rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ក្រសួង​បរិស្ថាន​៖ ជិត​៧០%​នៃ​គ្រួសារ​ខ្មែរ​នៅ​តាម​ជន​បទ​ពឹង​អាស្រ័យ​ជីវភាព​លើ​អនុ​ផល​ព្រៃ​ឈើ​

media
ជិត៧០%នៃគ្រួសារខ្មែរនៅតាមជនបទពឹងអាស្រ័យជីវភាពលើអនុផលព្រៃឈើ @សហការី

ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ឱ្យ​ដឹង​ថា ៦៨% នៃ​គ្រួសារ​ជន​បទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ពឹង​អាស្រ័យ​លើ​ធន​ធាន​ព្រៃឈើ​សម្រាប់​សកម្មភាព​ជីវភាព​រស់​នៅ​របស់​ពួក​គេ​។ ការ​បង្ហាញ​ឱ្យ​ដឹង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទីពីរ​ស្តីពី​អនុ​ផល​ព្រៃឈើ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវីរី។ ក្រសួង​បរិស្ថាន និង ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក៏​កំពុង​ស្វែង​រក​ទីផ្សារ​ក្រៅ​ស្រុក​សម្រាប់​នាំ​ចេញ​អនុផល​ព្រៃឈើ​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​បង្កើន​ជីវភាព​ប្រជាពល​រដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។ 


នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទីពីរ​ស្តី​ពី​អនុ​ផល​ព្រៃ​ឈើ អគ្គ​លេខា​ធិការ​រង​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន លោក ឯ វុឌ្ឍី បាន​អះអាង​ឱ្យ​ដឹង​ថា ធន​ធាន​ធម្មជាតិ ជា​ពិសេស ធន​ធាន​អនុផល​ព្រៃ​ឈើ​មាន​សារៈ​សំខាន់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា ៦៨% ពឹង​អាស្រ័យ​លើ​ធន​ធាន​ព្រៃ​ឈើ និង​ការ​បរបាញ់​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​។ ធន​ធាន​អនុ​ផល​ព្រៃ​ឈើ​ទាំង​នេះ រួម​មាន​ការ​បេះ​ផ្លែ​ឈើ បន្លែ ផ្តៅ ឬស្សី ជ័រទឹក ទឹក​ឃ្មុំ ទ្រាំង ឱសថ​បុរាណ​នានា និង​ការ​ចាប់​សត្វ​ជា​ដើម​។ បើ​តាម​លោក ឯ វុឌ្ឍី អនុផល​ដែល​បាន​មក​ពី​ព្រៃឈើ​អាច​ផ្តល់​ចំណូល​ដល់​ប្រជាពល​រដ្ឋ​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​។

ជាក់​ស្តែង កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ ចំណូល​របស់​សហគមន៍ ដែល​បាន​មក​ពី​ផលិត​ផល​អនុ​ផល​ព្រៃ​ឈើ​របស់​ខ្លួន ដូច​ជា ទឹកឃ្មុំព្រៃ ឬស្សី ជ័រទឹក និងទ្រាំង មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​៧ម៉ឺន​៨ពាន់​ដុល្លារ​អាមេរិក​។ ចំណែក​នៅ​ក្នុង​ឆ្នាំ២០១៨​វិញ អនុផល​ព្រៃ​ឈើ​បាន​ផ្តល់​ចំណូល​ចំនួន​ប្រមាណ​ជាង ៦ម៉ឺន​៦ពាន់​ដុល្លារ​។ ដោយ​ឡែក គ្រាន់​តែ​ចំណូល​ដែល​ទទួល​បាន​ពី​ផ្តៅ​នៅ​ក្នុង​ឆ្នាំ២០១០​វិញ គឺ​មាន​ចំនួន​ដល់​ទៅ ១,៥​លាន​ដុល្លារ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ដើម្បី​អាច​ពង្រីក​ផលិតកម្ម និង​បង្កើន​សហគ្រិន​ភាព ផលិតករ​សហគមន៍​ទាំង​អស់​នេះ ចាំ​បាច់​ត្រូវ​ការ​ការ​ផ្តល់​នូវ​ភាព​អង់​អាច​និង​ទំនុក​ចិត្ត ដើម្បី​ប្រកួត​ប្រជែង​ក្នុង​សង្វាក់​ផលិតកម្ម​អនុផល​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ ក៏​ដូចជា​ត្រូវ​ការ​ការ​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ពី​ទីផ្សារ​ធំ​ផង​ដែរ​។ ការ​គ្រប់​គ្រង​សហគមន៍ និង​ការ​កសាង​សមត្ថភាព​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ធានា​ឱ្យ​មាន​ភាព​អនុ​លោម​តាម​បទ​ដ្ឋាន​និង​ស្តង់​ដារ​ពាក់​ព័ន្ធ​នានា​។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ (NTFP-EP)។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​អនុផល​ព្រៃឈើ​ផ្តល់​ចំណូល និង​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​មួយ​ចំណែក​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ នេះ​គឺ​ដោយ​សារ​តែ​អនុ​ផល​ព្រៃ​ឈើ ដែល​ប្រជា​ពលរដ្ឋ​ប្រមូល​បាន គឺ​ត្រឹម​តែ​លក់​សម្រាប់​ទីផ្សារ​នៅ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ខណៈ​ទីផ្សារ​នៅ​ក្រៅ​ស្រុក​មិន​ទាន់​រក​បាន​។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ ទាំង​ក្រសួង​បរិស្ថាន និង អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទពិសោធន៍​អនុផល​ព្រៃ​ឈើ ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក៏​កំពុង​ស្វះ​ស្វែង​រក​ទីផ្សារ​ក្រៅ​ស្រុក​ដែរ ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​ចង់​ឱ្យ​ប្រជាពល​រដ្ឋ​យល់​ដឹង​ឱ្យ​ច្រើន​ពី​អនុផល​ព្រៃ​ឈើ និង ធ្វើ​ការ​ផ្គត់​ផ្គង់​ឱ្យ​បាន​គ្រប់​គ្រាន់​នៅ​ក្នុង​ស្រុក​ជាមុន​សិន​៕