rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ឡើង​វិញ ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​ចុង​សប្តាហ៍​នេះ

media
លោក គង់ សភា (ឆ្វេង) និង​លោក ញ៉យ ចំរើន (ស្តាំ) អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង @សហការី

តុលាការ​សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​រូប នៅ​ថ្ងៃ​ទី ២៣ មីនា ក្នុង​សប្តាហ៍​នេះ។ ករណី​ដែល​បាន​កើត​ឡើង​កាល​ពី​ជាង​២​ឆ្នាំ​មុន ត្រូវ​បាន​តុលាការ​កាត់​ទោស​ជន​ដៃ​ដល់​៣​រូប​ឲ្យ​ជាប់​ពន្ធនាគារ និង​សង​ប្រាក់​ដល់​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ប្តឹង​ឧទ្ធរណ៍។ ទោះ​យ៉ាង​នេះ​ក្តី លោក គង់ សភា ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។


ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នេះ បាន​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​នោះ ប៉ុន្តែ​នឹង​ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍ លើក​យក​មក​បើក​សវនាការ​ឡើង​វិញ នៅ​ថ្ងៃ សុក្រ ទី ២៣ មីនា ក្នុង​សប្តាហ៍​នេះ តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ លោក គង់ សភា។ លោក គង់ សភា និង​លោក ញ៉យ ចំរើន អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ តុលា ២០១៥។

គួរ​ជំរាប​ជូន​ឡើង​វិញ​ដែរ​ថា កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ជន​ជាប់​ចោទ​៣​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ មាត្រា​១០៧ និង​មាត្រា​១០៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ ជន​ជាប់​ចោទ​ទាំង​៣​រូប ដែល​សារព័ត៌មាន​ជា​ច្រើន​បាន​សរសេរ​ថា ជា​មន្រ្តី​យោធា​នោះ ទី​១.ឈ្មោះ ចាយ សារិទ្ធ ទី​២.ឈ្មោះ ម៉ៅ ហឿន និង​ទី​៣.ឈ្មោះ សុត វណ្ណនី ដែល​បច្ចុប្បន្ន​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ត្រូវ​បាន​តម្លើង​ឋាន​ន្ទរៈស័ក្តិ​ផង បន្ទាប់​ពី​បាន​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ និង​៣​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​កាត់​ទោស​នោះ ក្រុម​មេធាវី​របស់​អតីត​អ្នក​តំណាង​រាស្រ្ត​បាន វាយ​តម្លៃ​ថា ​តុលាការ​កម្ពុជា​ហាក់​ដូច​ជា មាន​ស្តង់ដា​ពីរ ពោល​គឺ​កម្រិត​ទោស​ដាក់​លើ​ជន​ល្មើស​មាន​សភាព​ស្រាល​ពេក។ យ៉ាង​ណា​ក៏​ដោយ ​ យោង​តាម​ដីកា​កោះ​ហៅ​របស់​ព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​ចុះ​ថ្ងៃ​ទី ០៩ កុម្ភៈ បាន​បង្គាប់​ឲ្យ​លោក គង់ សភា ចូល​ខ្លួន​នៅ​ក្នុង​សវនាការ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​សវនាការ​នេះ នឹង​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​ចៅ​ក្រម​ជំនុំ​ជម្រះ​ចំនួន​៣​រូប។

លោក គង់ សភា អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា លោក​មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ខណៈ​ដែល​ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នេះ បាន​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សសេរ​របាយការណ៍​​នានា​របស់​អង្គការ​អន្តរជាតិ​នៅ​លើ​ពិភព​លោក៕