អានតួអត្ថបទ
កម្ពុជា-ច្បាប់

​វេទិកា​ប្រជាជន​ឆ្នាំ​២០១៩ ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​ប្រឈម​៧​ចំណុច ​តែ​រដ្ឋា​ភិបាល​មិន​ឲ្យ​តម្លៃ​

វេទិកា​ប្រជា​ពល​រដ្ឋ នៅ​ថ្ងៃ​ចន្ទ​ទី០៩​ខែ​កញ្ញា​នេះ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ជា​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កន្លង ដោយ​មាន​ការ​លើក​ឡើង​ពី​ចំណុច​ប្រឈម និង​សេច​ក្តី​ស្នើ​កែ​លម្អ ក្នុង​ន័យ​ស្ថាបនា ព្រម​ទាំង​ដាក់​អនុ​សាសន៍​ទៅ​ដល់​អ្នក​តាក់​តែង និង​អនុវត្ត​គោល​នយោ​បាយ និង​ថ្នាក់​ដឹក​នាំ​នា​នា​។ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ថ្ងៃ​ទី៣១​ខែ​សីហា​កន្លង​ទៅ ដោយ​មាន​ការ​ចូល​រួម​ពី ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​នា​នា អ្នក​ការពារ​សិទ្ធិ​មនុស្ស កម្មករ សហជីព​កម្មករ យុវជន សិល្ប​ករ ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន ជា​ដើម សរុប​ចំនួន​២៦៨​នាក់​។ 

ប្រជាពលរដ្ឋកំពុងធ្វើការលក់ដូរ (រូបភាពតំណាង)
ប្រជាពលរដ្ឋកំពុងធ្វើការលក់ដូរ (រូបភាពតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោម​ប្រធាន​បទ «ពង្រឹង​សម្លេង​ប្រជាជន និង​សាមគ្គី​ភាព» វេទិកា​ប្រជា​ពលរដ្ឋ​កម្ពុជា​ឆ្នាំ​២០១៩ បាន​លើក​ឡើង​ចំនួន​៧​ចំណុច​ធំៗ ដែល​ចំណុច​ធំៗ​ទាំង​នោះ មាន​បញ្ហា​ប្រឈម និង​កង្វល់​ធំៗ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ និង​ការ​ទទួល​បាន​យុត្តិ​ធម៌ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ការ​ធ្វើ​ជំនួញ វិនិ​យោគនិង​អំណាច​សាជីវ​កម្ម ស្ថាន​ភាព​សនិ្តភាព និង​សុវត្ថិ​ភាព​។

បន្ថែម​ពី​នេះ វេទិកា​ក៏​បាន​បង្ហាញ​ពី​បញ្ហា និង​កង្វល់​ធំៗ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ចំណាក​ស្រុក​ក្រៅ​ប្រទេស ការងារ​សម​រម្យ សុខ​ភាព និង​ការ​គាំ​ពារ​សង្គម ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​និរន្តរ​ភាព​ប្រព័ន្ធ​អេកូឡូ​ស៊ី បញ្ហា​ប្រឈម និង​កង្វល់​ធំៗ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ការ​ច្នៃ​ប្រឌិត បច្ចេក​វិទ្យា​ថ្មី និង​ទាក់​ទង​នឹង​សិទ្ធិ​ឌីជី​ថល​។

សេចក្តី​ថ្លែង​ការណ៍ ចំនួន​៩ទំព័រ ក៏​បាន​លម្អិត​ផង​ដែរ នូវ​ចំណុច​តូចៗ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​លើក​ឡើង​ពី​បញ្ហា សេចក្តី​ស្នើ​កែ​លម្អ និង​មតិ​ស្ថាបនា​។ ក្នុង​ចំណោម​ចំណុច​សំខាន់ ដែល​ជា​លទ្ធ​ផល​នៃ​វេទិកា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឆ្នាំ​២០១៩​នេះ បញ្ហា​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ ត្រូវ​បាន​វេទិកា​លើក​ឡើង​ថា មាន​ការ​រឹត​ត្បឹត​យ៉ាង​ខ្លាំង​។ ម្យ៉ាង​វិញ​ទៀត ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ និ​ទណ្ឌ​ភាព​នៅ​តែ​បន្ត​កើត​មាន ឯករាជ្យ​ភាព​របស់​តុលាការ​ក្នុង​ការ​ផ្តល់​សេវា​យុត្តិ​ធម៌​ដល់​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ធ្លាក់​ចុះ រួម​នឹង​អំពើ​ពុក​រលួយ​បាន​ជ្រៀត​ជ្រែក​អំណាច​តុលា​ការ​ជា​ដើម​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​។

ចំណុច​ទាំង​អស់​នេះ ត្រូវ​បាន​វេទិកា​ប្រជា​ពលរដ្ឋ​ផ្តល់​សេចក្តី​ស្នើ​កែ​លម្អ និង​មតិ​ស្ថាបនា ដោយ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋ​សមាជិក​អាស៊ាន ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​លាស់​រាល់​ចំណុច​ពាក់​ព័ន្ធ​ខាង​លើ​។

ក៏​ប៉ុន្តែ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទាត់​ចោល​នូវ​ការ​លើក​ឡើង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នេះ ដោយ​ហេតុ​ថា សេចក្តី​ថ្លែង​ការណ៍​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ស្ថាន​ភាព​ពិត​ពី​កម្ពុជា និង​មាន​ការ​រៀប​ចំ​ជា​របៀប​វារៈ​នយោបាយ​នៅ​ពី​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ