អានតួអត្ថបទ
កម្ពុជា-ហិរញ្ញវត្ថុ

ប្រព័ន្ធ FMIS ត្រូវ​បាន​បំពាក់​លើ​ក្រសួង​ចំនួន​១០ ខណៈ​ក្រសួង​១០​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​សាក​ល្បង

ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ហៅ​កាត់​ថា (FMIS) ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មករា​នេះ នៅ​តាម​ក្រសួង​សំខាន់ៗ​ចំនួន​១០។ ការ​ដាក់​ឲ្យ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សូហ្វីតែល ដោយ​មាន​ការ​ពន្យល់​ពី​តំណាង​ក្រសួង​ហិរញ្ញវត្ថុ ពី​សារៈ​សំខាន់​នៃ​ការ​ដាក់​ឲ្យ​មាន​ប្រព័ន្ធ​នេះ និង​មាន​ការ​គាំទ្រ​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ហ៊ាន​ សាហ៊ីប ក្នុង​ពិធី​ប្រកាស​ដាក់​​អោយ​ប្រើ​ប្រាស់ ប្រព័ន្ធ​​បច្ចេកវិទ្យា​​ព័ត៌មាន សម្រាប់​​គ្រប់​​គ្រង​​ហិរញ្ញវត្ថុ​​សាធារណៈ​​ជា​ផ្លូវ​ការ នៅ​ក្រសួង​ចំនួន​ ១០
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ហ៊ាន​ សាហ៊ីប ក្នុង​ពិធី​ប្រកាស​ដាក់​​អោយ​ប្រើ​ប្រាស់ ប្រព័ន្ធ​​បច្ចេកវិទ្យា​​ព័ត៌មាន សម្រាប់​​គ្រប់​​គ្រង​​ហិរញ្ញវត្ថុ​​សាធារណៈ​​ជា​ផ្លូវ​ការ នៅ​ក្រសួង​ចំនួន​ ១០ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ទាំង​១០​ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ រួម​មាន ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម ក្រសួង​សុខាភិបាល ក្រសួង​អប់រំ ក្រសួង​ការងារ ក្រសួង​បរិស្ថាន ក្រសួង​ប្រៃសនីយ៍ ក្រសួង​មុខងារ​សាធារណៈ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួង​កិច្ចការ​នារី។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ហ៊ាន​ សាហ៊ីប បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រមាណ​៤០០​នាក់​ថា ការ​អនុវត្ត​គម្រោង ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ នឹង​ដើរ​តួ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធភាព​និង​តម្រូវ​ការ​ជាក់​ស្តែង ក្នុង​ការ​កែ​លម្អ​ជា​ជំហានៗ នូវ​នីតិវិធី​អនុវត្ត​ការងារ​ហិរញ្ញវត្ថុ ដែល​មាន​ភាព​ស្មុគ្រ​ស្មាញ​និង​មិន​ផ្តល់​តម្លៃ​បន្ថែម ក្នុង​គោល​ដៅពង្រឹង​វិន័យ​ថវិកា។ លោក​រដ្ឋលេខាធិការ​បន្ថែម​ថា ប្រព័ន្ធ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា និង​ធន​ធាន​មិន​ចាំ​បាច់​និង​ជួយ​សម្រាល​បន្ទុក​ការងារ​របស់​មន្ត្រី​អនុវត្ត​ថវិកា និង​កិច្ចការ​ហិរញ្ញវត្ថុ។

ជា​ការ​កត់​សម្គាល់​ប្រព័ន្ធ FMIS នេះ គឺ​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​កម្មវិធី​កែ​ទម្រង់ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ និង​ដៃ​គូ​អភិវឌ្ឍ​នានា​ដូច​ជា សហភាព​អឺរ៉ុប ធនាគារ​ពិភព​លោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម​ថា​ជា​ឆ្អឹង​ខ្នង​មិន​អាច​ខ្វះ​បាន ក្នុង​ការងារ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​បរិការណ៍ សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​មុខ ឥត​ឈប់​ឈរ​របស់​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ចាត់​ទុក​ថា​ការ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ FMIS នេះ គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​រួម​ចំណែក ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ លើក​កំពស់​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន​ថវិកា​រដ្ឋ លុប​បំបាត់​ការិយាធិបតេយ្យ​ជា​ដើម។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចំពោះ​ក្រសួង​ចំនួន​១០​នា​ពេល​នេះ ក្រសួង​ហិរញ្ញវត្ថុ​ក៏​បាន​ពង្រីក​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា FMIS នេះ​ទៅ​គ្រប់​មន្ទីរ​ហិរញ្ញវត្ថុ ទាំង​២៥​ខេត្ត-រាជធានី និង​ដាក់​ឲ្យ​សាក​ល្បង​ដល់​ក្រសួង​ចំនួន​១០​ផ្សេង​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ