អានតួអត្ថបទ
កម្ពជា

ចាប់ពី​​ខែ​មេសា​​ទៅ ​ប្រាក់ខែ​​មន្ត្រីរាជការ​​ស៊ីវិល​​និង​​យោធា​​នឹង​​ដំឡើង​​លើស​ពី​១​លាន​រៀល​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួប​សំណេះ​សំណាង​ជាមួយ​គ្រូបង្រៀន​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជា៤ពាន់​នាក់។ នៅក្នុង​ជំនួប​ដែល​រៀបចំ​ធ្វើ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នេះ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា នៅ​ខែមេសា​ខាងមុខ ប្រាក់ខែ​មន្ត្រីរាជការ​និង​គ្រូបង្រៀន​នឹងត្រូវ​ដំឡើង បូក​បន្ថែម​ដោយ​ប្រាក់ឧបត្ថម្ភ៥ម៉ឺន​រៀល​ទៀត។ ចំពោះ​ការដំឡើង​ប្រាក់ខែ​នេះ អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា ចាប់​ខែក្រោយ​ទៅ មន្ត្រីរាជការ​ស៊ីវិល​និង​យោធា​នឹង​ទទួលបាន​ប្រាក់ខែ​លើសពី១លាន​រៀល។

លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ជំនួប​ជាមួយ​គ្រូូ​បង្រៀន​កាល​ពី​ថ្ងៃ​អាទិត្យ​
លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ជំនួប​ជាមួយ​គ្រូូ​បង្រៀន​កាល​ពី​ថ្ងៃ​អាទិត្យ​ @PM Hun Sen Facebook
ផ្សាយពាណិជ្ជកម្ម

លោក​យក់ ប៊ុន​ណា អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចាប់ពី​ខែមេសា​ទៅ ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​យោធា​ក្នុង​ក្របខណ្ឌ នឹងត្រូវ​ដំឡើង​ដល់​ជាង១លាន​រៀល​យ៉ាងតិច។ ក្នុងនោះ ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​ផ្នែក​រដ្ឋបាល​ថ្នាក់ទាប​បំផុត នឹង​ទួលបាន​ជាង១លាន១ម៉ឺន(១,០១៤,៤៥០) រៀល ប្រាក់ខែ​គ្រូបង្រៀន និង​គ្រូពេទ្យ​កម្រិត​ទាប​បំផុត​នឹង​ទទួលបាន​ជាង១លាន១១ម៉ឺន​រៀល(១,១១៤,៤៥០រៀល) ដូចគ្នា។ ចំណែក​ប្រាក់ខែ​មន្ត្រី​នគរបាលជាតិ​ថ្នាក់ទាប​បំផុត នឹង​ទទួលបាន​ជាង១លាន៩ម៉ឺន​រៀល (១,០៩៨,៩២៨រៀល) ខណៈ​ប្រាក់ខែ​មន្ត្រី​យោធា​ថ្នាក់ទាប​បំផុត​នឹង​ទទួលបាន​ជាង១លាន៣ម៉ឺន​រៀល(១,០៣៥,០២៨រៀល) ។

សូមបញ្ជាក់ថា មុននឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​នេះ មន្ត្រីរាជការ​ស៊ីវិល និង​យោធា​មាន​ប្រាក់ខែ​មូលដ្ឋាន​ក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ៨០ម៉ឺន​រៀល។ នេះ​បើតាម​លោក​យក់ ប៊ុន​ណា ហើយ​លោក​បានបញ្ជាក់​បន្ថែមទៀត​ថា សម្រាប់​គ្រូបង្រៀន និង​គ្រូពេទ្យ ពួកគាត់​ត្រូវបាន​ដំឡើង​ប្រាក់ខែ​ដល់១លាន​រៀល​តាំងពី​ខែមករា​មកម្ល៉េះ។

នៅក្នុង​ជំនួប​ជាមួយ​គ្រូបង្រៀន​នៅ​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា នៅក្នុង​ខែមេសា​ខាងមុខនេះ មន្ត្រីរាជការ និង​គ្រូបង្រៀន​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៥ម៉ឺន​រៀល​ទៀត​បន្ថែម​ពីលើ​ប្រាក់ខែ​ដែល​ត្រូវ​ដំឡើង។ ការដំឡើង​ប្រាក់ខែ​និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​នេះ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី គឺជា​ការដឹងគុណ​ចំពោះ​គ្រូបង្រៀន​ដែល​បាន​ខិតខំ​អប់រំ​បណ្តុះបណ្តាល និង​បង្រៀន​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ទទួលបាន​ចំណេះដឹង​ខ្ពង់ខ្ពស់។ ចំណែក​មន្ត្រីរាជកា​រវិ​ញ បើតាម​លោកនាយក​រដ្ឋមន្ត្រី គឺ​ពួកគេ​បាន​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​នូវ​សេវាសាធារណៈ​បាន​ឆាប់រហ័ស មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រៅពី​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ស៊ីវិល​និង​យោធា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​រហូតដល់​ចំនួន៦០ម៉ឺន​រៀល​ក្នុង​មួយខែ។ ទន្ទឹមគ្នានេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​រហូតដល់​ឃុំ សង្កាត់​ក៏​នឹងត្រូវ​ដំឡើង​ដូចគ្នា​ដែរ។ ក្នុងនោះ មេឃុំ និង​ស្មៀនឃុំ នឹង​ទទួលបាន​ប្រាក់ខែ​ជាង១លាន​រៀល​ចាប់ពី​ខែមេសា ឆ្នាំ២០១។ ក្រៅពីនេះ ចំពោះ​មន្ត្រីរាជការ​ដែល​បាន​ចូលនិវត្តន៍ ក៏​នឹងត្រូវ​រដ្ឋាភិបាល​កម្ពុជា​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ដល់៤៨ម៉ឺន​រៀល​ផងដែរ។ នេះ​បើតាម​លោក​យក់ ប៊ុន​ណា ដែលជា​អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ