rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អតីត​អ្នក​សារ​ព័ត៌មាន RFA ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​បន្ថែម​ពី​បទ​ផលិត​វីដេអូ​អាសអាភាស

media
​លោក​អ៊ួន ឈិន (ខាងឆ្វេង) និង លោក​យាង សុធារិន (យាង សុជាមេត្តា) អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) @សហការី

មិន​ទាន់​ឆ្លង​ផុត​បទ​ចោទ​ប្រកាន់​មួយ​ផង ឥឡូវ​នេះ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) ២​រូប គឺ​លោក​យាង សុធារិន (យាង សុជាមេត្តា) និង​លោក​អ៊ួន ឈិន ត្រូវ​រង​បទ​ចោទ​មួយ​ករណី​ទៀត ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​មេធាវី​ការពារ​ក្តី​អតីត​អ្នក​កាសែត​ទាំង​២ គឺ​លោក​ កែវ វន្នី ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ លោក​មេធាវី អះអាង​ថា បទ​ចោទ​ប្រកាន់​ទាំង​២​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តំណាង​​​អយ្យការ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​។


លោក​មេធាវី កែវ វន្នី បាន​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​បាន​សេចក្តី​លម្អិត​នៃ​សំណុំ​រឿង​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បាន​ចាត់​តាំង​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​ស៊ើប​សួរ​បន្ត​ទេ។ ប៉ុន្តែ​លោក​មេធាវី អះអាង​ថា បើ​តាម​រយៈការ​ផលិត​វីដេអូ​អាស​អាភាស​នោះ គឺ​អាច​ចាត់​ចូល​ក្នុង​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ យោង​តាម​មាត្រា ៣៩ និង ៤០ ហើយ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១​ឆ្នាំ។ លោក​មេធាវី បាន​បន្ត​ថា នៅ​ពេល​នេះ លោក​ និង​កូនក្តី​របស់​លោក​ទាំង ២ មិន​ទាន់​មាន​ប្រតិកម្ម​​អ្វីទេ ដោយ​ត្រូវ​​ចាំ​សិក្សា និង​ពិនិត្យ​លើ​បទ​ចោទ​ប្រកាន់​នេះសិន ត្បិត​លោក​ពុំ​ទាន់​បាន​ឯកសារ​ភស្តុតាង ដែល​ញុំាងឲ្យ​មាន​បទ​ចោទ​នោះ​នៅ​ឡើយ។

ជា​ការ​កត់​សម្គាល់ ព័ត៌មាន​ទាក់​ទង​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង ២​នាក់​នេះ ត្រូវ​បាន​បែក​ធ្លាយ តាម​រយៈ​ការ​ចុះ​ផ្សាយ​​តែ​ម្នាក់​ឯង​គត់​របស់​សារព័ត៌មាន​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល Fresh News។ Fresh News បាន​បង្ហាញ​រូបភាព​ក្នុង​ទម្រង់​អាស​អាភាស ដែល​មិន​សូវ​មាន​ការ​កំណត់​អត្តសញ្ញាណ​បាន​ច្បាស់​ចំពោះ​លោក​យាង សុធារិន​ ប៉ុន្តែ​​បុរស​ម្នាក់​ទៀត​ក្នុង​វីដេអូ​នោះ​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​លោក ​អ៊ួន ឈិន។

គួរ​ជម្រាប​ជូន​ថា លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន អតីត​បុគ្គ​លិក​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អាមេរិក​ បាន​ទទួល​រង​បទ​ចោទ​ប្រកាន់​មួយ​រួច​មក​ហើយ ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារជាតិ» ស្រប​តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​​របស់​កម្ពុជា ដែល​អាច​ជាប់​​ពន្ធនាគារ​ ពី ៧ ទៅ ១៥​ឆ្នាំ។ អ្នក​ទាំង ២ ត្រូវបាន​​​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ ចូល​ទៅ​ចាប់​ខ្លួន និង​រឹប​អូស​សម្ភារៈ​ប្រើ​ប្រាស់​ទាំង​អស់ កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ ជិត ៥​ខែ​មក​ហើយ ដែល​អ្នក​ទាំង ២​ ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​មេធាវី​ការពារ​ក្តី បាន​អះអាង​ថា តុលាការ​ជា​បន្ត​បន្ទាប់ បាន​ទាត់​ចោល​នូវ​បណ្តឹង​សុំ​​នៅ​ក្រៅ​ឃុំ​ និង​លើក​ពេល​ប្រកាស​សាល​ដីកា​មួយ​ចំនួន៕