អានតួអត្ថបទ
កម្ពុជា-សង្គម

​សង្គម​ស៊ីវិល​៤២​រួម​គ្នា​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើន​​ការ​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​​លើ​អ្នក​កាសែត​

ថ្ងៃ​ទី០២ វិច្ឆិកា​នេះ គឺ​ជា​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​។ កាល​ពី​ម្សិលមិញ សង្គម​ស៊ីវិល​ចំនួន​៤២​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​និទណ្ឌភាព​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន​។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បញ្ហា​និទណ្ឌភាព​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤២​ស្ថាប័ន​នេះ រួម​មាន​ជា​អាទិ៍ អង្គការ​លើក​លែង​ទោស​អន្តរជាតិ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក អង្គការ​លីកាដូ មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ បណ្តាញ​លទ្ធិ​ប្រជាធិបតេយ្យ​អាស៊ី រួម​ទាំង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជា​ដើម​។ អង្គការ​ទាំង​នេះ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​និទណ្ឌភាព​ដែល​បន្ត​រីករាល​ដាល ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំសូវ​ត្រូវ​បាន​យក​មក​ផ្តន្ទាទោស​។ ដូច្នេះ​ហើយ ពួក​គេ​បាន​ទទួច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ធានា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ​ភាព និង​តម្លាភាព​។

គួរ​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក អ្នក​សារព័ត៌មាន​ចំនួន​១៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ជន​រងគ្រោះ​ទាំង​អស់​នេះ ត្រូវ​បាន​សម្លាប់​ដោយ​សារ​តែ​ការងារ​របស់​ពួក​គេ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៤២​ស្ថាប័ន​។ បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល ១២​នាក់​នៃ​ជន​រងគ្រោះ គឺ​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ខណៈ​ធ្វើ​សកម្មភាព​រាយការណ៍​ព័ត៌មាន ដែល​បង្ក​ជា​ហានិភ័យ​ដោយ​ផ្ទាល់​ដល់​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា​។ ក្នុង​នោះ អ្នក​សារព័ត៌មាន​៥នាក់​ជា​អ្នក​ធ្វើ​ការ​ឲ្យ​កាសែត​រិះគន់​បក្ស​កាន់​អំណាច ខណៈ​៧​នាក់​ផ្សេង​ទៀត​ធ្វើ​ការ​ស៊ើប​អង្កេត​និង​រាយការណ៍​ពី​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​បុគ្គល​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ស្ថាប័ន​យោធា​កម្ពុជា​។

ប៉ុន្តែ​នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​រង​គ្រោះ​ទាំង​នេះ គឺ​១១​ករណី​ពុំ​មាន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​នោះ​ទេ ពោល គឺ​មាន​តែ​២ករណី​ប៉ុណ្ណោះ​ដែល​ជន​ល្មើស​ចំនួន​ពីរ​នាក់​ត្រូវ​បាន​យក​ទៅ​កាត់​ទោស​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​ចំពោះ​បញ្ហា​និទណ្ឌភាព​ដែល​កើត​មាន​ចំពោះ​អ្នក​សារព័ត៌មាន​ទាំង​នេះ​។

ពួក​គេ​ក៏​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ផ្តន្ទា​ទោស​ជន​ល្មើស​នៃ​ឧក្រិដ្ឋ​កម្ម​ប្រព្រឹត្ត​មក​លើ​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​ការ​ស៊ើប​អង្កេត និង​កាត់​ទោស​ដោយ​មាន​អត្ថន័យ ឯករាជ្យ និង​តម្លា​ភាព ស្រប​ទៅ​តាម​បទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​ទាំង​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ជាដើម​។ សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​ដែល​រដ្ឋា​ភិបាល​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន គឺ​ជា​សារ​បង្ហាញ​ថា ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន គឺ​ត្រូវ​បាន​អនុញ្ញាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ