អានតួអត្ថបទ
កម្ពុជា-នយោបាយ

​រដ្ឋា​ភិបាល​កម្ពុជា កំពុង​ពិចារណា​លើក​លែង​បំរាម​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ស្តី​ជំហាន​បន្ទាប់​ក្នុងការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​នៅ​កម្ពុជា។ តាមរយៈ​សេចក្តី​ថ្លែងការណ៍ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា រដ្ឋសភា កំពុង​ពិនិត្យ​ឡើង​វិញ បទ​បញ្ញត្តិ​ច្បាប់ ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ អាច​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឡើង​វិញ​។ 

មន្ត្រីអតីតបក្សប្រឆាំងក្នុងពេលកំពុងធ្វើយុទ្ធនាការនយោបាយ (រូបភាពឯកសារ)
មន្ត្រីអតីតបក្សប្រឆាំងក្នុងពេលកំពុងធ្វើយុទ្ធនាការនយោបាយ (រូបភាពឯកសារ) @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​សេចក្តី​ថ្លែងការណ៍​កម្រាស់​បី​ទំព័រ នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ពី​ជំហរ និង​ជំហាន​ចំនួន​៥ដែល​ខ្លួន​នឹង​អនុវត្ត ដើម្បី​ពង្រឹង​បន្ថែម​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​។ បើ​តាម​សេចក្តីថ្លែង​ការណ៍ រដ្ឋសភា កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់ ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​នយោបាយ ​ដើម្បីបន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​វិញ។ បុគ្គល​ទាំង​នោះ ទំនង​ជា តំណាងរាស្រ្ត​អតីត​សង្រ្គោះ​ជាតិ ទាំង​១១៨​ នាក់ ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ​ចំនួន ៥​ឆ្នាំ ក្រោយ​ពី​អតីតបក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។

បើ​តាម​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​ដដែល រដ្ឋាភិបាល បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត លើកស្ទួយ​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ការ​លុប​ចោល​នូវ​តម្រូវការ​ ដើម្បី​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​រយៈពេល​៣ថ្ងៃ ក្នុង​ការ​រៀប​ចំ​វេទិកា ឬ​សកម្មភាព​នានា ,ការ​បង្កើត​ក្រុម​ការងារ​អន្ដរ​ក្រសួង​ដើម្បី​ដោះស្រាយ​សំណើ និង​ការ​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ,និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បាន​ស្នើ​។

ទាក់​ទង​នឹង​សិទ្ធិ​ការងារ និង​សហជីព រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការជាតិ​សម្រាប់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​អនុសញ្ញា​អន្តរ​ជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អង្គការ​ពល​កម្ម​អន្តរជាតិ​។ ខណៈ​ក្រសួង​ការងារ នឹង​បង្កើត​ក្រុមការងារ​ដើម្បី​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​វិជ្ជាជីវៈ​តំណាង​និយោជក និង​និយោជិក ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព​ ហើយ​ក្រុម​ការងារ​ក៏​នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ដើម្បី​ប្រមូល​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​កែលម្អ​ច្បាប់​សហជីព​។

 

 

បើ​តាម​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ថា ខ្លួន​តែង​តែ​យក​ចិត្ត​ទុកដាក់ ដល់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ជា​ធរ​មាន​។ ចំពោះ​ករណី​កាសែត​ខេម​បូឌាដេលី អាច​បន្តប្រតិបត្តិការ​របស់​ខ្លួន នៅ​ពេល​ណា​ដែល​បំណុល​ត្រូវ​បាន​ដោះស្រាយ។ ដោយ​ឡែក​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ី​សេរី(RFA) ​និង​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ​គឺ​មាន​សេរីភាព​ក្នុង​ការ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចំណែក​ជំហាន​ទី​៥ ដែល​រដ្ឋាភិបាល នឹង​អនុវត្ត​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបេតយ្យ​នៅ​កម្ពុជា គឺ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ដែល​នៅ​សេស​សល់ នៅ​ខេត្តកោះកុង និង​ព្រះវិហារ រួម​នឹង​ជម្លោះ​ដីធ្លីផ្សេងៗ ការ​ចុះ​បញ្ជី​ដី​ធ្លី​ទូ​ទាំង​ប្រទេស ​ដែល​រួម​មាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដី​សម្រាប់​ផលិតកម្ម​ដល់​ប្រជាជន​គ្មាន​ដី​ធ្លី។ រដ្ឋា​ភិបាល​កម្ពុជា ស្វាគមន៍​ការ​ចូល​រួម​ពី​តំណាង​សហភាព​អឺរ៉ុប អង្គការ​សង្គមស៊ីវិល ក៏​ដូច​ជា​សហគមន៍​មូលដ្ឋាន​។

ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ក្រសួង​នីមួយៗ ​ចាប់​ផ្តើម​ដាក់​ចេញ​នូវ​វិធានការណ៍​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ដែរ​។ ដូច​យ៉ាង ក្រសួង​មហាផ្ទៃ​ តាមរយៈ​លោក​ ស ខេង កាល​ពី​ចុង​ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ប្រកាស​ ដោយ​អនុញ្ញាត​ឱ្យ​ អង្គការ សមាគម ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​ទៀត​ឡើយ​។ ចំណែក​ក្រសួង​ការងារ កាលពី​ថ្ងៃទី២៩ វិច្ឆិកា ពោល គឺ​នៅក្រោយ​មួយថ្ងៃ​នៃ​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី បានស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព​នៅ​កម្ពុជា ផ្តល់​របាយការណ៍​អំពី​សំណុំរឿង​របស់ខ្លួន​មកកាន់​ក្រសួង​ការងារ ឲ្យ​បាន​មុន​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី​ឲ្យ​ក្រសួង​រៀបចំ​ដំណើរការ​នីតិវិធី​ជាមួយ​ក្រសួងយុត្តិធម៌​ក្នុងការ​ព​ន្លឿ​ន និង​បញ្ចប់​សំណុំរឿង​របស់​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ