អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​ដុត​កម្ទេច​គ្រឿង​ញៀន​ជាង​២តោន ក្នុង​ឱកាស​ទិវា​ប្រឆាំង​គ្រឿង​ញៀន​អន្ដរជាតិ២៦​មិថុនា​

ក្នុង​ឱកាស​ទិវាប្រឆាំង​គ្រឿង​ញៀន​អន្ដរជាតិ​ អាជ្ញាធរ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦​មិថុនា​នេះ បាន​ដុត​កម្ទេច​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទ ចំនួន​ជាង​២​តោន​។ ពិធី​ដុត​កម្ទេច​គ្រឿង​ញៀន​​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ នៅ​​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ គួរ​កត់​សម្គាល់​ថា ការ​​ជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។ បច្ចុប្បន្ន​នេះ គ្រឿង​ញៀន​មិន​ត្រឹម​តែ​មាន​វត្តមាន​នៅ​តាម​ទីក្រុង​​ទេ ប៉ុន្តែ​វា​បាន​ជ្រាប​ចូល​ទៅ​ដល់​គ្រប់​ច្រក​ល្ហក​នៃ​ទី​ជនបទ​ស្រុក​ស្រែ​ចម្ការ​ថែម​ទៀត​។ អ្នក​ជំនាញ​បាន​ព្រមាន​ថា ​បញ្ហា​គ្រឿង​ញៀន​នេះ អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា ប្រសិន​បើ​គ្មាន​វិធានការ​​ការពារ​ទប់ស្កាត់​ឲ្យ​បាន​ម៉ត់ចត់​ទេ​នោះ​។ 

ការដុតបំផ្លាញគ្រឿងញៀនជាង២តោន
ការដុតបំផ្លាញគ្រឿងញៀនជាង២តោន @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​ឆ្នាំ​២០១៩​នេះ ព័ត៌មាន​អំពី​ការ​បង្ក្រាប​គ្រឿង​ញៀន ហាក់​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បង្ក្រាប​បាន​បទល្មើស​គ្រឿង​ញៀន​បាន​ជិត​៤​ពាន់​ករណី ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន​​ជាង៨​ពាន់​៣​រយ​​នាក់​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​រួម​មាន មេតំហ្វេតាមីន​ ខេតាមីន ហេរ៉ូអ៊ីន កញ្ឆា និង​ម្សៅ​សង្ស័យ​គ្រឿង​ញៀន​សរុប​ទាំង​អស់​ប្រមាណ​ ៣៤០​​គីឡូក្រាម​។

សន្ទុះ​កើន​ឡើង​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា ត្រូវ​បាន​មតិ​មួយ​ចំនួន​អបអរ​សាទរ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា សន្ទុះ​កើន​ឡើង​នេះ ក៏​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ការ​ជួញ​ដូរ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ដូច​គ្នា​ដែរ​​។ ​

សព្វ​ថ្ងៃ​នេះ ការ​ជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន មិន​មែន​មាន​តែ​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ជ្រាប​ចូល​ទៅ​ដល់​គ្រប់​ច្រក​ល្ហក​នៃ​ទី​ជនបទ ស្រុក​ស្រែ​ចម្ការ​ថែម​ទៀត​។ ​យុវជន​នៅតាម​ទី​ជនបទ​​កាន់​តែ​ច្រើន​ឡើង​ៗ បាន​​ធ្លាក់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ញៀន បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ដាក់​ចេញ​វិធានការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​ជា​បន្ត​បន្ទាប់​ក៏​ដោយ​។

លោក ម៉ក់ ជីតូ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​អះអាងពី​ការ​ប្ដេជ្ញាចិត្ត​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ករណី​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​គ្រប់​ករណី ទាំង​ករណី​តូច​ៗ​នៅ​តាម​បណ្ដា​ខេត្ត​និង​ទី​ជនបទ ទាំង​ករណី​ជួញដូរ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ឃើញ​ថា ចំពោះ​មុខ​បញ្ហា​គ្រឿង​ញៀន​ដែល​រីក​ធំ​ធាត់​ឡើង​ដូច​សព្វ​ថ្ងៃ​នេះ វិធានការ​ជាក់​លាក់​ដើម្បី​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្ទាន់ និង​ជា​ដាច់​ខាត​ ជា​ពិសេស​ការ​រឹត​បន្តឹង​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាមទី​ជនបទ និង​​ច្រក​នាំ​ចេញ​នាំ​ចូល​​នៃ​ប្រទេស​កម្ពុជា​។ ការ​ស៊ើប​អង្កេត​ប្រមូល​ភស្តុតាង​ដើម្បី​ឈាន​ទៅ​ចាប់​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ក៏​ជា​រឿង​ចាំ​បាច់ ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្តផង​ដែរ​។ សម្រាប់​អ្នក​តាម​ដាន​បញ្ហា​សង្គម ការ​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​គ្រឿង​ញៀន​នេះ រីក​ធំធាត់​ដោយ​គ្មាន​ការ​ការពារ​ទប់ស្កាត់​ឲ្យ​បាន​ម៉ត់ចត់ វា​អាច​បង្កើត​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត សម្រាប់​ប្រទេស​កម្ពុជា​​​​ផង​ក៏​ថា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ