អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ប្រមុខ​រដ្ឋ​ស្តី​ទី តែង​តាំង​ទី​ប្រឹក្សា​រដ្ឋា​ភិបាល​អាណត្តិ​ទី​៦ ជាង​២០០​នាក់ ក្នុង​នោះ​១១​នាក់​ជា​ជន​បរទេស​

នៅ​ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋា​ភិបាល​កម្ពុជា​នេះ ព្រះ​មហាក្សត្រ តាម​រយៈ​ប្រមុខ​រដ្ឋ​ស្តី​ទី​បាន​តែង​តាំង​ទីប្រឹក្សា​រដ្ឋា​ភិបាល​សរុប​ចំនួន ២០៧​នាក់​។ ក្នុង​ចំណោម​អ្នក​ទាំង​២០៧​នាក់​នេះ មាន​ជន​បរទេស​ចំនួន​១១​នាក់ ក្រៅ​ពី​នេះ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ដែល​ពួក​គេ​មាន​ឋានៈ​ស្មើ​ចាប់​ពី​ឧប​នាយក​រដ្ឋ​មន្ត្រី រហូត​ដល់​អនុ​រដ្ឋ​លេខា​ធិការ​។ 

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សញ្ជាតិ
រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សញ្ជាតិ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ ចុះ​ថ្ងៃ​ទី​២២​កញ្ញា ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តី​ទី លោក សាយ ឈុំ ទី​ប្រឹក្សា​រដ្ឋា​ភិបាល​ដែល​មាន​ឋានៈ​ស្មើ​នឹង​ឧប​នាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​អាណត្តិ​ទី៦នៃ​រដ្ឋា​ភិបាល​នេះ មាន​ចំនួន​៣​រូប រួម​មាន​លោក ហេង វង្សប៊ុនឆាត លោក ណា​ឌី តាន់ និង​លោក ឯក សំអុល។

ជាមួយ​គ្នា​នេះ ទី​ប្រឹក្សា ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី មាន​ចំនួន ១៣​រូប ដែល​អ្នក​ទាំង​នេះ សុទ្ធ​សឹង ជា​អ្នក​នយោបាយ និង​ជា​មន្ត្រី ដែល​មាន​គុណ​បំណាច់ និង​ធ្លាប់​បំរើ​ការងារ​នៅ​តាម​ស្ថាប័ន​នា​នា របស់​រដ្ឋ ដែល​ដឹក​នាំ​ដោយ គណ​បក្ស​កាន់​អំណាច នា​ពេល​កន្លង​មក​។ រី​ឯ ទីប្រឹក្សា​រដ្ឋា​ភិបាល ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី ក៏​មាន​ច្រើន​ដែរ គឺ​មាន​រហូត​ដល់​ទៅ ៦៣​នាក់ ខណៈ ទី​ប្រឹក្សា ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​មាន​ចំនួន ៤៥​នាក់ និង​ស្មើ​អនុ​រដ្ឋ​លេខា​ធិការ​ចំនួន ៨៣​នាក់​។

ព្រះ​រាជក្រឹត្យ​ដ​ដែល បាន​បង្ហាញ​ដែរ​ថា រដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​នេះ ក៏​មាន​ទីប្រឹក្សា​បរទេស​ចំនួន​១១​នាក់​ដែរ ដោយ​ពួក​គេ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី និង​រដ្ឋ​លេខា​ធិការ​។ បើ​តាម​ការ​បញ្ជាក់​ក្នុង​ព្រះ​រាជ​ក្រឹត្យ ក្នុង​ចំណោម​ទីប្រឹក្សា​បរទេស​ចំនួន​១១​នាក់​នេះ មាន​៤​នាក់ មិន​ទទួល​ប្រាក់​បៀវត្ស​ពី​រដ្ឋា​ភិបាល​កម្ពុជា​។

ជុំវិញ​ការ​តែង​តាំង​ទីប្រឹក្សា​រដ្ឋា​ភិបាល​ចំនួន​ជាង​២០០​នាក់​នៅ​ពេល​នេះ អ្នក​តាម​ដាន​សង្គម​នា​នា បាន​មើល​ឃើញ​ថា មនុស្ស​ដែល​មាន​គុណភាព សម្រាប់​ជួយ​ការងារ​រដ្ឋា​ភិបាល ក្នុង​ការ​អភិវឌ្ឍ​ប្រទេស មិន​មាន​ច្រើន​ទេ ក្នុង​ចំណោម​ទីប្រឹក្សា​ទាំង​នេះ និង​ថា​ជា​ការ​ខាត​បង់​ថវិកា​ជាតិ​។ ក៏​ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល បាន​លើក​ឡើង​ផ្ទុយ​ពី​ការ​រិះ​គន់​ខាង​លើ​ថា ការងារ​របស់​ក្រុម​ទី​ប្រឹក្សា​ទាំង​អស់​សុទ្ធ​តែ​មាន​អត្ថ​ប្រយោជន៍ និង​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​រដ្ឋា​ភិបាល​។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា កន្លង​ទៅ​នេះ ព្រះ​មហាក្សត្រ​កម្ពុជា គឺ​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ទី​ប្រឹក្សា​រដ្ឋា​ភិបាល ទីប្រឹក្សា ជំនួយ​ការ​ទាំង​អស់​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី ទី​ប្រឹក្សា ជំនួយ​ការ​ទាំង​អស់​របស់​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដែល​សុទ្ធ​សឹង​ជា​ទី​ប្រឹក្សា និង​ជំនួយ​ការ​នៅ​ក្នុង​តំណែង​រដ្ឋា​ភិបាល​អាណត្តិ​ចាស់​។ ក៏​ប៉ុន្តែ សម្រាប់​រដ្ឋា​ភិបាល​អាណត្តិ​ទី​៦​នេះ តួ​នាទី​ទីប្រឹក្សា និង​ជំនួយ​ការ​រដ្ឋា​ភិបាល ស្ថាប័ន​រដ្ឋ និង​ទីប្រឹក្សា​ឬ​ជំនួយ​ការ​ថ្នាក់​ដឹក​នាំ ត្រូវ​បាន​តែង​តាំង​ជា​បន្ត​បន្ទាប់ ដោយ​មាន​ការ​បង្កើន​ចំនួន​ច្រើន​ជាង​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ