rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អន្តោប្រវេសន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរ​អន្តោប្រវេសន៍៖​កម្ពុជា​មាន​ជន​បរទេស​រស់​នៅ​ជាង​១៧​ម៉ឺន​នាក់ តែ​កាន់​ឯកសារ​មិន​ត្រឹម​ត្រូវ​ជាង​៧​ម៉ឺន​នាក់

media
​ជន​បរទេស​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប នា​ពេល​កន្លង​មក RFI/ Siv Channa

នៅ​ព្រឹក​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ បាន​បើក​សន្និបាត​បូក​សរុប​ការងារ​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ថ្មី​សម្រាប់​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។ បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ គឺ​មក​ដល់​ពេល​នេះ​ជន​បរទេស​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​១៧​ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី​ជាង​៧​ម៉ឺន​នាក់។


របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ជន​បរទេស​អន្តោប្រវេសន៍​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​៤៦.៧៧៦​គ្រួសារ ស្មើ​នឹង​ជាង​១៧៦.៨១២​នាក់។ ក្នុង​នោះ ជន​បរទេស​អន្តោប្រវេសន៍​កាន់​កាប់​ប្រើ​ប្រាស់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ចំនួន​ជាង​២០.២១៨​គ្រួសារ​ស្មើ​នឹង​៧៣.៣៩៧​នាក់ មាន​៥​សញ្ជាតិ។ បើ​តាម​របាយការណ៍ ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំង​នេះ មាន​៧​ប្រភេទ គឺ​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ។

ដោយ​ឡែក ការ​បណ្តេញ​ជន​បរទេស​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៧​វិញ មាន​១.៨៨៥​នាក់ មាន​៤៧​សញ្ជាតិ ក្នុង​នោះ​ជន​ជាតិ​វៀតណាម​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ដល់​ទៅ​៩១៧​នាក់ ចិន​៥៩៨​នាក់ នីហ្សេរីយ៉ា​១៥៥​នាក់ ឥណ្ឌា ៣១​នាក់ តៃវ៉ាន់​៣១​នាក់ កូរ៉េ​ខាង​ត្បូង​១៥​នាក់ អង់គ្លេស​១៤​នាក់ អាមេរិក​១៣​នាក់ និង ហ្វីលីពីន​១២​នាក់​ជា​ដើម។ ទាក់​ទង​នឹង​ការ​ទទួល​យក​ជន​ជាតិ​ខ្មែរ​ពី​អាមេរិក​វិញ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៧​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ទទួល​ជន​ជាតិ​ខ្មែរ​ចំនួន​៤​លើក មាន​មនុស្ស​២៨​នាក់។ បើ​គិត​សរុប​មក​ដល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ធ្វើ​មាតុភូមិ​និវត្ត​មាន​ចំនួន​២៣០​លើក មាន​មនុស្ស​ចំនួន​៥៧២​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​១៤​នាក់។

ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​មាន​ការ​បង្រ្កាប​និង​បណ្តេញ​ជន​បរទេស​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​ក៏​ដោយ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​អន្តោប្រវេសន៍​ក៏​ជួប​នៅ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ។ បញ្ហា​ប្រឈម​ដែល​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ គឺ​អាជ្ញាធរ​អះអាង​ថា ជន​ជាតិ​នីហ្សេរីយ៉ា​ជិត​៧០០​នាក់​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​តែ​ពុំ​ព្រម​ចាក​ចេញ​ទៅ​វិញ។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​អន្តោប្រវេសន៍ បាន​គូស​បញ្ជាក់​ថា នឹង​បន្ត​អនុវត្ត​ជា​ប្រចាំ​នូវ​ការ​បណ្តេញ​ជន​បរទេស​ដែល​រស់​នៅ​ខុស​ច្បាប់ និង​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ម៉្យាង​វិញ​ទៀត អាជ្ញាធរ​នឹង​បន្ត​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​លើ​ជន​បរទេស​រស់​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​អះអាង​ថា នឹង​ពង្រឹង​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ដែល​បំពេញ​ភារកិច្ច​នៅ​តាម​ព្រំដែន បង្កើន​ប្រសិទ្ធភាព​រាំង​ស្កាត់​ជន​បរទេស​ឆ្លង​ដែន​កុំ​ឲ្យ​ចូល​មក​តាំង​ទី​លំនៅ និង​ប្រកប​មុខ​របរ​ខុស​ច្បាប់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា៕