rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក អ៊ិត សំហេង៖ ​ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅ​កន្លែង​ការងារ​ គឺ​ជា​ជំងឺ​ដែល​ត្រូវ​តែ​ព្យាបាល​

media
សិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពីការងារស្ត្រីនៅកន្លែងការងារ @សហការី

រដ្ឋមន្ត្រី​ក្រសួង​ការងារ បានព្រមានថា ការបៀត​បៀន​ផ្លូវ​ភេទ​នៅកន្លែង​ការងារ ប្រៀប​បានជាជំងឺ​មួយ​ប្រភេទ​ដែល​ចាំបាច់​ត្រូវ​តែ​ព្យាបាល។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​ លោក អ៊ិត សំហេង គឺ​នៅក្នុង​ខណៈ​ពេល​ដែលលោក​ថ្លែង​បើក​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ ស្តី​ពីការងារ​ស្ត្រី​នៅកន្លែង​ការងារ​ ដែល​ចាប់​ផ្តើម​ពីថ្ងៃទី១៧ដល់​១៨​ខែតុលានេះ ដែល​រៀប​ចំឡើង​ដោយអង្គការដែលធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​នៅកម្ពុជា។ 


ត្បិត​កម្ពុជា​មាន​ច្បាប់ប្រឆាំង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទក៏ដោយ ​តែ​ភាគីពាក់ព័ន្ធ​នៅតែ​រក​ឃើញ​ថា ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅកន្លែង​ការងារ​នៅតែកើតមានឡើង ដែល​ប្រៀបបាន​ជាជំងឺ​មួយ​ប្រភេទ​ដែល​ត្រូវ​តែ​ព្យាបាល។ ការ​បៀត​បៀន​ផ្លូវ​ភេទ គឺ​មិន​មែន​ជា​ឥរិយាបថ​ដែល​មាន​ការ​ទាក់​ទង​គ្នា ទៅ​វិញ​ទៅ​មក​ជា លក្ខណៈ​ មិត្ត​ភាព ឬ​ការ​គោរព​នោះ​ឡើយ​។ នេះបើតាម​អង្គការCareអូស្ត្រាលី។

ឧទាហរណ៍៖ ស្រ្ដី​ពីរ​នាក់​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សម្លៀក បំពាក់​របស់​ពួក​គេ។ ប៉ុន្តែ បើការសរសើរនោះចេញពីបុរសម្នាក់ទៅស្រ្ដីម្នាក់ នោះ​អាច​បណ្ដាល​ឱ្យ​ស្រ្ដី​ម្នាក់​នោះ​មាន​អារម្មណ៍​មិន​សូវ​ល្អ និងភិតភ័យទៅវិញ។ ក្នុង​ករណី​នេះ​អាច​ចាត់​ទុក​បាន​ថា​ វា​ជា​ការ​បៀតបៀន​ផ្លូវ​ភេទផងដែរ។ នេះបើតាម​អង្គការ​ដដែល។

មានស្រ្តីជាច្រើនជាអ្នកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ប្រសិន​បើ​ស្រ្ដី​ណា​ម្នាក់​បោះបង់​ការងារ​ដោយ​សារ​ការបៀត បៀនផ្លូវភេទនៅកន្លែងធ្វើការ ឬនៅតាមផ្លូវ នោះ​វា​មាន​ន័យ​ថា​នាង​នឹង​គ្មាន​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​របស់នាង។ ហើយ​នោះគឺ​ជាផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​ស្រ្ដី​វ័យ​ក្មេង​ឈប់​រៀន​ដោយ​សារ​​តែមាន ការបៀតបៀនផ្លូវភេទ វាអាចផ្ដល់ផលប៉ះពាល់ទៅលើការអប់រំ ការងារ​នា​ពេលអនាគត​ និង​អារម្មណ៍​សុវត្ថិភាពរបស់នាងជាមួយ​ពិភពខាងក្រៅ។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ជៀស​ផុត​ពី​ការ​បៀត​បៀន​ផ្លូវ​ភេទ ដែល​មានចែង​នៅ​ក្នុង​សិទ្ធិមនុស្សនៃ​ច្បាប់​អន្ដរ​ជាតិ។ ​ការ​បៀត​បៀន​ផ្លូវ​ភេទ​នេះ​ក៏​ប្រឆាំង​ទៅ​នឹង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា និង​ក្រម​ព្រហ្ម​ទណ្ឌ​២០០៩​ទៀត​ផង​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បានព្រមានថា ការបៀត​បៀន​ផ្លូវ​ភេទ​នៅកន្លែង​ការងារ ប្រៀប​បានជាជំងឺ​មួយ​ប្រភេទ​ដែល​ចាំបាច់​ត្រូវ​តែ​ព្យាបាល បើពុំនោះទេ​វានឹង​ធ្វើ​ឲ្យប៉ះពាល់​មិន​ត្រឹម​តែ​សិទ្ធិ​ស្ត្រី​ប៉ុណ្ណោះទេ ថែមទាំង​រារាំង​ដល់​ការអភិវឌ្ឍ​របស់​សង្គមជាតិផងដែរ៕