rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គណបក្សនយោបាយ បោះឆ្នោត អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពន្យល់ UN ពី​ហេតុ​ផល​ដែល​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា

media
ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ជួប​ជាមួយ​ប្រតិភូ​អង្គការ​សហប្រជាជាតិ @facebook/sam inn

ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជួប​ជាមួយ​ប្រតិភូ​អង្គការ​សហប្រជាជាតិ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​បាន​ប្រាប់​ពី​ហេតុ​ផល​ដែល​គណបក្ស​នេះ​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ។ ក្រៅ​ពី​ប្រតិភូ​អង្គការ​សហប្រជាជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​គ្រោង​ជួប​ជាមួយ​ទូត​បារាំង កាណាដា និង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។


នៅ​ក្នុង​ជំនួប​នៅ​ទី​ស្នាក់​ការ​អង្គការ UNDP គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​រៀប​រាប់​ប្រាប់​ប្រតិភូ​អង្គការ​សហប្រជាជាតិ​ពី​ដើម​កំណើត គោល​ជំហរ និង​គោល​នយោបាយ​របស់​គណបក្ស។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​សាម​ អ៊ីន ដែល​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ក្រៅ​ពី​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​ពន្យល់​ប្រតិភូ​អង្គការ​សហប្រជាជាតិ ពី​ហេតុ​ផល​ដែល​ខ្លួន​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។ សម្រាប់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ការ​ចូល​រួម​ការ​បោះ​ឆ្នោត គឺ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​គណបក្ស បាន​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​នយោបាយ​ថ្មី គោល​នយោបាយ​ថ្មី និង​ផ្តល់​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​នូវ​ការ​ផ្លាស់​ប្តូរ និង​ចង់​បាន​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា។

ប្រតិភូ​អង្គការ​សហប្រជាជាតិ​មិន​បាន​វាយ​តម្លៃ និង​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​មួយ​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាម​ អ៊ីន គណៈប្រតិភូ​នេះ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​លើ​ឆាក​នយោបាយ​កម្ពុជា។

សូម​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​ប្រតិភូ​អង្គការ​សហប្រជាជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​គ្រោង​ជួប​ជាមួយ​ទូត​បារាំង​នៅ​ថ្ងៃ​ទី​១១ ឧសភា និង​ទូត​កាណាដា ព្រម​ទាំង​តំណាង​សហភាព​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ។ ជំនួប​ទាំង​នេះ​គ្រោង​ឡើង​តាម​ការ​អញ្ជើញ​របស់​ស្ថានទូត​បរទេស​ទាំង​នោះ​ផ្ទាល់​តែ​ម្ដង​។ លោក​សាម អ៊ីន បាន​វាយ​តម្លៃ​ថា ការណ៍​ដែល​ស្ថានទូត​ប្រទេស​ធំៗ​ទាំង​នេះ​ចាប់​អារម្មណ៍​លើ​គណបក្ស​របស់​លោក គឺ​ដោយ​សារ​តែ​ពួក​គេ​យល់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជា​ជម្រើស​ថ្មី​ដែល​ពោរ​ពេញ​ទៅ​សមត្ថភាព និង​សក្កានុពល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

ជា​ការ​កត់​សម្គាល់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ពិសេស​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តែ​ម្តង ក្រោយ​ពេល​ដែល​គណបក្ស​ដ៏​ក្មេង​ខ្ចី​នេះ សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា។ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អះអាង​តប​ទៅ​វិញ​ថា​ ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​តាម​ឆន្ទៈ​នៃ​អ្នក​គាំទ្រ​របស់​ខ្លួន មិន​មែន​ស្តាប់​តាម​អ្នក​គាំទ្រ​គណបក្ស​ផ្សេង​ទេ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​នឹង​យក​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​គណបក្ស​និង​បេក្ខជន​គណបក្ស​ទៅ​ដាក់​នៅ​គ.ជ.ប នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​នឹង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​២៥ រាជធានី-ខេត្ត​តែ​ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាម អ៊ីន៕