អានតួអត្ថបទ
កម្ពុជា-វៀតណាម

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «សមាគម​វៀតណាម​នៅ​កម្ពុជា» បង្ហោះ​សារ​ប្រមាថ​ក្សត្រ​ខ្មែរ

នៅ​ថ្ងៃ​សៅរ៍​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ដាក់​ឈ្មោះថា សមាគម​វៀតណាម​នៅ​កម្ពុជា បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ប្រមាថ​ព្រះ​មហាក្សត្រ​​កម្ពុជា​។ នៅ​លើ​បណ្ដាញ​សង្គម ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឃើញ​សារ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ ចាត់​វិធានការ​ចំពោះ​សមាគម​នេះ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមាគម​នេះ គ្មាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទេ​។

ទំព័រ​ហ្វេសប៊ុក «សមាគម​វៀតណាម​នៅ​កម្ពុជា» ដែល​បង្ហោះ​សារ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះ​មហាក្សត្រ​ខ្មែរ ថ្ងៃ​ទី​២១ តុលា ២០១៧
ទំព័រ​ហ្វេសប៊ុក «សមាគម​វៀតណាម​នៅ​កម្ពុជា» ដែល​បង្ហោះ​សារ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះ​មហាក្សត្រ​ខ្មែរ ថ្ងៃ​ទី​២១ តុលា ២០១៧ RFI
ផ្សាយពាណិជ្ជកម្ម

សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហមុនី ឡាយ​ព្រះហត្តលេខា​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ឬ​បើក​ផ្លូវ​ឲ្យ​មាន​អ្នក​ចុះ​ហត្ថលេខា​ជំនួស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ទំព័រ​ហ្វេសប៊ុក​នេះ ទាមទារ​ឲ្យ​ព្រះ​មហាក្សត្រ​ខ្មែរ ចុះ​ចេញ​ពី​រាជ​បល្ល័ង្គ ហើយ​មក​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ប្រទេស​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​។ នេះ​បើ​តាម​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា​។

សំណេរ​ដែល​មាន​ខ្លឹមសារ​ប្រមាថ​លើ​ព្រះ​មហាក្សត្រ​ខ្មែរ​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែលជា​ជន​ជាតិ​ខ្មែរ ក្ដៅ​ស្លឹក​ត្រចៀក​។ អ្នក​ខ្លះ​បញ្ចេញ​មតិ​រិះគន់ ជេរ​ប្រមាថ ត្រឡប់​ទៅ​វិញ​។ ចំណែក​មួយ​ចំនួន​ទៀត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ​។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ទំព័រ​ហ្វេសប៊ុក​សមាគម​វៀតណាម​នៅ​កម្ពុជា សរសេរ​សារ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះ​មហាក្សត្រ​ខ្មែរ​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក​របស់​ក្រសួង​មហាផ្ទៃ សមាគម​នេះ គ្មាន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​ទេ​។ ហើយ​ម្ចាស់​ទំព័រ​នេះ ក៏​មិន​រស់​នៅ​ស្រុក​ខ្មែរ​ដែរ​។ ដូច្នេះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​ក្រសួង ក្នុង​ការ​ចាត់​វិធានការ​។ យ៉ាង​ណា​ក៏​ដោយ លោក ខៀវ សុភ័គ អះអាង​ថា ក្រសួង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ចាត់​ការ​ចំពោះ​រាល់​ការ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ​។

សូម​រំឭក​ជូន​ថា ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​ជា​រឿយ​ៗ​តែង​តែ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ និង​លើក​តម្កើក​គណបក្ស​ប្រជាជន​កម្ពុជា​។ កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​២០១៧ ទំព័រ​ហ្វេសប៊ុក​នេះ​ក៏​បាន​សរសេរ​សារ​ប្រមាថ​ព្រះ​រាជា​ខ្មែរ​ដែរ។ កាល​ណោះ សមាគម​សហព័ន្ធ​ខ្មែរវៀតណាម នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ច្រាន​ចោល ការ​ប្រើ​ប្រាស់​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា វាយ​ប្រហារ​ប្រមាថ ទៅ​លើ​ព្រះ​មហា​ក្សត្រ​កម្ពុជា ។ គណៈកម្មាធិការ​កណ្តាល​សមាគម ក៏​បាន​អំពាវនាវ ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​ ​ចំពោះ​ជន​ក្លែង​បន្លំ​ហ្វេស​ប៊ុក​សមាគម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​សមាគម និង​ជា​ការ​ញុះ​ញង់​មួយ​មិន​អាច​ទទួល​យក​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ