rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្មករ កាត់ដេរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋាភិបាល​ ប្តេជ្ញា​រក​ការងារ​ថ្មី​ឲ្យ​កម្មករ​ដែល​បាត់​បង់​ការងារ​ព្រោះ​ថៅកែ​រត់​ចោល

media
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង កម្មការនីរោងចក្រ @Samdech Hun Sen, Cambodian Prime Minister

ក្រោយ​ពី​មាន​ការ​លើក​ឡើង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ម្សិល​មិញ នៅ​ថ្ងៃ​ទី ១​មីនា​នេះ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ផ្តល់​គោលការណ៍​ដោះ​ស្រាយ​ទាន់​ពេល​វេលា ដល់​ក្រុម​កម្មករ និយោជិត ចំនួន ៩​រោង​ចក្រ ដែល​ត្រូវ​បាន​ថៅកែ​បិទ​រោង​ចក្រ​រត់​ចោល កាល​ពី​ពេល​ថ្មីៗ​នេះ។ ដំណោះ​ស្រាយ​ដែល​មាន​ ៦​ចំនុច​នោះ ក៏​មាន​ការ​សន្យា​ផង​ដែរ ថា​នឹង​រក​ការងារ​ថ្មី​ជូន​ដល់​កម្មករ និយោជិត ដែល​បាន​បាត់​បង់​ការងារ។ ការ​ទទួល​បាន​ការងារ ដែល​ជា​កត្តា​សំខាន់ សម្រាប់​ចំនូល​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។


ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ នា​ថ្ងៃ​ទី ១មីនា បាន​បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ រាជ​រដ្ឋាភិបាល នឹង​ផ្តល់​គោល​ការណ៍ ៦​ចំនុច ដោះ​ស្រាយ​ករណី​រោងចក្រ​បិទ​ទ្វារ​ដោយ​ម្ចាស់​រត់​ចោល។ គោល​ការណ៍​ទី ១ គឺ​ក្រសួង​ការងារ នឹង​ចាត់​វិធានការ​ដោះ​ស្រាយ​ដោយ​ធ្វើ​ការ​បើក​ផ្តល់​ប្រាក់​ឈ្មួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករ និយោជិត ឲ្យ​បាន​ទាន់​ពេល ស្រប​តាម​ច្បាប់។

បន្ទាប់​មក​ ក្រសួង​ការងារ ដែល​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខ​សញ្ញា​ផង​នោះ នឹង​ចាត់​វិធានការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ ដើម្បី​លក់​ឡៃឡុង​យក​ប្រាក់​មក​បើក​ដល់​កម្មករ និយោជិត ឬ ទូ​ទាត់​សង​ថវិកា​ជាតិ​វិញ តាម​នីតិ​វិធី​ចំនួន​២។ នីតិវិធី​ទី​១ គឺ​ពេល​ដែល​ក្រុមហ៊ុន​ដួល​រលំ ហើយ​ម្ចាស់ ឬ តំណាង​ក្រុមហ៊ុន នៅ​មាន​វត្តមាន គឺ​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា រវាង​គ្រប់​ភាគី​ពាក់​ព័ន្ធ ជាមួយ​នឹង​កម្មករ​និយោជិត​ផ្ទាល់។ ហើយ​ទី​២ ប្រសិន​បើ​ក្រុមហ៊ុន ឬរោងចក្រ ដួល​រលំ ហើយ​ម្ចាស់​អវត្តមាន គ្មាន​ប្រាក់​ដោះ​ស្រាយ នោះ​ក្រសួង​នឹង​អនុវត្ត​តាម​នីតិវិធី​តុលាការ។

ក្រោយ​ពី​បើក​ប្រាក់​ខែ​ដល់​កម្មករ ហើយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នឹង​ចុះ​ឈ្មោះ​រក​ការងារ​ថ្មី ដល់​កម្មករ​និយោជិត ដែល​បាត់​បង់​ការងារ។ ក្រសួង​ការងារ ក៏​នឹង​រៀប​ចំ​បទ​ប្បញ្ញត្តិ​កំណត់​កាតព្វកិច្ច​ឲ្យ​ក្រុមហ៊ុន​ត្រូវ​មាន​ធានារ៉ាប់​រង​ហានិភ័យ​ប្រាក់​ឈ្មួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​និយោជិត រួច​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ត្រួត​ពិនិត្យ​របស់​អធិការ​កិច្ច​ការងារ និង​ចាត់​វិធានការ​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់។ ជាមួយ​គ្នា​នេះ ក្រសួង​ការងារ នឹង​រៀប​ចំ​ប្បញ្ញត្តិ​ស្តីពី​ការ​ទូ​ទាត់​ប្រាក់​អតីតភាព​ប្រចាំ​ឆ្នាំ ដើម្បី​បន្ថយ​ទំហំ​ទឹក​ប្រាក់​សរុប​នៃ​ការ​ទូ​ទាត់​សរុប​លើ​ប្រាក់​អត្ថប្រយោជន៍ ក្នុង​ករណី​រោងចក្រ​បិទ​ទ្វារ​ជា​យថាហេតុ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​រោងចក្រ​ចំនួន ៩ ដែល​ក្នុង​នោះ​មាន​នៅ​ខេត្ត​កណ្តាល ១ ខេត្ត​កំពង់​ស្ពឺ ៣ និង​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៥ បាន​បិទ​ទ្វារ​ព្រោះ​ម្ចាស់​បាន​រត់​ចោល ដែល​បង្ក​ឲ្យ​ក្រុម​កម្មករ និយោជិត ធ្វើ​កូដកម្ម បាតុកម្ម​ជា​ច្រើន​ថ្ងៃ។ ក្រោយ​មក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​បញ្ចេញ​ប្រាក់​បុរេ​ប្រទាន​ប្រមាណ​ជិត ៤​លាន​៦​សែន​ដុល្លារ ដើម្បី​ដោះ​ស្រាយ​បើក​ប្រាក់​ខែ​ដល់​កម្មករ និយោជិត​ជាង ៤១០០​នាក់៕