អានតួអត្ថបទ
កម្ពុជា-ការងារ

វិស័យ​កាត់ដេរ​កម្ពុជា​នៅ​តែ​ប្រឈម​ជាមួយ​ដៃ​គូ​ក្នុង​តំបន់ ខណៈ​ការ​នាំ​ចេញ​ឆមាស​ទី​១​កើន​ឡើង

ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ក្នុង​រយៈ​ពេល​៦​ខែ ឆ្នាំ​២០១៨​នេះ មាន​កំណើន​ប្រមាណ​១១,១​ភាគ​រយ ខ្ពស់​ជាង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម​តែ​៧​ភាគ​រយ។ នេះ​បើ​តាម​របាយការណ៍​ឆមាស​ទី​១​របស់​ធនាគារ​ជាតិ​កម្ពុជា។

រូបភាព​ចាស់៖ កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ
រូបភាព​ចាស់៖ កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ HRW
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​កំណើន​នៃ​ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​ដល់​៤​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ របាយការណ៍​នេះ បាន​បញ្ជាក់​ថា​វិស័យ​ឧហស្សាហកម្ម ជា​ពិសេស​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង បន្ត​មាន​បញ្ហា​ប្រឈម​លើ​ការ​រក្សា​ភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដែល​មាន​វៀតណាម បង់ក្លាដែស និង​មីយ៉ាន់ម៉ា។

បើ​តាម​ធនាគារ​ជាតិ​កម្ពុជា បញ្ហា​ប្រឈម​នោះ ក៏​រួម​មាន​ការ​កើន​ឡើង យ៉ាង​ឆាប់​រហ័ស​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ដែល​បាន​កើន​ឡើង​ពី​១៥៣​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ដល់​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ។

លោក​ កាំង​ ម៉ូនីកា ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បញ្ជាក់​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​នេះ​កើត​ឡើង​ទន្ទឹម​នឹង​ការ​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ពិភព​លោក ដែល​មាន​ការ​កើន​ឡើង​ដែរ។

លោក​បន្ថែម​ថា បញ្ហា​ប្រឈម​នៅ​តែ​មាន​ដដែល​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​បញ្ហា​ទាំង​នោះ គឺ​ការ​កើន​ឡើង​តម្លៃ​ពលកម្ម។ លោក​បញ្ជាក់​ថា​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់។

ជុំវិញ​ការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​ដោយ​អឺរ៉ុប អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា EBA មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ជា​ពិសេស​សម្រាប់​វិស័យ​កាត់​ដេរ​ ប៉ុន្តែ​លោក​គិត​ថា​នឹង​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា អាមេរិក ​និង​អឺរ៉ុប​គឺ ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​។ របាយការណ៍​​ឆ្នាំ​២០១៧​របស់​ក្រសួង​ការងារ​​​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់ ​និង​ស្បែក​ជើង ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ប្រមាណ​៧​ពាន់​៦​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ