rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្មករ សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្មករ​ផ្ទុះ​បាតុកម្ម​ទាម​ទារ​ប្រាក់​សំណង​ខណៈ​ថៅកែ​រត់​ចោល​រោង​ចក្រ

media
​រោង​ចក្រ​ដែល​កម្មករ​ផ្ទុះ​បាតុកម្ម​ទាម​ទារ​ប្រាក់​សំណង​ ខណៈ​ថៅកែ​រត់​ចោល @សហការី

ក្រុម​ការងារ ក្រសួង​ការងារ និង​សហជីព​ពាក់​ព័ន្ធ បាន​បញ្ចប់​កិច្ច​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​ករណី​ថៅ​កែ​រោងចក្រ ៣​កន្លែង ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ គេច​វេស មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ។​ ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​ប្រមាណ​ជា​៧០០​នាក់ ចុះ​ផ្លូវ​ធ្វើ​កូដកម្ម​ដើម្បី​រក​ដំណោះ​ស្រាយ​ចាប់​តាំង​ពី ថ្ងៃ​ពុធ​ម្សិល​មិញ​មក​ទល់​ពេល​ថ្ងៃ​នេះ។


លោក លី សុធា អគ្គលេខាធិការរង​នៃ​គណៈកម្មាការ​ដោះ​ស្រាយ​បាតុកម្ម កូដកម្ម គ្រប់​មុខ​សញ្ញា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ជំនួប​នៅ​ព្រឹក​មិញ​នេះ នៅ​មិន​ទាន់​មាន​លទ្ធផល​បែប​នៅ​ឡើយ​ទេ ក្រោយ​ជំនួប​បាន​បិទ​បញ្ចប់ ។ តែ​ទោះ​ជា​បែប​ណា​ក៏​ដោយ​ជំនួប​នឹង​ចាប់​ផ្ដើម​ម្ដង​ទៀត​នៅ​​ថ្ងៃ​ចន្ទ​ខាង​មុខ ដើម្បី​ទុក​ពេល​ឲ្យ​ថៅកែ​រោងចក្រ​ចូល​ខ្លួន​មក​ដោះ​ស្រាយ។ ជា​នីតិវិធី ក្នុង​ករណី​ដែល​ថៅកែ​រោងចក្រ​នៅ​តែ​មិន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៀត​ក្រសួង​ការងារ នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​លក់​សម្ភារៈ​ក្នុង​រោងចក្រ​ដើម្បី​លក់​យក​លុយ​មក​ឲ្យ​កម្មករ​ទៅ​តាម​លទ្ធភាព​ជាក់​ស្ដែង។

ចំណែក លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​គេ​មិន​ប្រញាប់​រក​ដំណោះ​ស្រាយ​ជូន​កម្មករ​ទេ ពួក​គេ​នឹង​ប្រឈម​ដោយ​ការ​បណ្ដេញ​ចេញ​ពី​ម្ចាស់​ផ្ទះ​ជួល ព្រោះ​គ្មាន​ប្រាក់​បង់​ថ្លៃ​ផ្ទះ​ប្រចាំ​ខែ។

ក្រៅ​ពី​ផ្ទះ​ជួល ពួក​គេ​នៅ​ប្រឈម​តម្លៃ​អគ្គិសនី និង​ទឹក​ទៀត​ផង។ គិត​មក​ដល់​ម៉ោង​នេះ​កម្មករ កម្មាការិនី នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​សិន ។ តែ​ភាព​ស្ងៀម​ស្ងាត់​ទំនង​ជា​រក្សា​មិន​បាន​យូរ​ទេ ប្រសិន​បើ​ដំណោះ​ស្រាយ​សម្រាប់​ពួក​គេ​នៅ​តែ​មិន​មាន​នោះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៉ា ស៊ីណា។

សូម​បញ្ជាក់​ថា​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​៣​កន្លែង ដែល​ថៅកែ​បាន​រត់​គេច​ខ្លួន​មិន​បើក​ប្រាក់​ខែ​ជូន​កម្មករ កម្មាការិនី​នោះ​មាន​ឈ្មោះ​ថា​ យ៉ូដាហ្គាមិន អ៊ីហ្វាហ្គា​មិន​

អេស អ អ៊ី ហ្គាមេន ស្ថិត​នៅ​ម្ដុំ​ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិសែនជ័យ ដែល​មាន​កម្មករ​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ​ប្រមាណ​ជា​១៥០០​នាក់។​ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហជីព រោងចក្រ​៣​កន្លែង​ដែល​ថៅកែ​រត់​គេច​ខ្លួន​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​រោងចក្រ​៤​ផ្សេង​ទៀត​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ទីតាំង​នេះ​ទើប​តែ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កាល​ពី​​ថ្ងៃ​ពុធ​ម្សិល​មិញ។

ជា​ការ​កត់​សម្គាល់ កាល​ដែល​ថៅកែ​រត់​គេច​ខ្លួន​មិន​បើក​ប្រាក់​ខែ​ជូន​កម្មករ​នៅ​ពេល​នេះ​ធ្វើ​ឡើង​ស្រប​ពេល កម្មករ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​គោល​១៧០​ដុល្លារ សម្រាប់​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ។ ដោយ​ឡែក បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ របស់​សហជីព​បង្ហាញ​ថា ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ​ក្នុង​ឆ្នាំ​២០១៧ រោងចក្រ​ចំនួន​៤​បាន​បិទ​ទ្វារ ។ ហើយ​បាន​ប៉ះ​ពាល់​ដល់​កម្មករ​២៥៥០​នាក់៕