rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វេសប៊ុក បច្ចេកវិទ្យា សិទ្ធិសេរីភាព សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Facebook នឹងធ្វើ​ចំណាត់​ថ្នាក់​នៃ “ប្រភព​ព័ត៌មាន​គួរ​ទុកចិត្ត​បាន” ដែល​គេ​ចែកចាយ​

media
Facebook គឺជាបណ្តាញ​សង្គមធំ​ជាង​គេ​បង្អស់ ដែល​មាន​អ្នក​ប្រើប្រាស់​ ប្រមាណ​​២ពាន់​លាននាក់​ ក្នុង​មួយខែ។ REUTERS/Dado Ruvic/File Photo

យោងតាមការប្រកាស របស់នាយកក្រុមហ៊ុនFacebook នៅថ្ងៃសៅរ៍ទី ២០មករា​នេះ បានឲ្យដឹងថា Facebook នឹងបង្កើតប្រព័ន្ធពិសេសមួយ ដើម្បីចាប់ផ្តើម ធ្វើចំណាត់ថ្នាក់ លើប្រភពព័ត៌មាន ដែលគួរ​ទុកចិត្ត​បាន ដែលគេចែកចាយតៗគ្នា នៅលើFacebook។ ចំណាត់ថ្នាក់នេះ នឹងអនុញ្ញាត ឲ្យ​Facebook ​លុប​ចោល ឬដកចេញមិនឲ្យលោតបង្ហាញ នូវព័ត៌មាន ឬសារណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ​ហើយ​អាច​ជា​ព័ត៌មាន​ក្លែងក្លាយ ​បំផុសបំផុល ​និង​ពន្យុះ ឲ្យ​មនុស្ស​ផ្អើល​ជាដើម។


បច្ចុប្បន្ននេះ ជារៀងរាល់ខែ​ មានអ្នកចូលទៅបើកទំព័រFacebook ប្រមាណជា២ពាន់លាននាក់ នៅទូទាំងពិភពលោក។ Facebook បានក្លាយជាប្រព័ន្ធចែកចាយព័ត៌មាន និងដំណឹងគ្រប់មុខ យ៉ាងលឿនរហ័ស។​ តែទន្ទឹមនឹងនេះ ព័ត៌មាន ដំណឹង ឬសារឃោសនានានា មិនអាចសុទ្ធតែមានប្រភពគួរឲ្យទុកចិត្តបាននោះទេ។ ជាច្រើនលើកច្រើនសារមកហើយ ដែលជាអាជ្ញាធរប្រទេសមួយចំនួន បានដាក់សំពាធទៅលើFacebook ឲ្យចាត់វិធានការទប់ស្កាត់បញ្ហានេះ។

លោកនាយកFacebook បានសរសេរនៅលើទំព័ររបស់ខ្លួន នៅថ្ងៃសៅរ៍នេះថា៖ បច្ចុប្បន្ននេះ នៅលើFacebook មានដំណឹង សារជាអក្ស ឬជារូបភាព ដែលមានលក្ខណៈ និងកម្មវត្ថុ ធ្វើឲ្យអ្នកមើលផ្សេងទៀត ភ័យរន្ធត់ តក់ស្លុត ពុះកញ្ជ្រោល និងផ្អើលឈូរឆ ហួសហេតុពេក។ លោកបន្តថា៖ បណ្តាញសង្គមFacebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មាន​ និងសារនានា ដោយសេរី និងរហ័ស។ ដូច្នេះ យើងត្រូវតែចាត់វិធានការទប់ស្កាត់ ចំពោះបញ្ហាព័ត៌មានមិនពិត បំផុសបំផុលបង្អើលមនុស្សនេះ ឲ្យបានទាន់ពេលវេលា ពុំនោះទេ វានឹងអាចហុចផលអាក្រក់ទៅដល់សង្គម

យោងតាមការប្រកាសនេះ Facebook នឹងចាប់ផ្តើមចាប់ពីសប្តាហ៍ក្រោយទៅ នូវប្រព័ន្ធពិសេសមួយ ដើម្បីធ្វើចំណាត់ថ្នាក់ ទៅលើប្រភពព័ត៌មាន ដែលគេចែកចាយ នៅលើFacebook មិនថាព័ត៌មានដែល​ចែកចាយ ដោយទំព័ររបស់ប្រភពព័ត៌មានផ្ទាល់ ឬក៏ជាការ​ចែកចាយ​តៗ​គ្នា រវាងអ្នកប្រើប្រាស់ទេ។ ព័ត៌មានណា ដែលមានប្រភពមិនច្បាស់លាស់ មិនពិតប្រាកដ មិនផ្លូវការ នឹងត្រូវលប់ចោល មិនឲ្យលោតចេញ​មកលើ​ទំព័រដើមបច្ចុប្បន្នភាព របស់អ្នកប្រើប្រាស់ ផ្សេងទៀតឡើយ។

ក្រុមហ៊ុនFacebook បានបញ្ជាក់ថា ដើមឡើយ ក្រុមហ៊ុនចង់ធ្វើតារាងប្រភពព័ត៌មាន ដោយអ្នកជំនាញរបស់ខ្លួនផ្ទាល់។ តែទីបំផុតទៅ ក្រោយការពិចារណា វិធីដែល្អ គឺប្រព័ន្ធថ្មីកំណត់ចំណាត់ថ្នាក់នេះ គឺ​Facebook នឹងធ្វើការអង្កេត ដោយមានការចូលរួមពីអ្នកប្រើប្រាស់ទូទៅ​ ដែលត្រូវបញ្ចេញយោបល់ ផ្តល់ទំនុកចិត្តដល់ប្រភពនីមួយៗ។​ ហើយ​ចំណាត់ថ្នាក់នេះ គឺត្រូវកំណត់ទៅតាមប្រទេស និងតំបន់នីមួយៗដែរ។

គួរកត់សំគាល់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ចុងឆ្នាំ២០១៦ Facebook ត្រូវបានគេចោទប្រកាន់ ថាបានបើកដៃឲ្យមានចរាចរណ៍ ចែកចាយ នូវព័ត៌មានមិនពិត ដំណឹងបោកប្រាស់ បំផុសបំផុលបំភ័ន្តមតិមហាជន។ បើតាមការអះអាងរបស់នាយក​Facebook ព័ត៌មានប្រភេទបែបនេះ ត្រូវបានកាត់បន្ថយចំនួន​២០%ហើយ​ ក្នុងរវាងឆ្នាំ២០១៧កន្លងមកនេះ៕