អានតួអត្ថបទ
កម្ពុជា

ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង៖ អាជ្ញាធរ​យក​ទឹក​បង្ហូរ​ចេញ​ពី​រោងចក្រ​ទៅ​ពិសោធន៍

រោងចក្រ​បី​កន្លែង​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​បង្ហូរ​ទឹក​ចូល​ទន្លេ​ជា​បណ្ដោះ​អាសន្ន​ក្រោយ​កើត​មាន​ករណី​ពុល​ត្រី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ ការ​ផ្អាក​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​បរិស្ថាន​កំពុង​បើក​ការ​ពិសោធន៍​ទៅ​លើ​ទឹក​ដែល​រោងចក្រ​បង្ហូរ​ចូល​ទន្លេ​នោះ​ ថា​តើ​វា​​ពិត​ជា​មូលហេតុ​ធ្វើ​ឲ្យ​ត្រី​ងាប់​ឬ​យ៉ាង​ណា។

ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​
ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ @សហការី
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ការ​ពិសោធន៍​លើ​សារធាតុ​នៅ​ក្នុង​ទឹក​បង្ហូរ​ពី​រោងចក្រ​ ដែល​សង្ស័យ​ថា ជា​មូលហេតុ​នាំ​ឲ្យ​ត្រី​ពុល​ងាប់ នោះ​ធ្វើ​ឡើង​ដោយ​យក​ទឹក​ពី​ក្នុង​លូ​បង្ហូរ​ចូល​ដោយ​រោងចក្រ និង​ទឹក​ដែល​មាន​នៅ​ក្នុង​រោងចក្រ​តែ​ម្ដង បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​បរិស្ថាន​។ រហូត​មក​ទល់​ពេល​នេះ លទ្ធផល​នៃ​ការ​ពិសោធ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​។

គួរ​ជម្រាប​ជូន​ថា ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​នេះ កើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ​។ ប៉ុន្តែ​អាជ្ញាធរទើប​តែ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប៉ុនណោះ​ ហើយ​រក​ឃើញ​ថា មាន​រោងចក្រ​យ៉ាង​ហោច​ណាស់​៣ ដែល​បាន​បង្ហូរ​ទឹក​ចូល​ទៅ​កាន់​ទន្លេ ដែល​គេ​ប្រទះ​ឃើញ​ត្រី​ពុល​ងាប់​។

លោក ចាប វណ្ណី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កណ្ដាល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រោងចក្រ​ដែល​បង្ហូរ​ទឹក​ចូល​ទន្លេ​នោះ​រួម​មាន៖ រោងចក្រ​កាត់ដេរ​មួយ​កន្លែង និង​រោងចក្រ​បោក​គក់​ចំនួន​ពីរ​កន្លែង។ ក្នុង​នោះ​រោងចក្រ​បោក​គក់​បាន​បង្ហូរ​ទឹក​ចូល​ទន្លេ​ច្រើន​ជាង​គេ។ តែ​អ្នក​នាំ​ពាក្យ​ដដែល​អះអាង​ថា រោងចក្រ​បោក​គក់​មួយ​នេះ​បាន​បន្សុទ្ធ​ជាតិ​កខ្វក់​រួច​ហើយ ទើប​បង្ហូរ​ទឹក​កាត់​តាម​លូ​សាធារណៈ ដើម្បី​យក​ទៅ​ចាក់​ចោល​ក្នុង​ទន្លេ។ នេះ​បើ​តាម លោក ចាប វណ្ណី។

ជា​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន លោក ចាប វណ្ណី បញ្ជាក់​ថា បើ​ត្រី​ងាប់​ដោយ​សារ​កាក​សំណល់​ពី​រោងចក្រ នោះ​ត្រី​នឹង​ងាប់​នៅ​គៀក​កន្លែង​បង្ហូរ​ទឹក មិន​មែន​ងាប់​នៅ​ឆ្ងាយ​ពី​ទី​កន្លែង​បង្ហូរ​ទឹក​ចូល​ទន្លេ ចន្លោះ​ពី​៧​ទៅ​៨​គីឡូ​ម៉ែត្រ​នោះ​ទេ។ បើ​តាម​អាជ្ញាធរ ​ត្រី​ដែល​ងាប់​នេះ​ជា​ប្រភេទ​ត្រី​ចិញ្ចឹម​ក្នុង​បែល​របស់​ពលរដ្ឋ មិន​មែន​ជា​ត្រី​ធម្មជាតិ​ដែល​រស់​នៅ​ក្នុង​ទឹក​ទន្លេ​ឡើយ​។

ខណៈ​ដែល​គេ​ដាក់​ការ​សង្ស័យ​ថា ករណី​ងាប់​ត្រី​នេះ​អាច​បណ្ដាល​មក​ពី​សារធាតុ​ពុល​របស់​រោងចក្រ អ្នក​ជំនាញ​ខ្លះ​ទៀត​លើក​ឡើង​ថា ករណី​នេះ មួយ​ចំណែក​អាច​មក​ពី​អាកាសធាតុ​ក្ដៅ បូក​រួម​ភ្លៀង​កក់​ខែ​ក៏​ថា​បាន។ ​លោក ឡុង សុចែត ប្រធាន​សហគមន៍​នេសាទ​ថ្នាក់​ជាតិ បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​ជួប​ប្រទះ​នៅ​ទន្លេ​ឆ្មា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ ជា​ករណី​ងាប់​ត្រី​ស្រដៀង​នឹង​ស្រុក​ស្អាង​ដែរ តែ​កាល​នោះ មូលហេតុ​គឺ​ដោយ​សារ​ទឹក​ភ្លៀង​ប៉ះ​ជាមួយ​ទឹក​ទន្លេ រួម​ផ្សំ​ការ​ឡើង​កំដៅ​ផង ទើប​ធ្វើ​ឲ្យ​ត្រី​ពុល​ងាប់​ក្នុង​បរិមាណ​ច្រើន​​រហូត​ដល់​ទៅ​៦០​តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ