អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

អង្គការ​ សមាគម​សារព័ត៌មាន​បារម្ភ​ពី​ព័ត៌មាន​ក្លែងក្លាយ​ នៅ​ក្នុង​ឱកាស​សេរីភាព​សារព័ត៌មាន

មួយ​ថ្ងៃ​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ឈានចូល​មក​ដល់ ​សមាគម​សារព័ត៌មាន​នានា ​បានចេញ​សេចក្តី​ថ្លែងការណ៍ ​ដោយឡែក​ៗ​ពី​គ្នា​ជុំវិញ​ស្ថានភាព​អ្នក​កាសែត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។ ​សមាគម​សារព័ត៌មាន​ទាំង​នោះ ​បាន​លើក​សរសើ​ពី​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​ផង ​រិះគន់​កែ​លម្អ​ផង ​និង​ផ្តល់​ជា​យោបល់​ផង​ដល់​ស្ថាប័ន​និង​អ្នកសារព័ត៌មាន​ឲ្យ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន ​និង​រួមគ្នា​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​។

រូបភាព​តំណាង៖ អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ
រូបភាព​តំណាង៖ អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​សម្តែង​ការ​ចូលរួម​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​លើក​ទី​១៧ ​អង្គការ​សមាគម​សារព័ត៌មាន​ធំ​ៗ ​បាន​វាយ​តម្លៃ​ជារួម​ថា ​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថាន​ភាព​ល្អ​ជាងគេ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នា​ថ្ងៃ​ពុធ​នេះ សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​CAPJ ​ដែល​ដឹកនាំ​ដោយ​លោក​អ៊ុំ សារិន ​ បាន​មើលឃើញ​ពី​កំរិត​នៃ​ការ​បំពេញ​វិជ្ជាជីវៈ​រប​ស់​អ្នកសារព័ត៌មាន ​មាន​ភាព​រីកចំរើន ​បំពេញ​ការងារ​ប្រកប​ដោយ​បរិយាកាស​សុខ​សុវត្ថិភាព ​ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​មាន​សង្គ្រាម ​ជាពិសេស​ការ​វាយប្រហា​រ​និង​សម្លាប់​អ្នក​កាសែត​៩​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​៤​ថ្ងៃ​មុន​ទិវា​សេរីភាព​សារព័ត៌មាន​។ ​បន្ថែម​ពី​នេះ​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ​ផ្សព្វផ្សាយ​ក្នុង​គោល​បំណង​រក្សា​នូវ​សុខ​សន្តិភាព ​និង​ត្រូវ​មាន​តួនាទី​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។

ជាមួយ​គ្នា​នេះ ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​ស​.​ស​.​ស​.​ក​) ​ដែល​មាន​លោក​ហ៊ុយ វណ្ណៈ​ជា​ប្រធាន ​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ​ដែរ ​ដោយ​អង្គការ​សារព័ត៌មាន​មួយ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ​។ ​ព័ត៌មាន​ក្លែងក្លាយ ​បាន​និង​កំពុង​បំផ្លាញ​តួនាទី​អង្គភាព​សារព័ត៌មាន​និង​ជា​ឧបករណ៍​បំភ័ន្ត ​ញុះញង់ ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ខុស ​ឈាន​ទៅ​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម ​បរិស្ថាន ​ធម្មជាតិ ​សត្វ​មានជីវិត​និង​សេចក្តីសុខ​របស់​មនុស្ស​ជាតិ​។ នេះ​បើ​តាម​ស.ស.ស.ក​។

ដោយ​ឡែក​ ក្លិប​អ្នក​កាសែត​កម្ពុជា​វិញ ​លោក​ប៉ែន បូ​ណា ​ជា​ប្រធាន ​ក៏​បាន​លើកឡើង​ដែរ​ថា ក្លឹប​អ្នក​កាសែត​ចូលរួម​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ​ភ្ជាប់​ជា​មួយ​ការ​រម្លែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​អ្នក​សារព័ត៌មាន​១០​រូប ​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​អា​ហ្វា​នី​ស្ថាន​។​ ក្នុង​បរិបទ​ប្រទេស​កម្ពុជា​វិញ,​ ក្លិប​អ្នក​កាសែត​កម្ពុជា ​ក៏​បាន​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្រម​សីលធម៌​វិជ្ជាជីវៈ ​និង​ចូលរួម​ផ្តល់​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​ពាក់​ព​ន្ធ័​នឹង​ការ​បោះឆ្នោត​ខែ​កក្កដា​ខាងមុខ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​។

ទោះយ៉ាងណា ​កាល​ពី​សប្តាហ៍​មុន ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reportaire sans frontier) បាន​ទំលាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​ដល់​ទៅ​១០​លេខ ​គឺ​ពី​១៣២​នៅ​ឆ្នាំ​២០១៧​ដល់​១៤២​នៅ​ឆ្នាំ​២០១៨​នេះ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៩ ​នៅ​ទូទាំង​ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ