អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ប្រមុខ​ការទូត​កម្ពុជាចាត់​ទុក​ សន្តិភាព ជា​អាទិភាព តែ​អ្នក​រាយការណ៍​ពិសេស​ អសប ​យល់​ផ្សេង

បើ​ទោះ​បី​ជា​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥​របស់​លោក​ស្រី និង​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​ក៏​ដោយ ក៏​ការ​ជជែក​វែក​ញែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​។ រវាង​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ និង​សិទ្ធិ​មនុស្ស ថា​តើ​មួយ​ណាមាន​អាទិភាព​​សំខាន់​ជាង​គេ? ប្រមុខ​ការទូត​កម្ពុជា តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី​១៥​ខែ​មីនា​នេះ គូស​បញ្ជាក់​ថា សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ ជា​លក្ខខណ្ឌ​ចាំ​បាច់​មិន​អាច​ខ្វះបាន​សម្រាប់​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​។ ប៉ុន្តែ​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​ពីសិទ្ធិ​មនុស្ស​នៅ​កម្ពុជា យល់​ឃើញ​ផ្សេង​។

លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ
លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់ សុខុន ចាត់​ទុក​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ជា​អាទិភាព ខណៈ​​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​ពីសិទ្ធិ​មនុស្ស​នៅ​កម្ពុជា យល់​ឃើញ​ថា បញ្ហា​សិទ្ធិ​មនុស្ស គួរ​តែ​ជា​អាទិភាព​ទី​មួយ​។

សម្រាប់​លោក​ស្រី រ៉ូណា ស្មីត សិទ្ធិ​មនុស្ស​គឺ​ចាំ​បាច់​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍដ៏​ស្ថិតស្ថេរ​ជា​និរន្ត៍​។ សិទ្ធិ​មនុស្ស​មិន​អាច​ត្រូវ​បាន​គោរព​ដោយ​អន្លើ​ៗ ឬ​មើល​រំលង​ទេ ហើយ​សិទ្ធិ​មនុស្ស​ក៏​មិន​ត្រូវ​លះ​បង់​ដែរ​។ ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​​រូប​នេះ​បញ្ជាក់​បន្ថែម​ថា សន្តិភាព​ដែល​ខ្វះ​យុត្តិធម៌ គឺ​មិន​ស្ថិតស្ថេរ​ទេ ហើយ​ការ​អភិវឌ្ឍ​ដែល​ខ្វះ​សេរីភាព គឺ​ជា​ការ​បោះ​បង់​ប្រជាជន​ចោល​។

លោក ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា ដែល​យល់​ផ្សេង​ បានសង្កត់​ធ្ងន់​​ថា សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​ទៅ​វិញ​ទេ ដែល​ជា​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​។ ហើយ​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល​។ លោក​រដ្ឋ​មន្ដ្រី ប្រាក់ សុខុន ថ្លែង​បន្ត​ថា អ្វី​ដែល​ប្រជាជន​ចង់​បាន គឺ​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ ពុំ​មែន​ការ​ផ្លាស់​ប្ដូរ​របប​តាម​រយៈ​ការ​ធ្វើ​បដិវត្ត​ពណ៌​ឡើយ​។ បន្ថែម​លើស​ពី​នេះ លោក ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ភាព​ចាំ​បាច់​នៃ​ការ​គោរព​ឯករាជ្យ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា រួម​ទាំង​អធិបតេយ្យភាព​របស់​ស្ថាប័ន​នីតិ​បញ្ញត្តិ ព្រម​ទាំង​តុលាការ​។

គួរ​ជម្រាប​ជូន​ថា ការ​ជជែក​វែក​ញែករវាង​ប្រមុខ​ការទូត​កម្ពុជា និង​លោក​ស្រី រ៉ូណា ស្មីត ស្ដី​ពី​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ និង​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃ ទី​១៤​ខែ​មីនា មុន​ពេល​លោក​ស្រី រ៉ូណា ស្មីត បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥​របស់​លោក​ស្រី នៅ​កម្ពុជា​​នា​ពេល​រសៀល​ថ្ងៃ​ដដែល​។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស្រី រ៉ូណា ស្មីត បានសម្ដែង​ក្ដី​កង្វល់​ជុំ​វិញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​លោក​ស្រី​ចាត់​ទុក​ថា បាន​ដើរ​ដល់​ផ្លូវ​បំបែក​។ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិល​មក​ដើរ​លើ​មាគ៌ា​សិទ្ធិ​មនុស្ស​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ