rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្មករ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ប្រាក់​ឈ្នួល​អប្បរមា ​សម្រាប់​កម្មករ ​វិស័យ​កាត់​ដេរ​ឆ្នាំ​២០២០ ​ឡើង​ដល់​១៩០​ដុល្លារ​ក្នុង​១ខែ​

media
កម្មកររោងចក្រកាត់ដេរ (រូបតំណាង) @សហការី

ប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ និយោ​ជិត នៃ​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ​និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០២០ គឺ​ត្រូវ​បាន​កំណត់​ជា​ផ្លូវ​ការ​ចំនួន​១៩០​ដុល្លារ ក្នុង​មួយ​ខែ ខណៈ​កម្មករ​សាក​ល្បង​ត្រឹម​១៨៥​ដុល្លារ​។ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ និយោ​ជិត រហូត​ជិត​២០០​ដុល្លារ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ត្រី​ភាគី​ចុង​ក្រោយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ 


មែន​ទែន​ទៅ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរមា​ផ្នែក​វាយន​ភណ្ឌ បាន​បញ្ចប់​ត្រឹម​តួ​លេខ​១៨៧​ដុល្លារ ស្នើ​ដោយ​រដ្ឋា​ភិបាល ដោយ​តួលេខ​នេះ ត្រូវ​បាន​ជ្រើស​រើស​ដាក់​ឲ្យ​ភាគី​ទាំង​បី​ធ្វើ​ការ​បោះ​ឆ្នោត ក្នុង​ចំណោម​តួលេខ​ពីរ​ផ្សេង​ទៀត គឺ​១៩៥​ដុល្លារ ដាក់​ដោយ​សហជីព និង​១៨៦​ដុល្លារ​ស្នើ​ដោយ​និយោ​ជក​។ ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ថែម​ចំនួន​៣ដុល្លារ​ពី​លើ​នេះ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បរមា កម្មករ និយោ​ជិត​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ឡើង​ដល់​១៩០​ដុល្លារ ដោយ​កម្មករ​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី​នេះ ចាប់​ពី​ថ្ងៃទី១​ខែមករា ឆ្នាំ២០២០​ទៅ​។

ជា​ការ​កត់​សម្គាល់ ភាគី​សហ​ជីព ដែល​ជា​តំណាង​ឲ្យ​កម្មករ​និយោ​ជិត បាន​ស្នើ​ដំបូង​១៩៩​ដុល្លារ និង​ចុង​ក្រោយ​ធ្លាក់​មក​១៩៥​ដុល្លារ ដែល​ជា​ការ​ទាម​ទារ​បន្ថែម​ពី​លើ​ឆ្នាំ​ចាស់​១៣​ដុល្លារ​។ ក៏​ប៉ុន្តែ​ភាគី​និយោជក​ហ៊ាន​តម្លើង​ឲ្យ​ដំបូង​ត្រឹម​១៨៤​ដុល្លារ តែ​ចុង​ក្រោយ​ដាក់​តួលេខ​១៨៦​ដុល្លារ​។ ទោះ​យ៉ាង​ណា ភាគី​ទាំង​អស់​បាន​ទទួល​យក​តួលេខ​របស់​ក្រសួង​ការងារ ១៨៧​ដុល្លារ និង​ថែម​៣ដុល្លារ​ពី​លោក ហ៊ុន សែន ដូច​កាល​ពី​ឆ្នាំ​មុនៗ​ដែរ​។

មាន​ន័យ​ថា ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​ថ្មី​សម្រាប់​កម្មករ​វិស័យ​កាត់​ដេរ ១៩០​ដុល្លារ​នេះ គឺ​បាន​កើន​ចំនួន​៨ដុល្លារ ពី​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩ ដែល​មាន​១៨២​ដុល្លារ​។ សូម​រំលឹក​ថា ទំរាំ​ទទួល​បាន​ប្រាក់​ឈ្នួល​១៩០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ នៃ​វិស័យ​កាត់​ដេរ​នេះ ក្រុម​ការងារ​ត្រី​ភាគី រួម​មាន​សហ​ជីព និយោ​ជក និង​តំណាង​រដ្ឋា​ភិបាល បាន​បើក​ការ​ជជែក​គ្នា​ចំនួន​៥​លើក​មក​ហើយ ចាប់​តាំង​ពី​ខែ​សីហា​មក ដោយ​មាន​ភាព​តឹង​តែង​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​ភាគី​និយោជក បាន​បង្ហាញ​តួលេខ​នៃ​ការ​តម្លើង​តិច​តួច និង​ដោយ​ប្រយ័ត្ន​ប្រយែង​។

ទោះ​ជា​មាន​ការ​ទទួល​យក​ពី​ភាគី​ទាំង​អស់ នូវ​តួ​លេខ​នេះ ក៏​ប៉ុន្តែ​ភាគី​សហ​ជីព​ដែល​មក​ពី​និន្នា​ការ​ចំរុះ ខ្លះ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​។ លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា ស្ថាន​ភាព​សេដ្ឋ​កិច្ច​និង​សង្គម​ល្អ ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ​ល្អ ផលិត​ភាព​កម្មករ​មាន​ការ​កើន​ឡើង និង​តម្រូវ​ការ​របស់​កម្មករ​មាន​ការ​កើន​ឡើង ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០២០ គួរ​តែ​ច្រើន​ជាង​នេះ​៕