អានតួអត្ថបទ
កម្ពុជា

ជំងឺផ្តាសាយបក្សី កំពុង​កើត​ឡើង​ជា​ថ្មី​នៅ​ខេត្ត​កំពង់​ចាម​

តាម​សេចក្តី​រាយការណ៍របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រក​ឃើញ​​សត្វមាន់ចំនួន ២ក្បាល ពីភូមិ​កោះស្វាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម មាន​ផ្ទុក​ជំងឺផ្តាសាយ​បក្សី ប្រភេទ H5N1។ ការ​រក​ឃើញ​នេះ បាន​ធ្វើឡើង​តាមរយៈការ​ធ្វើ​វិភាគ​មេរោគ​ផ្តាសាយ​បក្សី បន្ទាប់​ពីមាន​ សត្វមាន់ឈឺ និង​ងាប់ ប្រមាណ ២០០ក្បាល នៅក្នុង​ភូមិ​ឃុំស្រុក​ខាងលើនេះ។

សត្វ​មាន់  រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
សត្វ​មាន់ រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
ផ្សាយពាណិជ្ជកម្ម

វាជាសញ្ញាប្រកាសអាសន្នមួយ ដែល​បាន​ញុំាងឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្ញើលិខិតដាច់​ដោយឡែកចុះ​ថ្ងៃទី ៨ធ្នូ​ ចំនួន ២ ទៅកាន់​ប្រធាន​គណៈកម្ម​ការ​ចម្រុះ​ខេត្ត​កំពង់​ចាម និង​ទៅកាន់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីទប់​ស្កាត់​នូវការ​ឆ្លងរាលដាលជំងឺផ្តាសាយ​បក្សី។

ក្នុង​លិខិត​ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី និង​អភិខេត្ត​កំពង់​ចាម លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រៀបរាប់​ថា ដំណឹង​ពី​ការ​ឈឺ និង​ងាប់ សត្វមាន់​ប្រមាណ ២០០ក្បាល បាន​កើតឡើង​តាំងពី ថ្ងៃទី ២៨វិច្ឆិកា ហើយ​ក្រោយ​មក​ក្រសួង បាន​ចាត់​មន្ត្រី​ជំនាញ​​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិតកម្ម​សត្វ ចុះ​តាម​ដាន​ស្រាវជ្រាវ​លើ​ករណី​សង្ស័យ​ជំងឺ​ផ្តាសាយ​បក្សី នៅក្នុងតំបន់​ភូមិ កោះស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម។

ក្រោយ​មក​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ប្រមូល​យក​សំណាក​ពីសត្វ​មាន់ ២ក្បាល យក​ទៅវិភាគ ហើយ​រក​ឃើញ​ថាមាន​វត្តមាន​វីរុស​ផ្តាសាយ​បក្សីប្រភេទ H5N1 ដោយ​យោងតាម​លទ្ធផល​កាលពីថ្ងៃទី ៦ធ្នូ។ ភ្លាម​ៗ ក្រុមមន្ត្រី​ បាន​ធ្វើការ​ផ្សព្វផ្សាយ ណែនាំដល់​កសិករ ភ្នាក់ងារ​សុខភាពសត្វភូមិ និង​អាជ្ញាធរ​ភូមិ ឃុំ អំពើគ្រោះថ្នាក់​នៃជំងឺផ្តាសាយ​បក្សី និងវិធានាការពារ។

ក្រសួង​កសិកម្ម ចង់​ឲ្យ​អភិបាល​ខេត្ត​កំពង់​ចាម និង​អាជ្ញាធរ​មូលដ្ឋាន សហការពង្រឹង​ទប់​ស្កាត់​ចលនាបក្សី និង​ផលិតផល​មានដើម​កំណើតពីបក្សី​ជាបណ្តោះអាសន្ន ក្នុងតំបន់​ដែល​ផ្ទុះ​ជំងឺឆ្លងខាងលើ ដើម្បីអនុវត្ត​វិធានបច្ចេកទេសបសុពេទ្យ​ប្រកដ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

គួរជម្រាបជូនថា កាលពី​ដើមឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម ក៏ធ្លាប់​បាន​រាយការណ៍ ថា​មាន​ការ​​ផ្ទុះ​រីក​​រាល​ដាល​​ឡើងវិញនៃ​ជំងឺផ្តាសាយ​បក្សី លើ​សត្វមាន់ ទា ក្នុង​ខេត្ត​ចំនួនពីរ គឺ ខេត្តកំពង់ធំ និង ខេត្ត​​ស្វាយរៀង ដែល​​ប៉ះពាល់​សត្វទា ប្រមាណ ៣០០០​ក្បាល និងមាន់ ជិត ៣០០ក្បាល​។ ហើយ​ពេលនោះ ក្រសួង​បាន​ដាក់​ការ​​ប្រកាស​អាសន្ន ក្នុង​តំបន់​ឆ្លងនៃខេត្ត​ទាំង ២ រយៈពេល ១ខែ ដោយ​មិន​ឲ្យ​មានចរាចរលក់ដូរ ឬ ចិញ្ចឹម​ប្រភេទបក្សីទាំងនោះឡើយ ដើម្បី​ត្រួតពិនិត្យ​ពីស្ថានភាពជំងឺផ្តាសាយ​បក្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ