អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការទូត​ខ្មែរ៖ កម្ពុជា​រង​គ្រោះ​​ដោយ​សារ​​​​សិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​ហើយ

បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​ជា​គោលដៅ​តាម​ដាន​របស់​ប្រទេស​មួយ​ចំនួន អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​មួយ​ចំនួន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ខ្លះ​ផង​។ នេះ​គឺ​ជា​អ្វី​ដែល​ប្រមុខ​ការទូត​ខ្មែរ លោក ប្រាក់ សុខុន ថ្លែងការណ៍​នា​​ឱកាស​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក កាល​ពីថ្ងៃ​ទី​២២​កញ្ញា​​ម្សិលមិញ​។ ប្រមុខ​ការទូត​ខ្មែរ បាន​សង្កត់​ធ្ងន់​ថា ​​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​នយោបាយ​ ហើយ​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​​។

លោក​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក ថ្ងៃ​ទី​២២ កញ្ញា ២០១៧
លោក​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក ថ្ងៃ​ទី​២២ កញ្ញា ២០១៧ UN.org
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ជា​ភាសា​បារាំងរយៈ​ពេលជាង​​១៦នាទី លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជា​ប្រកាន់យក​គោលការណ៍​ជា​សកល​នៃ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ដូច្នេះ​កម្ពុជា​គ្មាន​បញ្ហា​ជាមួយការ​ឃ្លាំ​មើល​កាតព្វកិច្ច​របស់​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​​ឡើយ ប្រសិន​បើ​ការ​ឃ្លាំ​មើល​នោះ មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​លម្អៀង ឬ​ដោយ​វិមតិ​សង្ស័យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​​។

បើ​តាមប្រមុខ​ការទូត​ខ្មែរ ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស វា​អាស្រ័យ​ទៅ​លើ​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​របស់​ប្រទេស​មហា​អំណាច ដូច​គ្នា​ទៅ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំ​ៗ​ដែរ ដែល​របៀប​វារៈ​របស់​ពួក​គេ គឺ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ណាស់​ពី​នយោបាយ​អព្យាក្រឹត។ លោក​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​លើក​ឡើង​តែ​នៅ​ពេល​ដែល​ផល​ប្រយោជន៍​របស់​មហាអំណាច​ធំ​ៗ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ បើ​មិន​ដូច្នោះ​ទេ អ្វី​ដែល​គេ​បាន​ឮ គឺ​មាន​តែ​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ។

លោក​ប្រាក់ សុខុន សង្កត់​ធ្ងន់​ទៀត​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​នយោបាយ​ ហើយ​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​​៖ រង​គ្រោះ​ព្រោះ​តែ​សេចក្ដី​រាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ដែល​តែង​តែ​សរសេរ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​ការ​វិនិច្ឆ័យ, ថ្កោល​ទោស​រដ្ឋាភិបាល ហើយ​លើក​តម្កើង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​។ ប៉ុន្តែចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​បក្ស​ប្រឆាំង​វិញ គេ​មិន​ដែល​មាន​ឃើញ​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះឡើយ​ បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​នោះ ពន្យុះ​ឲ្យ​ពលរដ្ឋ​ទៅ​ដក​បង្គោល​ព្រំដែន ញុះញង់​បង្កើត​ភាព​ស្អប់​ខ្ពើម​ជាតិសាសន៍ និង​ផ្សព្វផ្សាយ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ​ក៏​ដោយ​។

រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ខ្មែរ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ កម្ពុជា​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​តែ ខ្លួន​បិទ​វិទ្យាស្ថាន​អន្ដរជាតិ​មួយ​ដែល​មាន​ចេតនា​គាំទ្រ​បក្ស​ប្រឆាំង​និង​រំលោភ​ច្បាប់, ប្រាប់​ឲ្យ​កាសែត​បង់​ពន្ធ​​ជូន​រដ្ឋ, និង​ចាប់​ខ្លួន​មន្ដ្រី​បក្ស​ប្រឆាំង​ម្នាក់​ដែល​សារភាព​ថា​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​មហា​អំណាច ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាល​។ ចំពោះ​រឿង​អស់​នេះ ​លោក​រដ្ឋ​មន្ដ្រី​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ប្រទេស​ណា ដែល​អត់ឱនឲ្យ​​នោះ​?

សម្រាប់​លោក ប្រាក់ សុខុន ប្រវត្តិសាស្ត្រ​បាន​បង្រៀន​កម្ពុជា​​​ថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់ ហើយការ​អនុវត្ត​​ខ្លះ​ពី​ខាង​ក្រៅ ជា​រឿយ​ៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​។ កម្ពុជា​ត្រូវ​គេ​ចោទ​ថា​រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​សារ​តែ​នៅ​ក្រោម​ច្បាប់​ជាធរមាន កម្ពុជា​កំពុង​កាត់​ទោស​និង​ដាក់​ទោសទណ្ឌ​លើ​អ្នក​ដែល​បំពាន​ច្បាប់​ទាំង​នោះ​។ នេះ​បើ​តាម​ប្រមុខ​ការទូត​កម្ពុជា​។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​​ដដែល​នេះ ប្រមុខ​ការទូត​ខ្មែរ​បញ្ជាក់​ថា ការ​ចរចារវាង​រដ្ឋាភិបាលមួយ​ចំនួន នឹង​មាន​លក្ខណៈ​សម​ហេតុផល​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដរាប​ណា​ប្រទេស​ទាំង​នោះ អនុវត្ត​ស្តង់ដារ​ដូច​គ្នា​ ដោយ​ចំពោះ​ការ​វាយ​តម្លៃ ការ​រិះគន់ និង​ការ​ថ្កោល​ទោស​របស់​ពួក​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ