អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ចេញ​សារាចរ​កាន់​ទុក្ខ​លោក​ជាស៊ីម​ជា​សាធារណៈ​ថ្ងៃ​ទី១៩​ មិថុនា​

ភ្លាមៗ​​ក្រោយ​​មរណៈ​កាល​​របស់​​លោក​​ជា ស៊ីម​ ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​ រដ្ឋាភិបាល​​នៃ​​បក្ស​​កាន់​​អំណាច​​បាន​​ប្រកាស​​ណែនាំ​​ប្រកាស​​ជា​ទូ​ទៅ​​ឱ្យ​​កាន់​ទុក្ខ​​ប្រធាន​គណបក្ស​​រូប​នេះ​​ នៅ​​ថ្ងៃ​​ទី១៩​​ មិថុនា​។ ប៉ុន្តែ​​អ្នក​​ផ្តល់​​ភ្លើង​​ថ្ងៃ​បូជា​​សព​​នៅ​​មិន​​ទាន់​​សំរេច​​នោះ​​ទេ​។

រដ្ឋាភិបាល​ចេញ​សារាចរ​កាន់​ទុក្ខ​លោក​ជាស៊ីម​ជា​សាធារណៈ​ថ្ងៃ​ទី១៩​ មិថុនា​។
រដ្ឋាភិបាល​ចេញ​សារាចរ​កាន់​ទុក្ខ​លោក​ជាស៊ីម​ជា​សាធារណៈ​ថ្ងៃ​ទី១៩​ មិថុនា​។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី១៩​ មិថុនា​សប្តាហ៍​ក្រោយ​ជា​ថ្ងៃ​កាន់ទុក្ខ​របស់ ​លោក​ជា​ ស៊ីម​ ប្រធានគណបក្ស​កាន់​អំណាច​ជា​សាធារណៈ​។ រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ក្រសួង​ មន្ទី សាលារៀន មន្ទីពេទ្យ​របស់​រដ្ឋ និង​ឯកជន កងកម្លាំង និង​តាម​បណ្តាវត្ត​អារាម​ទាំងអស់ ត្រូវ​បង្ហូត​ដងទង់ជាតិ​ត្រឹម​១​ភាគ៣​នៃ​ដង​ទង់។

សារាចរណែនាំ​ដែល​មាន​ហត្ថលេខា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ជា​អនុ ប្រធាន គណបក្ស​ប្រជាជន ក៏​បាន​ណែនាំ​ឱ្យ​គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ត្រូវ​ផ្អាក​ការសំដែង​ និង​ការ​ចាក់​ផ្សាយ​នូវទស្សនីយ៍ភាព​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង​នៅថ្ងៃ​កាន់​ទុក្ខ​នោះ​ផង​ដែរ។ លោក ជាស៊ីម កាល​ពី​រសៀល​ថ្ងៃទី៨ មិថុនា​ម្សិលមិញ​បាន​ទទួលមរណៈភាព​ក្រោយ​ការ​បាត់មុខ​ពីឆាក​នយោបាយ​ដោយ​សារ​តែ​ភាពចាស់​ជរា​ប្រមាណ​ជាង​២ឆ្នាំ​កន្លង​មក។

ព្រះមហាក្សត្រ នៅថ្ងៃ​ស្អែក​១០ មិថុនា​នឹង​យាង​មក​គោរពវិញ្ញាណក្ខន្ធ​លោក​ជា​ស៊ីម នៅ​គេហដ្ឋាន​ផ្ទាល់​ ក្រៅ​ពី​នោះ​ស្ថាប័នរដ្ឋ​គ្រប់ក្រសួងមន្ទីរ និង​ឯកជន​នឹង​ចូល​គោរព​វិញ្ញាណក្ខន្ធ​ប្រធាន​គណបក្ស​រូបនេះ​ជា​បន្តបន្ទាប់​ផង​ដែរ។ បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន គណៈ​កម្ម​ការ​បុណ្យសព​ដែល​តែង​តាំង​ដោយ​ព្រះមហាក្សត្រ នៅ​មិន​ទាន់​សម្រេច​ថា តើ​អ្នក​ណា​ជា​អ្នក​ផ្តល់​ភ្លើង​ក្នុង​ថ្ងៃ​បូជា ថ្ងៃទី​១៩ មិថុនានោះ​ទេ។ តាំង​ពី​ថ្ងៃមរណៈកាល​ម្សិលមិញ​ភ្លាម ស្ថាប័នរដ្ឋ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ផ្ញើរ​សាលិខិត​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​លោក​ជា​ស៊ីម​ជា​បន្តបន្ទាប់។

យ៉ាង​ណា​ក៏​​​ដោយ​​ តាំង​​ពី​​រសៀល​​ថ្ងៃ​ចន្ទ​​ម្សិលមិញ​​រហូត​​ដល់​​ថ្ងៃ​អង្គារ​​នេះ​ មេដឹក​នាំ​​គណបក្ស​​ប្រជា​ជន​​​​កម្ពុជា​​​​សំខាន់ៗ​​​ រួម​​​ទាំង​​​​លោក​​​​នាយក​​​​រដ្ឋ​មន្ត្រី​​​​ហ៊ុន​ សែន​​ លោក​សាយ​ ឈុំ​​ លោក ស ខេង​​​ បាន​​​​​ទៅ​​​គោរព​​វិញ្ញាណក្ខន្ធ​​ជា​​បន្ត​បន្ទាប់​។ លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ ដែល​​បាន​​លើក​​ឡើង​​នៅ​​ក្នុង​​ពិធី​បុណ្យ​​សព​​ថា ​ផ្ទៃ​​ក្នុង​​គណបក្ស​ប្រជាជន​​កម្ពុជា​​នៅ​​តែ​​សាមគ្គី​ និង​​រឹង​​មាំ​​។​

កើត​​នៅ​​ឆ្នាំ​១៩៣២​​ នៅ​​ខេត្ត​ស្វាយរៀង​ លោក​​ជា​ស៊ីម​ បាន​​ចូលរួម​​ក្នុង​​ចលនា​​តស៊ូ​ ប្រឆាំង​​បារាំង​ និង​ចូលរួម​​សកម្មភាព​​ជា​មួយ​​ខ្មែរ​​ក្រហម​​ មុន​​នឹង​​រត់​ភៀស​ខ្លួន​​ទៅ​​កាន់​​ប្រទេស​​វៀតណាម​​ ដើម្បី​​វាយ​​ផ្តួល​​រំលំ​​របប​​ប៉ុលពត​​នេះ​​វិញ​​នៅ​​ឆ្នាំ​១៩៧៩​ ។ លោក​​ជា ស៊ីម​ បាន​​ឡើង​​ធ្វើ​​ជា​​ប្រធាន​គណបក្ស​​ប្រជាជន​​នៅ​​ឆ្នាំ​១៩៩១​ ក្រោយ​​កាន់​​តំណែង​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​ និង​​រដ្ឋ​សភា​​ក្នុង​​សម័យ​​កុម្មុយនីស្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ