ប្រមុខរដ្ឋាភិបាលខ្មែរបង្ហាញកង្វល់ពីការភ្នាល់បាល់ក្នុងរដូវកាល World Cup
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញមុខអំពាវនាវទៅ ពលរដ្ឋខ្មែរដែលកំពុងតាមដានការប្រកួតបាល់ទាត់ពិភពលោក (World Cup) កុំធ្វើការភ្នាល់បាល់គ្នាដោយដាក់ជាទ្រព្យសម្បត្តិ តែត្រូវជំនួសមកវិញដោយការថ្ពក់ដៃជាមិត្តភាព។ ទន្ទឹមនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជានៅថ្ងៃពុធនេះ ក៏បានអះអាងដូចគ្នាថា ពួកគេកំពុងទប់ស្កាត់ចលនាភ្នាល់បាល់នេះ នៅទូទាំងប្រទេសដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
ទន្ទឹមនឹងវិធានការទប់ស្កាត់ លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានកត់សម្គាល់ថា អ្នកនិយមទស្សនាវិស័យបាល់ទាត់ខ្លះបានធ្វើការភ្នាល់បាល់ដោយស្ងាត់ស្ងៀម ដែលចំណុចនេះធ្វើឲ្យអាជ្ញាធរពិបាកនៅក្នុងការចុះទៅបង្ក្រាបដោយផ្ទាល់ ព្រោះមិនមានភស្តុតាងជាក់លាក់។ ទោះជាលំបាកបន្តិចក៏ដោយ តែអាជ្ញាធរប្ដេជ្ញាទប់ស្កាត់ចលនាភ្នាល់បាល់នេះ មិនឲ្យកើតមានឡើយ។ នេះបើតាមអ្នកលោក គៀត ចន្ទថារិទ្ធ។
តែយ៉ាងណាក៏ដោយលោក គៀត ចន្ទថារិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីការប្រកួត World Cup នៅថ្ងៃទី១៤មិថុនាដល់ថ្ងៃទី២០មិថុនានេះ ចលនាធំដុំណាមួយនៃការភ្នាល់បាល់ពិភពលោក នៅមិនទាន់កើតឡើងទេ ខណៈនៅថ្ងៃទី១៩មិថុនាម្សិលមិញ សមត្ថកិច្ចខេត្តកណ្ដាលចុះបង្ក្រាបកន្លែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែតមួយកន្លែង ជ្រកក្រោមស្លាកហាងកាហ្វេ។ ក្នុងនោះអាជ្ញាធរបានបង្ហាញអត្តសញ្ញាណមនុស្សប្រុសស្រី៦នាក់ដែលភាគច្រើនជាបុរសបានចំណាយប្រាក់ចាប់ពី២ដុល្លារដល់១០០ដុល្លារក្នុងការភ្នាល់បាល់។
តាមរយៈសកម្មភាពនេះ អាជ្ញាធរលើកឡើងថា ការភ្នាល់បាល់ក៏ត្រូវបានចាត់ចូលជាប្រភេទល្បែងស៊ីសង់ខុសច្បាប់។ ខុសច្បាប់ដោយសារតែការភ្នាល់មានចាញ់មានឈ្នះ ហើយសម្រាប់ អ្នកចាញ់អាចបង្កទៅអំពើអសន្តិសុខនៅក្នុងសង្គម តាមរយៈការប្រើហិង្សានិងលួចឆក់ជាដើម។ នៅថ្ងៃនេះដែរ នៅក្នុងជំនួបសំណេះសំណាលជាមួយគម្មករកាត់ដេរ នៅខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ទៅកាន់ប្រជាពលរដ្ឋ កុំឲ្យធ្វើការភ្នាល់គ្នាដាក់ប្រាក់។
ទន្ទឹមគ្នានឹងកម្ពុជាកំពុងស្កាត់ចលនាភ្នាល់បាល់នេះ នៅប្រទេសថៃឯណោះវិញ មនុស្សជាង៣ពាន់នាក់ ត្រូវបានចាប់ខ្លួនពីបទភ្នាល់បាល់ World Cup ខុសច្បាប់ ក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក(World Cup) នៅប្រទេសរុស្ស៊ីបានធ្វើឡើង ចាប់ពីថ្ងៃទី១៤ ខែមិថុនាដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០១៨ ដោយក្នុងនោះ មាន៣២ប្រទេសចូលរួមប្រកួត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ