សមាគមរោងចក្របង្ហើបពីគម្រោងប្តូររថយន្តដឹកកម្មករបច្ចុប្បន្ន
សមាគមរោងចក្រកាត់ដេរ និងរដ្ឋាភិបាលកំពុងតែគិតគូរពីការផ្លាស់ប្តូររថយន្តដឹកកម្មករបច្ចុប្បន្ន ដែលជារថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរមានដំបូលត្រឹមត្រូវ និងអាចការពារគ្រោះថ្នាក់ដល់កម្មករ។ នេះបើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ តំណាងសហជីពកម្មករស្វាគមន៍ចំពោះការគិតគូរនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
លោកកាំង ម៉ូនីកា អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែសីហា ថា គម្រោងផ្លាស់ប្តូររថយន្តដឹកកម្មករបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងការជជែកពិភាក្សាជាមួយនឹងក្រសួងការងារនៅឡើយ។ លោកម៉ូនីកាថា ការយករថយន្តដឹកទំនិញមកដឹកកម្មករគឺខុសទៅនឹងច្បាប់ចរាចរណ៍ ប៉ុន្តែការធ្វើបែបនេះគឺដោយសារតែប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចខ្សត់ខ្សោយ។
នៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរបន្ថែមថា ការផ្លាស់ប្តូរនេះ គឺពាក់ព័ន្ធទៅនឹងស្ថានភាពហិរញ្ញវត្ថុ របស់ម្ចាស់រថយន្តបច្ចុប្បន្ន។ ប៉ុន្តែពេលនេះអន្តរក្រសួង និងក្រុមការងាររបស់លោក កំពុងជជែកពីលទ្ធភាពជួយម្ចាស់រថយន្តឲ្យប្តូរមកប្រើរថយន្ត ដែលមានដំបូលត្រឹមត្រូវ និងអាចការពារគ្រោះថ្នាក់បាន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គម្រោងផ្លាស់ប្តូររថយន្តនេះ គឺជាសំណើរបស់ភាគីសហជីព ដែលស្នើទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកាលពី២ឆ្នាំមុន។ លោកបន្ថែមថាសំណើរបស់សហជីពនៅពេលនោះ ក៏មានភ្ជាប់ជាមួយនឹងគំរូរថយន្តសម្រាប់ដឹកកម្មករពីបណ្តារោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជាដែរ។
លោកបញ្ជាក់ថាការគិតគូរពីការផ្លាស់ប្តូររថយន្តនេះ ក៏ជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកបញ្ជាទិញដែរ។ លោកបន្ថែមថាគម្រោងនេះគឺជាការរួមចំណែកមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករផ្នែកកាត់ដេរនៅកម្ពុជា។
លោកជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានឲ្យដឹងថាកន្លងមកលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់ចេញលិខិតអំពាវនាវឲ្យម្ចាស់រថយន្តដឹកកម្មករទាំងអស់ប្តូរមកប្រើរថយន្តដឹកអ្នកដំណើរវិញដែរ។ លោកបញ្ជាក់ថាចំនួនរថយន្តដឹកទំនិញ ដែលប្រើសម្រាប់ដឹកកម្មករ កាលពីឆ្នាំ២០១៥ និង២០១៦ មានតែ២០ភាគរយ ទៅ៣០ភាគរយតែប៉ុណ្ណោះ ហើយនៅត្រឹមឆមាសទី១ ឆ្នាំ២០១៧នេះ ប្រភេទរថយន្តដឹកកម្មករបែបនេះបានថយចុះ។
បើតាមលោកជាវ ប៊ុនរិទ្ធ ការប្តូរមកប្រើរថយន្តដឹកអ្នកដំណើរវិញគឺដើម្បីគិតពីសុវត្ថិភាពធ្វើដំណើរ និងបញ្ហាសុខភាពរបស់កម្មករ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ