្នុង​ភូមិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ