rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្មករ ចរាចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​រថ​យន្ត​ដឹក​កម្មករ​នៅ​តែ​បន្ត​គ្រោះ​ថ្នាក់​លើ​ផ្លូវ​ថ្នល់ ខណៈ​ការ​ទប់​ស្កាត់​គ្មាន​ប្រសិទ្ធ​ភាព​

media
រថយន្តដឹកកម្មករកម្មការនី បានក្រឡាប់ @FN

យ៉ាង​ហោច​ណាស់​កម្មការិនី​ពីរ​នាក់​បាន​ស្លាប់ ខណៈ​កម្មការិនី​៣១នាក់​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង នៅ​ថ្ងៃទី៣០​ខែកក្កដា​នេះ ក្នុង​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង។ ភ្លាមៗ​ក្រសួង​ការងារ​និង​សហជីព​មួយ​ចំនួន​បាន​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ​។ ប៉ុន្តែ​អ្វី​គួរ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ ដែល​រថយន្ត​ដឹក​កម្មករ​នៅ​តែ​បន្ត​គ្រោះ​ថ្នាក់​លើ​ផ្លូវ​ថ្នល់ ខណៈ​ក្រុម​សហជីព​បាន​រិះគន់​ចំពោះ​ចំណាត់​ការ​ទប់​ស្កាត់​គ្មាន​ប្រសិទ្ធិភាព​របស់​ភាគី​ពាក់​ព័ន្ធ​។ 


វិធានការណ៍​ទប់​ស្កាត់​ដែល​ដាក់​ចេញ​ដោយ​ភាគី​ពាក់​ព័ន្ធ​កន្លង​មក គឺ​អ្នក​បើក​បរ​ដឹក​កម្មករ​កម្មការនី ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ មិន​ផ្ទុក​មនុស្ស​លើក​កំណត់ ត្រូវ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​រថយន្ត​ខណៈវិធាន​ការណ៍​ នៅនឹងកន្លែង គណៈ​កម្មាធិការ​ជាតិ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ដល់​កម្មករ​កម្មការនី និង​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​ ត្រួត​ពិនិត្យ​បណ្ណ​បើក​បរ និង​ហាម​ឃាត់​មិនឲ្យ​ដាក់​លើស​ចំណុះ​ផង​ដែរ​។

តែ​ការ​មើល​ឃើញ​ដោយ​ឡែក​របស់​សហជីព​បាន​រិះគន់​ចំពោះ​វិធាន​ការណ៍​ទាំង​នេះ​ថា គ្មាន​ប្រសិទ្ធិ​ភាព​ដោយ​សារ​តែ កម្មករ កម្មការិនី នៅ​តែ​ស្លាប់​ដោយ​សារ​ការ​បើក​បរ​ធ្វេស​ប្រហែស​របស់​អ្នក​បើក​រថយន្ត នៅ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្ដែង​ពី​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់​ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ខែ​មេសា កម្មករ៥នាក់​រង​របួស​ដាច់​ដៃ​ម្ខាងនិង៧នាក់ បាក់​ដៃ បែក​ក្បាល អំឡុងពេល​កម្មករ​ជិះ​រថយន្ត​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់ឆ្នាំង។ ចំពោះកម្មករ ៥នាក់​ ដែល​ដាច់​ដៃ​ម្ខាង​ម្នាក់ គឺ​ដោយសារ​រថយន្ត​ដឹក​កម្មករ​កៀរ​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី ពេល​ដែល​កម្មករ​ទាំង​នោះ​ជិះ​រថយន្ត​ឈរ ហើយ​ដាក់​ដៃ​ម្ខាង​តាម​ប្រឡោះ​ទ្រុង​រថយន្ត​តោង​ពី​ខាង​ក្រៅ។

ចំណែក កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា ក្នុងឆ្នាំ២០១៩ដដែល កម្មករ​រោងចក្រ យូលី ខេត្ត​ស្វាយរៀង ប្រមាណ ៦០នាក់ បាន​រង​របួស ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្នា​ដែរ។

លោក គង់ រតនៈ ប្រធាន​ស្ដី​ទី​នៃ​វិទ្យា​ស្ថាន​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​អះអាង​ថា មូល​ហេតុ​ដែល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹក​កម្មករ​នៅ​តែ​បន្ត​កើត​មាន​ដោយ​សារ​តែ​ឥរិយាបថ​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​អ្នក​បើកបរ​មួយ​ចំនួន​តាម​រយៈ​ការ​យក​រថយន្ត​ដឹក​ទំនិញ​កែច្នៃ​ទៅ​ជា​រថយន្ត​ដឹក​កម្មករ​។ ក្នុង​នោះ​អ្នក​បើរបរ​ខ្លះ​មិន​បាន​ឆ្លង​ការ​រៀន​បើក​បរ​ឡើយ ហើយ​ការ​ប្រឡង​យក​បណ្ណបរ​នោះ​ទៀត​សោត ក៏​បង្កប់​នូវ​សំណូក​ពុក​រលួយ​ទៅ​ជាមួយ​ដែរ​។

ផ្អែក​តាម​របាយ​ការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប.ស.ស កម្មករ​រង​គ្រោះ​ថ្នាក់​ច​រាច​រណ៍​នៅ​ឆ្នាំ២០១៨ មាន​ចំនួនជិត២ពាន់ (១.៨៩៤)នាក់។ ក្នុង​នោះ​ស្លាប់​៤០នាក់​របួស​ធ្ងន់​ជាង​៣រយ​នាក់៣៤៩ ខណៈ​របួស​ស្រាល​ជាង១ពាន់នាក់(១.៥០៥)។ មូល​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​លើ​កម្មករ​និយោជិត ​ក្នុង​ឆ្នាំ ២០១៨ ​ដោយសារ​ការបើកបរ​ហួស​ល្បឿន​កំណត់ ៤០ភាគរយ ជែង ២៤ភាគរយ ​មិន​គោរព​សិទ្ធិ​អាទិភាព​ ១៧ភាគរយ និង​បច្ចេកទេស​យានយន្ត ១៨ភាគរយ៕