rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ប្រេងកាត រ៉ែ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួងពាណិជ្ជកម្ម ៖ តម្លៃ​ប្រេងឥន្ធនៈ​នឹង​បន្ត​ឡើងថ្លៃ​ថែមទៀត បើ​ស្ថានភាព​នយោបាយ​នៅលើ​ពិភពលោក​មិនទាន់​នឹងន

media
ក្រសួងពាណិជ្ជកម្ម ថា តម្លៃប្រេងឥន្ធនៈនឹងបន្តឡើងថ្លៃថែមទៀត បើស្ថានភាពនយោបាយនៅលើពិភពលោកមិនទាន់នឹងន (រូបតំណាង) @Google

កាលពី​ថ្ងៃ​ចន្ទ ក្រសួងពាណិជ្ជកម្ម កម្ពុជា បានចេញ​ប្រកាស​មួយ ស្តីពី តម្លៃ​លក់រាយ​ប្រេង ឥន្ធនៈ​នៅតាម​ស្ថានីយ សម្រាប់​អនុវត្ត​មួយ​សប្តាហ៍​ទៅមុខ ដោយ​កំណត់​ថ្លៃ ប្រេងសាំង​ធម្មតា ៣៨០០រៀល ប្រេងសាំង​ធម្មតា ៣៧៥០រៀល និង​ប្រេងម៉ាស៊ូត ៣៤០០រៀល ក្នុង​មួយ​លីត្រ។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ព្យាករណ៍​ថា តម្លៃ​ប្រេង​នឹង​បន្ត​ឡើង​ថែមទៀត ដោយសារ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច នៅ​សហរដ្ឋអាមេរិក និង​នៅ​សហគមន៍​អឺរ៉ុប មិន​នឹងន ទើប​អង្រួន​ឲ្យ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ ហើយ​មាន​ឥទ្ធិពល​ដល់​កម្ពុជា។


អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កម្ពុជា កញ្ញា សឹង សុ​ផា​រី បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា អាច​ធ្លាក់​ថ្លៃ​ចុះ​វិញ នៅពេល​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​មួយ ដែល​នឹង​បន្ថយ​ព្យុះ​រលក​សេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ គឺ សេដ្ឋកិច្ចកម្ពុជា សមាហរណកម្ម​នឹង​សេដ្ឋកិច្ចពិភពលោក បើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង ប្រេង​នៅ​កម្ពុជា ក៏​កើន​ថ្លៃ​ដូចគ្នា​ដែរ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បន្ថែមថាការកាត់បន្ថយ​ទិន្នផល​ប្រេងរបស់អង្គការ OPEC  មិនមែនជាមូលហេតុ​នៃ​ការ​ក្រឡុក​តម្លៃ​ប្រេងឥន្ធនៈ​ទេ តែ​គឺ នយោបាយ​ចម្រូងចំរាស់ របស់ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និងសហគមន៍​អី​រ៉ុ​ប​ទៅវិញ​ទេ។
 
គួររំលឹកថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១៧១ នៃ​សន្និសីទ​របស់​អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ OPEC កាលពី​ថ្ងៃទី៣០ វិច្ឆិកា ២០១៦ សមាជិក​ទាំង ១៣ប្រទេសរបស់ខ្លួនបានសម្រេចកាត់​បន្ថយ​ទិន្នផល​ប្រេង​របស់ខ្លួន (មួយ​លាន២សែន) ១.២លាន ប៉ា​រ៉ែ​ល ក្នុង​មួយថ្ងៃ ពោលគឺឲ្យ​មក​នៅត្រឹមតែ (សាមសិប​ពី​លាន៥សែន) ៣២,៥លាន​បារី​ល តែប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ចាប់ពី​​ថ្ងៃទី១ មករា ២០១៧ តទៅ។ ភ្លាមៗក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​វ៉ី​យ៉ែ​ន (Vienna Agreement) នេះ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង ក្នុង​រង្វង់​ប្រមាណ​ជា ១០% គឺ​ប្រេង​ក្នុង​មួយ​បារី​ល មានតម្លៃ​រហូត​ទៅដល់ ៥០ ទៅ ៥២ដុល្លារ។ តាម​ទស្សនៈ​វិស័យ​​របស់ អង្គការ OPEC ក្នុង​ឆ្នាំ២០១៦ បង្ហាញថា តម្រូវការ​ប្រេង នឹង​កើន​ដល់ ១០៩ លាន បារ៉ែល ក្នុង​មួយថ្ងៃ ហើយ​នៅ​ឆ្នាំ២០៤០ នឹងមាន​តម្រូវ​ការកើនឡើង ១៦លាន បារ៉ែល ក្នុង​មួយថ្ងៃ ថែមទៀត។
 
បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម រដ្ឋាភិបាល​កម្ពុជា គ្មាន​គោលនយោបាយ​ឧបត្ថម្ភ​ធន ដើម្បី​ទប់​តម្លៃ​ប្រេង​ឡើងថ្លៃ​ទេ ដូច្នេះ រដ្ឋាភិបាល ស្នើ​ឲ្យ​អ្នកប្រើប្រាស់ ចូលរួម​សន្សំសំចៃ កុំ​ប្រើ​ខ្ជះខ្ជាយ ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ប្រេងឥន្ធនៈ។ រីឯ ការកំណត់​រូបមន្ត​តម្លៃ​ប្រេង​នៅ​កម្ពុជា គឺ​ដើម្បី​ការពារ​កុំ​ឲ្យ អ្នកលក់​ប្រេង ដាក់​តម្លៃ​តាមចិត្ត ប៉ុណ្ណោះ។
 
គួរ​ជម្រាប​ថា ការកំណត់​រូបមន្ត​តម្លៃ​ប្រេង​នៅ​កម្ពុជា ដែល​ត្រូវបាន អន្តរក្រសួង​ប្រកាស ដាក់ចេញ​ជា​ផ្លូវការ កាល​នៅ​ថ្ងៃទី៩ មីនា ២០១៦ ត្រូវបាន​ធ្វើឡើង​ដោយមាន​រូ​ម​មន្ត​កំណត់​មួយ​ច្បាស់លាស់ ហើយ​មានការ​ព្រមព្រៀង​រវាង​តំណាង​ក្រុមហ៊ុន​ប្រេង​នៅ​កម្ពុជា និង​រដ្ឋា​ភិបាល​កម្ពុជា។ ការកំណត់​តម្លៃ​នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល១០ថ្ងៃ​ម្តង ហើយនឹង​ដាក់ចេញ​នៅ​រៀងរាល់​ថ្ងៃទី ០១ ថ្ងៃទី១១ និង​ថ្ងៃទី២១ នៃ​ខែនីមួយ។ តាម​តារាង​ជូនដំណឹង​ស្តីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ របស់​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ថ្ងៃទី២២ មករា រហូត​ដល់​ថ្ងៃទី០១ កុម្ភៈ ២០១៧ គ្រប់​ស្ថានីយប្រេងឥន្ធនៈ ទាំងអស់​នៅ​កម្ពុជា ត្រូវ​លក់រាយ​ប្រេង​សាំង​ធម្មតា​ក្នុងតម្លៃ ៣៧៥០រៀល ក្នុង​មួយ​លីត្រ តម្លៃ​នេះ​បើ​ធៀប​នឹង​រយះពេល​ដូចគ្នា​ក្នុង​ខែមករា គឺ​កើនឡើង ១៥០រៀល៕