អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ស្រកចុះ​​

រយៈពេល​ជិត​មួយ​ខែ​គិត​ត្រឹម​ពី​ថ្ងៃ​ទី​៣០​ខែ កញ្ញា​ រហូត​មក​ដល់​ថ្ងៃ​ទី​២២​ខែ​តុលា​នេះ​ ទឹក​ជំនន់​ដែល​បាន​វាយ​លុក​ខ្លាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង​ហើយ​។ ស្ថានភាព​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ក្រុម​ការងារ​របស់​ក្រសួង​ធនធាន​ទឹក​ឧតុនិយម​បាន​ចេញ​វិធានការ​ មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​នូវ​បរិមាណ​ទឹក​ភ្លៀង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ។​ យ៉ាងណាក៏ដោយ​ មិន​មាន​ជា​ការខូចខាត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក៏​ដូច​ជា​នៅ​តាម​បណ្តា​បណ្តា ២៥ រាជធានី ខេត្ត​​នៅ​កម្ពុជា បើ​ទោះ​ជា​កន្លង​មក​បរិមាណ​ទឹក​ភ្លៀង​មាន​កម្រិត​ខ្ពស់​ក៏​ដោយ។

ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែងក្នុងទីក្រុងភ្នំពេញ។
ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ព្រឿន​ បញ្ញារី

រហូត​មក​ទល់​នេះ ទឹក​ជំនន់​ដែល​បាន​ហូរ​ធ្លាក់​ខ្លាំង​ស្ទើរ​តែ​គ្រប់​តំបន់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ស្រក​ក្នុង​កម្រិត​មួយ​ដែល​ច្រើន​ហើយ។​ លោក​ ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ធនធាន​ទឹក​ឧតុនិយម​បាន​ប្រាប់​វិទ្យុបារាំងអ​ន្តរជាតិ​ថា វិធីសាស្រ្ត​មួយ​ចំនួន​ដែល​ក្រសួង​បាន​ចេញ​វិធាន​ការ​រួម​មាន កាត់​បន្ថយ​ល្បឿន​ទឹក​ដែល​ហូរ​មក ព្រម​ទាំង បញេ្ចញ​ទ្វារ​ទឹក​ទៅ​តាម​អាង​ស្តុក​ទឹក​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​គូស​បញ្ជាក់​ថា ជាក់ស្តែង​ផ្ទៃ​រង​ទឹក​ជំនន់​នៅ​ក្នុង​ស្ទឹង​ព្រែកត្នោត​នៃ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​នឹង​ទទួល​រង​នូវ​កម្រិត​ទឹក​ជំនន់ ខ្ពស់​នៅ​ឡើយ​គឺ​ប្រមាណ​១២៥០​មែត្រគូប​នៅ​ក្នុង​មួយ​វិនាទី។ ហើយ​ទឹក​ជំនន់​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​កំពង់ស្ពឺ​នេះ នឹង​អាច​បង្ក​ការប៉ះពាល់​និង​ប្រឈម​ធ្ងន់​ធ្ងរ ដល់​ខណ្ឌដង្កោរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូចជា​តំបន់​មួយចំនួន​នៅ​ក្នុង​ខេត្ត​កណ្តាល។

ក្នុង​នោះ​ដើម្បី​ជៀសវាង​ការ​ប្រឈម​ខ្លាំង​នូវ​មហន្តរាយ​ខ្លាំង​នៅ​ក្នុង​តំបន់​តែ​មួយ ទើបក្រសួង​​សម្រេច​បង្វែរ​ និង​ស្ទាក់​ទឹក​ទុក​ខ្លះ​នៅ​តាម​ប្រឡាយ​មេ​និងអាងស្តុកទឹកមួយ​ចំនួន ដើម្បី​ការពារ​​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។

តាមពិតទៅ ទឹក​ជំនន់​បាន​ធ្វើ​ការ​វាយលុក​ខ្លាំង​នៅ​ស្ទើរ​គ្រប់​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​មិន​បាន​បង្ក​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​ទ្រព្យសម្បត្តិ ផ្ទះសម្បែង និងស្រូវស្រែចំការ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។​ ដោយឡែក លោក​ ចាន់ យុត្ថា បាន​បញ្ជាក់​ថា​មានការ​ប៉ះពាល់​តិចតួច​បំផុត​កើត​មាន​សម្រាប់​ស្រូវ​របស់​ពលរដ្ឋ​ប្រមាណ​៣០០​ទៅ​៤០០ហិចតា​។ ប៉ះពាល់ ដោយសារតែ​ទឹក​ភ្លៀង​បាន​ធ្លាក់​មក​ខ្លាំង​នៅ​ចំ​ស្រូវ​មូយ​ចំនួន​ដែល​ដុះ​នៅ​ក្បែរ​មាត់​ទឹក។

សូមបញ្ជាក់ថា រហូត​មក​ទល់​ពេល​នេះ​ទឹក​ជំនន់​បាន​គំរាមកំហែង​ប្រមាណ​ជាង​១០​ខេត្ត​នៅកម្ពុជា។​ ប៉ុន្តែ​ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ បាន​ថយចុះ​ទាំង​ស្រុង​នៅ​ក្នុង​រយៈ​ពេល​ត្រឹមតែ​២​ទៅ​៣​ថ្ងៃ។ នៅឡើយតែខេត្តកំពង់ស្ពឺ ដែល​អាច​នឹងបន្ត​ទទួល​រង​នូវ​ទឹក​ជំនន់​ជា​បន្ត​ប្រសិន​បើ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​ខាង​មុខ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ