អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​៖ ​ប្រព័ន្ធ​អន​ឡាញ E-VAT Refund បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រមូល​ពន្ធ​ដារ​

កិច្ច​ប្រជុំ​សរុប​លទ្ធផល​ចំណូល​ពន្ធ​នៃ​ឆមាស​ទី១ ឆ្នាំ​២០១៩ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​កំណើន​ចំណូល​ពន្ធ​អាករ កើន​ឡើង​បាន​ជាង​៣០០​លាន​ដុល្លារ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ឲ្យ​ដឹង​ថា នេះ​ដោយ​សារ​តែ​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់​គ្រង​ការ​ប្រមូល​អាករ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ E-VAT Refund។ 

ប្រាក់រៀល
ប្រាក់រៀល @សហការី
ផ្សាយពាណិជ្ជកម្ម

ចំណូល​ពន្ធ​អាករ ដែល​ប្រមូល​បាន​មក​រយៈ​ពេល​៦ខែ​ឆ្នាំ​២០១៩​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨​។ ការ​កើន​ឡើង​នេះ ត្រូវ​បាន លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បាន​កត់​សម្គាល់​ថា កើត​ចេញ​ពី​ប្រសិទ្ធិភាព​នៃ​ការ​គ្រប់​គ្រង​ការ​ប្រមូល​ពន្ធ​អាករ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​ឈ្មោះ​ថា E-VAT Refund។

តាម​របាយការណ៍​ពន្ធ​ដារ ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ​២០១៩​នេះ អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ ចូល​ថវិកា​ជាតិ​បាន​ប្រមាណ​ជា ជាង​១,៥​ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង ៦៦,៧១% នៃ​ផែន​ការ​ប្រចាំ​ឆ្នាំ​។ ដោយ​ឡែក កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​វិញ ចំណូល​ពន្ធ​អាករ​ប្រមូល​បាន​ចំនួន ១៩៧​លាន​ដុល្លារ គឺ​កើន​ឡើង ៥៧,១៨​លាន​ដុល្លារ បើ​ធៀប​ទៅ​នឹង​ខែ​មិថុនា ឆ្នាំ​មុន​។

តាម​លោក គង់ វិបុល ប្រព័ន្ធ E-VAT Refund បាន​ធ្វើ​ឲ្យ​មាន​នូវ​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការ​ស្នើ​សុំ​បង្វិល​សង និង​ការ​ប្រើ​ប្រាស់​ឥណទាន​អាករ​លើ​តម្លៃ​បន្ថែម​។ ប្រព័ន្ធ​ដដែល​នេះ បាន​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់​គ្រង​ប្រមូល​អាករ​លើ​តម្លៃ និង​ជួយ​ទប់​ស្កាត់​ការ​គេច​វេះ កេង​បន្លំ​ប្រាក់​ពន្ធ​ជា​ដើម​។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ប្រព័ន្ធ​មួយ​នេះ វា​លេច​ចេញ​ជា​លទ្ធផល​មក ដោយ​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​នៃ​ឆ្នាំ​២០១៩ ចំណូល​អាករ​លើ​តម្លៃ​បន្ថែម​កើន​ឡើង​បាន ៣៦,៦២% ធៀប​នឹង​កាល​ពី​ឆ្នាំ​២០១៨​។

សូម​បញ្ជាក់​ថា ផ្អែក​តាម​រយៈ​ទិន្ន​ន័យ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ ៥ឆ្នាំ​ចុង​ក្រោយ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​ដល់ ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ​អាករ គឺ​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​ប្រមាណ​ជា​២០% នេះ​ក៏​ព្រោះ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​មាន​ការ​កើន​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ