អានតួអត្ថបទ
កម្ពុជា-តុលាការ

ពន្ធនាគារ​បដិសេធ​សំណើ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​សុំ​ជួប​អ្នក​ជាប់​ឃុំ​ចំនួន​១២​នាក់

សំណើ​របស់​លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាង​រាស្ត្រ ដែល​ស្នើ​សុំ​ជួប​អតីត​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១២​នាក់​​នៅ​ពន្ធនាគារ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​បដិសេធ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​បដិសេធ​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ពន្ធនាគារ លោក អ៊ូ ចាន់រ័ត្ន បំពាន​ច្បាប់ តាម​រយៈ​ការ​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​តំណាង​រាស្ត្រ។

លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ
លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ @Chhoeun Chhum
ផ្សាយពាណិជ្ជកម្ម

លោក នុត សាវនា​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​មើល​ខ្លឹមសារ​នៃ​លិខិត​ដើម​របស់​ខ្លួន​ឯង​ឡើង​វិញ មុន​នឹង​សម្រេច​ដាក់​មក​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ស្នើ​សុំ​ជួប​អ្នក​ជាប់​ឃុំ។ នៅ​ក្នុង​លិខិត​នោះ លោក អ៊ូ ចាន់រ័ត្ន ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​តំណាង​រាស្ត្រ។ ប៉ុន្តែ​លោក នុត សាវនា​ ប្រតិកម្ម​តប​វិញ ដោយ​​បញ្ជាក់​ថា លោក អ៊ូ ចាន់រ័ត្ន លែង​ជា​អ្នក​តំណាង​រាស្ត្រ​ទៅ​ហើយ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រូប​នេះ បាន​ស្នើ​ឲ្យ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើ​លិខិត​ថ្មី​ឡើង​វិញ​ដើម្បី​ឲ្យ​ពន្ធនាគារ​សម្រេច​ចិត្ត​ជា​ថ្មី។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​នេះ លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់​សំណើ បាន​បង្ហាញ​ឆន្ទៈ​សរសេរ​លិខិត​ជា​ថ្មី ស្រប​តាម​ចង់​បាន​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​បាន​ជួប​អ្នក​ជាប់​ឃុំ​ចំនួន​១២​នាក់​នោះ។ អ្នក​ជាប់​ឃុំ​ទាំង​១២​នាក់​នោះ​រួម​មាន៖ លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ លោក មាជ សុវណ្ណរ៉ា អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​អ្នក​ឯ​ទៀត។

ជា​ថ្មី​ម្ដង​ទៀត លោក អ៊ូ ចាន់រ័ត្ន​ ទទូច​ឲ្យ​ខាង​ពន្ធនាគារ​អនុគ្រោះ ព្រោះ​ពួក​លោក​ខាន​ជួប​សួរ​សុខ​ទុក​គ្នា​យូរ​មក​ហើយ។ ពោល​គឺ​ចាប់​តាំង​ពី​មាន​ករណី​អ្នក​កាសែត​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ជាមួយ​អ្នក​តំណាង​រាស្ត្រ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​​មក​ម្ល៉េះ​។ គួរ​កត់​សម្គាល់​ថា សំណើ​របស់​លោក អ៊ូ ចាន់រ័ត្ន នេះ ធ្វើ​ឡើង​ជួន​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​លើក​លែង​ទោស​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​សម្រេច​របស់​លោក​ដូច្នេះ ដោយ​សារ​តែ​មាន​ការ​បញ្ឆេះ​ពី​ក្រុម​ប្រឆាំង ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ដុត​ទីងមោង​ប្រឆាំង​រូប​លោក។

សូម​រម្លឹក​ផង​ដែរ​ថា លោក​មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​១០​នាក់​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​៧​ទៅ​២០​ឆ្នាំ​ ពី​បទ​ដឹក​នាំ និង​ចូល​រួម​ក្នុង​ហេតុការណ៍​រំដោះ​ទីលាន​ប្រជាធិបតេយ្យ នៅ​​ខែ​កក្កដា​ឆ្នាំ​២០១៤។ ចំណែក​លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាដិ៍ និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​ផែនទី​ក្លែង​ក្លាយ​ស្ដី​ពី​ព្រំដែនកម្ពុជា វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ