អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ

កាលពី​ថ្ងៃ​ម្សិលមិញ អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​​សង្រ្គោះ​​ជាតិ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង ស្រប​ពេល​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​រយៈពេល​មួយ​ឆ្នាំ​គត់ គិត​ត្រឹម​ថ្ងៃទី​៣ខែ​កញ្ញា។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដែល​មាន​បណ្តាញ​អង្គការ​ជា​សមាជិក​មក​ពី​១១២​ប្រទេស កាល​ពីថ្ងៃ​ទី០៣ ខែ​កញ្ញា បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដែល​បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​នេះ​ថា ការ​បន្ត​ឃុំ​ខ្លួន និង​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ លើ​លោក កឹម សុខា ត្រូវ​តែ​បញ្ចប់​ជា​បន្ទាន់​។

លោក Debbie Stothard អគ្គ​លេខាធិការ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​បន្ត​ថា បន្ទាប់​ពី​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ ដើម្បី​មិន​ឲ្យ​លោក និង​គណបក្ស​របស់​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​គោល​ដៅ​ប្រើប្រាស់​ជា​ថ្នូរ​ឲ្យ​មាន​ការ​ចរចា​រក​វិធី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរ​ជាតិ។

ការ​ទាមទារ​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ការ​ឃុំ​ខ្លួន​លោក កឹម សុខា គ្រប់​រយៈពេល​មួយ​ឆ្នាំ​គត់ កាល​ពី​ថ្ងៃទី​០៣ ខែកញ្ញា។​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន នៅ​ម៉ោង​ប្រមាណ​​ជាង​១២ រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​លោក ​នៅ​ទួលគោក។ នៅ​ថ្ងៃទី​៥ ខែ​កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​រូប​លោក​ពីបទ “សន្ទិដ្ឋិភាព​ជា​មួយ​បរទេស” តាម​មាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី១៥ ដល់៣០​ឆ្នាំ​។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក កឹម សុខា ត្រូវ​បាន​តុលាការ​បដិសេធ​សំណើ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​៥ដង​មក​ហើយ​។ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ​នេះ ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​៦​ខែ​ថែមទៀត ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដើម្បី​បន្តធ្វើ​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ក្បត់ជាតិ​។

លោក ផែង ហេង តំណាង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា​នេះ​ថា ក្រុម​មេធាវី​បាន​ដាក់​បណ្តឹង​ជំទាស់​រួច​រាល់​ហើយ​ កាល​ពីថ្ងៃទី០៣ ខែ​កញ្ញា ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ៦ខែ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ