អានតួអត្ថបទ
កម្ពុជា-នយោបាយ

​បញ្ហា EBA​៖ ​ពលរដ្ឋ​ខ្មែរ​ចេញ​វីដេអូ​សំណូម​ពរ​រដ្ឋា​ភិបាល​ខ្មែរ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន​ការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​វីដេអូ បង្ហាញ​ពី​ពលរដ្ឋ​ជា​ក្រុម សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​ការដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​សហភាព​អឺរុប​។​ មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋា​ភិបាល យក​កង្វល់​របស់​ពលរដ្ឋ​ទាំង​នេះ ទៅ​ពិចារណា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ថា​មិន​អាច​ពិចារ​ណា​អ្វី​លើស​នេះ​បាន​ទេ ប៉ុន្តែ​រដ្ឋា​ភិបាល​ក៏​មិន​ហាម​ឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នោះ​ដែរ​។ 

ពលរដ្ឋខ្មែរចេញវីដេអូសំណូមពររដ្ឋាភិបាលខ្មែរឲ្យស្តារលទ្ធិប្រជាតេយ្យឡើងវិញ
ពលរដ្ឋខ្មែរចេញវីដេអូសំណូមពររដ្ឋាភិបាលខ្មែរឲ្យស្តារលទ្ធិប្រជាតេយ្យឡើងវិញ @RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​វីដេអូ មិន​ដល់​មួយ​នាទីផង គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ ដែល​ប្រមូល​គ្នា​ជាក្រុម ​ដោយ​អះអាង​ថា មក​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​មួយ​ក្រុម​ទៀត មក​ពី​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​សំណូម​ពរឲ្យ​រដ្ឋា​ភិបាល​កម្ពុជា អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA ពី​សហគមន៍​អឺរុប​។

លោក​អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ លើក​ឡើងថា រដ្ឋា​ភិបាល​កម្ពុជា គួរ​តែ​យក​កង្វល់​ដែល​ពលរដ្ឋ​ បាន​ធ្វើ​ជា​វីដូអូ បង្ហោះ​លើ​បណ្តាញសង្គម​នេះ ទៅ​ពិចារ​ណា ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញ​ពី​កម្ពុជា​។ ក្នុង​នោះ​លោក អ៊ូ ច័ន្ទរ័ត្ន ក៏​សំណូម​ពរ កុំឲ្យ​មាន​ការ​បង្ក្រាប​ណាមួយ ឬ ប្រើ​វិធានាការ​ផ្លូវច្បាប់​ណា​មួយ​ទៅលើ​ការ​ទាម​ទារ​បែប​នេះ ទោះ​បី​ជា​អ្នក​ទាម​ទារ​នោះ ជា​ពលរដ្ឋ​ធម្មតា ឬ ជា​សកម្មជន​នយោបាយ​ក៏​ដោយ​។

យ៉ាង​ណា​មិញ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភក្ត អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​នេះ​ថា សកម្មភាព​ទាំង​នោះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដែល​រដ្ឋាភិបាល នឹង​មិន​រឹតត្បិត​អ្វីនោះ​ទេ។ តាម​លោក​ ខៀវ សុភក្ត គឺពលរដ្ឋ អាច​បង្ហោះ​សារ​បង្ហាញ​កង្វល់​របស់​ខ្លួន​បាន​ដោយ​សេរី ប៉ុន្តែ​លោក​ថា ទោះ​បី​ជា​បែប​ណា ក៏​រដ្ឋាភិបាល មិន​អាច​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​សហភាព​អឺរុប ដែល​ត្រូវ​យក​អធិបតេយ្យ​កម្ពុជា​ ជា​ថ្នូរ​ដូរ​នឹង EBA ដែរ​។

គួរ​កត់​សម្គាល់​ថា ការ​បង្ហោះ​សារ​បង្ហាញ​កង្វល់​របស់​ពលរដ្ឋ​បែប​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅថា GMAC ទើប​បាន​បញ្ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ នៅ​ក្នុង​សប្តាហ៍​នេះ ដោយ​ព្រមាន​ថា ​បើ​សហភាព​អឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)នៅ​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​កម្មករ ​៧៥​ម៉ឺន​នាក់ ព្រម​ទាំង​​ប៉ះ​ពាល់​ដល់​គ្រួសារ​របស់​ពួក​គេ​ជាង​ ៣​លាន​នាក់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ